COVID-19
ជាតិ
ប្រតិភូកម្ពុជាត្រូវវិលពីឥណ្ឌូណេស៊ី ដោយសារសម្តេច ហ៊ុន សែន តេស្តវិជ្ជមានកូវីដ-១៩
15, Nov 2022 , 8:56 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តេស្តឃើញវិជ្ជមានកូវីដ-១៩ ខណៈដែលសម្តេចត្រៀមចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះនៅលើហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា នេះ។
 
សម្តេចបានបញ្ជាក់ថា មុនចេញពីកម្ពុជា សម្តេចបានធ្វើតេស្តរាល់ថ្ងៃ ជាពិសេសមុនពេលចេញដំណើរទៅឥណ្ឌូណេស៊ី តាមរយៈការធ្វើតេស្តរហ័សមុនឡើងយន្តហោះ ហើយក៏មិនឃើញមាននោះដែរ។ «ខ្ញុំមិនច្បាស់ថាមេរោគនេះ មកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូណេស៊ីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ-១៩»។
 
សម្តេច ហ៊ុន សែន បានលើកឡើងថា ជាសំណាងមួយ ដែលសម្តេចទៅដល់ឥណ្ឌូណេស៊ីយឺត ហើយខកខានចូលរួមអាហារពេលល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ក្រោមការរៀបចំរបស់ប្រធានាធិបតីបារាំង។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនថា៖ «ដើម្បីសុវត្ថិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ាន យើងកំពុងចរចាប្រគល់ជូនឥណ្ឌូណេស៊ីជាតំណាងតែម្តង»។
 
ករណីនេះ សម្តេចក៏ត្រូវអាក់ខានជំនួបដែលបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងបារាំង នៅក្រុងបាងកក នាឱកាសនៃកិច្ចប្រជុំ APEC ផងដែរ។ សម្តេចសរសេរបន្ថែមថា៖ «ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ»៕
 

Tag:
 G20
© រក្សាសិទ្ធិដោយ thmeythmey.com