ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
ប្រធានអាស៊ាន រង់ចាំមើលប្រតិកម្មពីមីយ៉ាន់ម៉ាសិន ទើបបញ្ជូនប្រេសិតពិសេសទៅជាលើកទី៣
14, Nov 2022 , 2:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្នីសីទកាសែតស្តីពីការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២២។
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្នីសីទកាសែតស្តីពីការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២២។
កម្ពុជា​​ដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ មានផែនការបញ្ជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រេសិតពិសេសអាស៊ាន ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី៣ ដើម្បីដោះស្រាយភាពអូសបន្លាយនៃវិបត្តិនយោបាយនៅក្នុងប្រទេសនេះ។ ប៉ុន្តែ ការសម្រេចបញ្ជូនប្រេសិតពិសេសអាស៊ាននេះ​ ត្រូវរង់ចាំមើលប្រតិកម្មពីមីយ៉ាន់ម៉ា សិន ខណៈពេលកម្ពុជា​ នៅជាប្រធានអាស៊ាន ជាង១ខែទៀត។​
 
«​ នៅសល់ពេលវេលា ជាងមួយខែទៀត ដែលយើងត្រូវសម្រេចចិត្តថា ទៅ ឬមិនទៅ[នៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន]។ ខ្ញុំមិនទាន់អះអាងឱ្យបានច្បាស់ ថាទៅ ឬមិនទៅនោះទេ! ព្រោះវានៅសល់ពេលវេលាដើម្បីពិចារណាថាគួរទៅ[មីយ៉ាន់ម៉ា] ឬអត់!»។​​ សម្តេច ហ៊ុន សែន បានថ្លែងបែបនេះក្នុងសន្នីសិទកាសែត ស្តីពីការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាល្ងាចថ្ងៃទី១៣វិច្ឆិកា។
 
ការរង់ចាំមើលប្រតិកម្មពីមីយ៉ាន់ម៉ានេះ គឺក្រោយពេលកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំដៃគូពាក់ព័ន្ធ លើកទី៤០ និង៤១ លើកពីស្ថានភាពនយោបាយមីយ៉ាន់ម៉ា មកពិភាក្សាគ្នាច្រើន ដោយមើលឃើញថា ស្ថានភាពមីយ៉ាន់ម៉ា កំពុងមានភាពផុយស្រួយ និងមានអំពើហិង្សាកើតឡើងច្រើន ខណៈដំណើរការប្រជាធិបតេយ្យកំពុងដើរថយក្រោយ។ 
 
ស្របពេលកិច្ចប្រជុំកំពូលអាស៊ាននេះ កំពុងដំណើរការនៅកម្ពុជានោះ របបយោធាមីយ៉ាន់ម៉ា ក៏ចេញសេចក្តីថ្លែងការណ៍មួយ ច្រានចោលរាល់ការវាយតម្លៃ និងសេចក្តីសម្រេចចិត្តរបស់អាស៊ាន។ មីយ៉ាន់ម៉ា បានបកស្រាយវិញថា អាស៊ានកំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសខ្លួន ដែលផ្ទុយពីធម្មនុញ្ញអាស៊ាន។

អត្ថបទទាក់ទង
 
កន្លងមកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារទៅមីយ៉ាន់ម៉ា ២លើកហើយ កាលពីចុងខែមីនា និង ខែមិថុនា ឆ្នាំ២០២២ ។ គោលបំណងសំខាន់របស់ប្រតិភូប្រេសិតពិសេសរបស់ប្រធានអាស៊ាន នៅមីយ៉ាន់ម៉ានោះ គឺដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដែលឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់។
 
ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ាននេះ បន្តផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។
 
ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។
 
ដោយឡែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ទៅកាន់មីយ៉ាន់ម៉ា កាលពីអំឡុងខែមករា ដើមឆ្នាំនេះដែរ ។ មិនត្រឹមតែទៅទស្សនកិច្ចនោះទេ សម្ដេច ក៏ធ្លាប់បានទំនាក់ទំនងតាមទូរសព្ទផ្ទាល់ជាមួយគ្នាទៀតផង៕
 

Tag:
 ប្រេសិតពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com