សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមបានក្លាយជាប្រទេសទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
15, Nov 2022 , 9:29 pm        
រូបភាព
បុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន SAMSUNG ប្រទេសវៀតណាម។ រូបភាពពី VietnamPlus ។
បុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន SAMSUNG ប្រទេសវៀតណាម។ រូបភាពពី VietnamPlus ។
វៀតណាមគឺជាគោលដៅសម្រាប់ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសទាក់ទាញការវិនិយោគបរទេសក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់។ ទន្ទឹមនេះ​ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងអតិផរណា និងគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនយ៉ាងរហ័សរបស់វៀតណាម ក៏បានជួយឱ្យសេដ្ឋកិច្ចប្រទេសមួយនេះរីកចម្រើនប្រកបដោយស្ថិរភាព។


បណ្តាក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកដូចជា Apple, Samsung, Google បានពង្រីក និងផ្លាស់ប្តូរផលិតកម្មទៅកាន់វៀតណាម។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចាប់យកឱកាសវិនិយោគលើផលិតកម្មបច្ចេកវិទ្យា រាប់ចាប់ពីការកាត់បន្ថយពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី រហូតដល់ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរទៅរកការអភិវឌ្ឍបៃតង។
 
ការកាត់បន្ថយរឹតត្បិតលើការវិនិយោគ​ ជាកំណែទម្រង់ដ៏ប្រសើរ ដែលបង្កនូវបរិយាកាសក្នុងការទាក់ទាញវិនិយោគិនពីបរទេសមកអភិវឌ្ឍក្នុងស្រុកកាន់តែច្រើន។ លោក Brian Lee Shun Rong អ្នកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៃធនាគារវិនិយោគ Maybank សិង្ហបុរីបានឱ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានក្លាយជាប្រទេសដែលមានការរឹតបន្តឹងទាបបំផុតទី២ ក្នុងអាស៊ាន បន្ទាប់ពីសិង្ហបុរីលើសន្ទស្សន៍រឹតបន្តឹងការគ្រប់គ្រងការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍(OECD) ក្នុងវិស័យធុរកិច្ច ដើម្បីតាមទាន់ប្រទេសផ្សេងទៀតក្នុងតំបន់ ជាមួយការបង្កើនគុណសម្បត្តិប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគពីបរទេស»។
 
ចំណែកលោក Benoit Tellier ដែលជាអ្នកគ្រប់គ្រងបច្ចេកទេសរបស់ក្រុមហ៊ុន Linagora បារាំងក៏បានមើលឃើញពីសក្តានុពលឧស្សាហកម្មឌីជីថលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ ពិសេស ធនធានមនុស្ស ដោយវៀតណាមមានវិស្វករក្មេងៗដែលទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព គឺជាធនធានឈានមុខគេសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍក្នុងវិស័យមួយនេះ។ 
 
លើសពីនេះ វៀតណាមបានកំពុងព្យាយាមរក្សាការគ្រប់គ្រងអតិផរណា និងធានាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងគោលនយោបាយបត់បែន និងប្រុងប្រយ័ត្នបំផុត។ ប្រទេសមួយនេះបំណងក្នុងការគ្រប់គ្រងអតិផរណាកម្រិត ៤ភាគរយនៅក្នុងឆ្នាំនេះ។ នេះបើតាមសារព័ត៌មាន Asia Financial។ 
 
លោក Raymond Mallon អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) បានលើកឡើងថា ៖« ខ្ញុំគិតថារដ្ឋាភិបាលវៀតណាមមានភាពសកម្មមែនទែន ហើយរហូតមកដល់ពេលនេះ អតិផរណាគឺស្ថិតនៅក្រោមការគ្រប់គ្រង។ យើងមិនអាចនិយាយបានទេថាវៀតណាម គ្មានសម្ពាធអតិផរណា» ។ 
 
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថាន AVPI រូបនេះ បានបន្តថា  វិស័យថាមពល និងការដឹកជញ្ជូនកំពុងតែដាក់សម្ពាធដល់រដ្ឋាភិបាល ចំណែកវិស័យម្ហូបអាហារ ការអប់រំ សុខាភិបាល អតិផរណាគឺស្ថិតនៅក្រោមការគ្រប់គ្រង។ លោកជឿជាក់ថា វៀតណាមអាចគ្រប់គ្រងអតិផរណាក្នុងគោលដៅដែលបានកំណត់៕ 
 

Tag:
 វៀតណាម បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com