FIFA
កីឡាជាតិ
ជាតិ
អាស៊ាន
លោក ខៀវ សាម៉េត បន្តជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ានអាណត្តិថ្មី
14, Nov 2022 , 2:30 pm        
រូបភាព
លោកខៀវ សាម៉េត (កណ្តាល) នាមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ានលើកទី២៩ ឆ្នាំ២០២២ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើឡើងនៅសណ្ឋាគារ Sofitel ខេត្តសៀមរាប។ រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោកខៀវ សាម៉េត (កណ្តាល) នាមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ានលើកទី២៩ ឆ្នាំ២០២២ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើឡើងនៅសណ្ឋាគារ Sofitel ខេត្តសៀមរាប។ រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក ខៀវ សាម៉េត បន្តកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) អាណត្តិថ្មី បន្ទាប់ពីទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេនៅមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ានលើកទី២៩ ឆ្នាំ២០២២ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើឡើងនៅសណ្ឋាគារ Sofitel ខេត្តសៀមរាប។

លោក ខៀវ សាម៉េត ត្រូ​វបានសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ានផ្តល់សំឡេងឆ្នោត គាំទ្រឲ្យធ្វើជាប្រធានក្នុងអាណត្ដិថ្មីគិតចាប់ពីចុងឆ្នាំ២០២២ ដល់២០២៦។ ជាមួយគ្នានេះដែរ លោក Pengiran Matusin Bin Pengiran របស់ព្រុយណេ, លោក Maaike Ira Puspita របស់ឥណ្ឌូណេស៊ី និង លោក Francisco Martins da Costa Pereira Jerónimo របស់ទីម័រខាងកើត ត្រូវបានគាំទ្រឲ្យជាប់ជាអនុប្រធានសហព័ន្ធ។ រីឯ លោកស្រី Teo Chwee Lian Julie របស់សិង្ហបុរី ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាស្ដ្រី។
  

លោក ខៀវ សាម៉េត សំណេះសំណាល ជាមួយភ្ញៀវអន្ដរជាតិ ក្នុងមហាសន្និបាតលើកទី២៩
 
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ហៅកាត់ AFF បានប្រជុំមហាសន្និបាតលើកទី២៩ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា។ មហាសន្និបាតនេះ  ក៏មានការបោះឆ្នោត ដែលចូលរួមពីសមាជិកនៃសមាគម និងសហព័ន្ធបាល់ទាត់នៃបណ្ដាលប្រទេសជា សមាជិកចំនួន១២ មានកម្ពុជា ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ថៃ វៀតណាម ហ្វីលីពីន ទីម័រខាងកើត អូស្ដ្រាលី និងសិង្ហបុរី។ កិច្ចប្រជុំដដែរនេះ ក៏មានការចូលរួម ពីតំណាងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ប្រធានសហព័ន្ធកីឡាបាល់ទាត់ និងសមាគមន៍បាល់ទាត់ ក្នុងតំបន់អាស៊ី រួមទាំងដៃគូពាណិជ្ជកម្មសហព័ន្ធកីឡាបាល់ទាត់អាស៊ានផង។
 
លោក ខៀវ សាម៉េត បានបង្ហាញការសប្បាយចិត្តចំពោះការគាំទ្រ និងការសហការគ្នារវាងសមាជិក AFF ទាំងអស់ថា ប្រសិនជាគ្មានអ្នកទាំងនោះទេ  AFF នឹងមិនអាចរីកចម្រើនបានទេ។«បើគ្មានការណែនាំ ការសហការ ខ្ញុំនឹងមិនអាចសម្រេចលទ្ធផលដូចថ្ងៃនេះទេ។ ខ្ញុំអរគុណ អ្នកទាំងអស់គ្នាដែលជឿងជាក់លើខ្ញុំ។ ខ្ញុំ នឹងប្រឹងប្រែងក្នុងការដឹកនាំបាល់ទាត់អាស៊ាន រួមទាំងសមាជិកទាំងអស់គ្នា។»។
 
គួរបញ្ជាក់ផងដែរ លោក ខៀវ សាម៉េត ត្រូវបានតែងតាំងជាប្រធានជាលើកទី២ បន្ទាប់ពីអាណត្ដិទី១ របស់លោកចាប់ផ្ដើមពីឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២២។  ចាប់តាំងពីបង្កើត AFF នាឆ្នាំ១៩៨៤ មកទល់ពេលនេះ មានប្រធានចំនួន៥រូបហើយ ដោយលោក ខៀវ សាម៉េត គឺប្រធានទី៥៕
 
 

Tag:
 បាល់ទាត់
  AFF
  Asean Football Federation
© រក្សាសិទ្ធិដោយ thmeythmey.com