អន្តរជាតិ
មន្ត្រីបក្សប្រឆាំងកូរ៉េខាងត្បូងចំអកថា សកម្មភាពស្ត្រីទីមួយទៅសួរសុខទុក្ខកុមារខ្មែរ គឺជាការសម្តែង
14, Nov 2022 , 4:50 pm        
រូបភាព
ដោយ: ធីតា
សមាជិកសភាម្នាក់ពីបក្សប្រឆាំងនៅកូរ៉េខាងត្បូង បានចោទប្រកាន់ស្ត្រីទីមួយ លោកស្រី Kim Keon-hee ថា បានសម្តែងធ្វើជាទៅសួរសុខទុក្ខកុមារមានជំងឺម្នាក់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃទី១៤ ខែវិច្ឆិកា។
 
«ប្រសិនបើអ្នកចង់ត្រាប់តាម សូមត្រាប់តាមដោយបេះដូង និងការលះបង់ មិនមែនតាមសម្លៀកបំពាក់ ហើយបង្ហោះនោះឡើយ»។ លោក Kim Yong-min មកពីគណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សប្រឆាំង បានសរសេរយ៉ាងដូច្នេះនៅលើហ្វេសប៊ុកខ្លួន ដោយបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា អ្នកនឹងចាកឆ្ងាយពីទង្វើមិនល្អ ដោយប្រើប្រាស់ការឈឺចាប់អ្នកដទៃ គឺគ្រឿងលម្អរខ្លួន»។
 
កាលពីថ្ងៃសៅរ៍ Yonhap ដដែលបានផ្សាយព័ត៌មាន និងរូបថតអំពីស្ត្រីទីមួយកូរ៉េខាងត្បូង លោកស្រី Kim Keon-hee កាលពីថ្ងៃសៅរ៍ បានទៅសួរសុខទុក្ខកុមារខ្មែរម្នាក់ដែលមានជំងឺបេះដូង ដល់ផ្ទះ។ កាយវិការបែបនេះ គឺលោកស្រីចង់ផ្តល់កម្លាំងចិត្តចំពោះក្រុមគ្រួសារអ្នកជំងឺ កុំបោះបង់ការព្យាយាមទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
 
ប្រភពពីការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា កុមារអាយុ១៤ឆ្នាំរូបនោះ មានជំងឺបេះដូងពីកំណើត។ តាមការគ្រោងទុក គេត្រូវជួបលោកស្រី Kim Keon-hee នៅមន្ទីរពេទ្យ Hebron Medical Center ក្នុងរាជធានីភ្នំពេញ ដែលកសាងដោយវេជ្ជបណ្ឌិតកូរ៉េខាងត្បូង Kim Woo-jung កាលពីឆ្នាំ២០០៧។
 
ដោយសារកុមាររូបនោះ មិនសូវស្រួលខ្លួន ទើបលោកស្រី Kim បានសម្រេចចិត្តទៅផ្ទះរបស់គេដោយផ្ទាល់។ 
 
«សូមឆាប់ជាសះស្បើយ ហើយចាំជួបគ្នានៅកូរ៉េខាងត្បូង»។ លោកស្រីបាននិយាយបែបនេះទៅកាន់កុមារដែលជាអ្នកជំងឺ ដោយទៅថែមទាំងនិយាយទៅកាន់ក្រុមគ្រួសារកុមារថា៖ «ក្តីសង្ឃឹមនៅតែមាន សូមកុំបោះបង់ក្នុងកាលៈទេសៈណាក៏ដោយ ហើយបន្តទៅមុខ»។
 
តាមការផ្សាយរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ឪពុករបស់កុមារនោះ បានស្លាប់មុនពេលគេកើត ហើយម្តាយ និងបងប្រុសសុទ្ធតែមានសុខភាពមិនល្អទេ។ កុមារកម្សត់ស្ថិតក្រោមការមើលថែទាំពីបងស្រីសាច់ថ្លែម្នាក់ ដែលមានរបរជាអ្នកអនាម័យ។
 
លោកស្រី Kim បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ដោយអមដំណើរជាមួយលោកប្រធានាធិបតី Yoon Suk-yeol ដែលជាស្វាមី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
 
ក្រុមអ្នករិះគន់កូរ៉េខាងត្បូង បានចាត់ទុកសកម្មភាពភរិយាប្រធានាធិបតីថា សម្តែងធ្វើជាមនុស្សធម៌ ដោយតាមរូបភាព គឺអង្គុយបីកុមារអ្នកជំងឺ ហើយដាក់ត្រាប់តាមអតីតតារាភាពយន្ត Audrey Hepburn។
 
 
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្សកាន់អំណាច PPP បានការពារចំពោះសកម្មភាពដ៏ល្អរបស់លោកស្រី Kim ដែលមានលក្ខណៈដូចគ្នាទៅនឹងដំណើរទស្សនកិច្ចតែម្នាក់ឯងរបស់អតីតស្ត្រីទីមួយ Kim Jung-sook ភរិយាអតីតប្រធានាធិបតី Moon Jae-in នៅឥណ្ឌា កាលពីឆ្នាំ២០១៨។
 
«វាជារឿងដ៏គួរឲ្យអស់សំណើច ដែលថា អ្វីដែលលោកស្រី Kim Jung-sook ធ្វើ ជារឿងល្អ ហើយអ្វីដែលលោកស្រី Kim Keon-hee ធ្វើ ជាមហន្តរាយ»។ លោក Kim Ki-hyeon ពីគណបក្ស PPP បានប្រតិកម្មតបបែបនេះ ដោយកោតសរសើរស្ត្រីទីមួយ ដែលមិនដើរតួជាអ្នកទេសចរ តែបែរជាទៅសួរសុខទុក្ខ និងជួយមនុស្សដែលមានស្ថានភាពពិបាក។ 
 
លោកថា សកម្មភាពនេះ គឺល្អជាងការសម្តែងរបស់ Audrey Hepburn រាប់រយ រាប់ពាន់ដង។ លោក Yoon Sang-hyun ពីគណបក្សកាន់អំណាចដូចគ្នា អះអាងផងដែរថា ស្ត្រីទីមួយកូរ៉េខាងត្បូង បានធ្វើកិច្ចការដ៏ត្រឹមត្រូវនៅកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com