អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក៖ វ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មលើបណ្ដាញផ្គត់ផ្គង់វិស័យយោធារុស្ស៊ី
14, Nov 2022 , 10:29 pm        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ចាណេត យេលេន។ រូបថត Xinhua
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ចាណេត យេលេន។ រូបថត Xinhua
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោកស្រី ចាណេត យេលេន នៅថ្ងៃទី១៤ ខែវិច្ឆិកាបានព្រមានថា អាម៉េរិកនឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុនអន្តរជាតិនានា ដែលធ្វើការជាមួយរុស្ស៊ីដើម្បីអភិវឌ្ឍបច្ចេកវិទ្យាយោធាសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោកស្រី ចាណេត យេលេន ប្រាប់ទីភ្នាក់ងារព័ត៌មានថា អាម៉េរិកនឹងដាក់ទណ្ឌកម្មលើបុគ្គល១៤រូប និងអង្គភាពចំនួន២៨ រួមទាំងអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ដែលជាបណ្តាញផ្គត់ផ្គង់វិស័យយោធារុស្ស៊ី ដើម្បីជំរុញប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោកស្រី យេលេន បានបដិសេធ មិនផ្តល់ព័ត៌មានលម្អិតអំពីអ្នកទាំងនោះឡើយ។ 
 
«នេះជាផ្នែកនៃកិច្ចប្រឹងប្រែងដ៏ធំរបស់យើង ដើម្បីបង្អាក់ការធ្វើសង្គ្រាមរបស់រុស្ស៊ី និងរាំងខ្ទប់ឧបករណ៍សង្គ្រាមដែលរុស្ស៊ីត្រូវការ តាមរយៈការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ»។ លោកស្រី យេលេន បានលើកឡើងបែបនេះ ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីរបៀបដាក់ទណ្ឌកម្មឡើយ។
 
កន្លងមក រតនាគារអាម៉េរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាសំខាន់ៗនៅរុស្ស៊ី ហើយក្រសួងពាណិជ្ជកម្មអាម៉េរិកបានកាត់ផ្តាច់ការនាំចេញសមាសធាតុផលិតសព្វាវុធរបស់ខ្លួន បូករួមទាំងបច្ចេកវិទ្យាដែលត្រូវប្រើនៅក្នុងការផលិតសព្វាវុធយោធាមួយចំនួនរបស់រុស្ស៊ីផងដែរ។ បើតាមលោកស្រី យេលេន រឿងទាំងអស់នោះកំពុង​មាន​ឥទ្ធិពល​ជួយរុស្ស៊ីរួច​ទៅ​ហើយ​ចំពោះសមរភូមិ​​នៅអ៊ុយក្រែន។
 
លើសពីនេះ រុស្ស៊ីត្រូវបានសង្ស័យថាទិញដ្រូនពីអ៊ីរ៉ង់ ដែលត្រូវបានប្រើដើម្បីវាយប្រហារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ុយក្រែន។ អង្គភាព និងឧស្សាហកម្មយោធាអ៊ីរ៉ង់កំពុងស្ថិតក្រោមទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីអាម៉េរិកលើកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន។ ការដាក់ទណ្ឌកម្មបន្ថែមលើកនេះនៅមិនច្បាស់មានទាក់ទងនឹងរឿងដ្រូននោះដែរ។ លោកស្រី យេលេន ក៏បាននិយាយផងដែរថា អាម៉េរិកនឹងបន្តគាំទ្រអ៊ុយក្រែនជាមួយជំនួយផ្នែកហិរញ្ញវត្ថុ។ 
 
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានស្នើទៅសភាឱ្យអនុម័តការផ្ដល់ជំនួយបន្ថែមទៅអ៊ុយក្រែនប្រមាណ៤,៥ពាន់លានដុល្លារជាជំនួយមិនមែនយោធា។ មកដល់ពេលនេះ អាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខជាង១៨ពាន់លានដុល្លារដល់អ៊ុយក្រែនគិតចាប់តាំងពីខែមករា ឆ្នាំ២០២១៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com