អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ផេឡូស៊ី នឹងចុះចេញពីតំណែងប្រធានសភា ក្រោយបក្សសាធារណរដ្ឋក្តាប់សំឡេងភាគច្រើន
18, Nov 2022 , 8:29 pm        
រូបភាព
ប្រធានរដ្ឋសភាអាម៉េរិក ណាន់ស៊ី ផេឡស៊ី។ រូបថត Xinhua
ប្រធានរដ្ឋសភាអាម៉េរិក ណាន់ស៊ី ផេឡស៊ី។ រូបថត Xinhua
ដោយ:
ប្រធានរដ្ឋសភាអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកាប្រកាស​លាលែងពីមុខតំណែងមួយនេះ ក្រោយបក្សសាធារណរដ្ឋប្រជែងបានកៅអីនៅរដ្ឋសភាគ្រប់គ្រាន់ដើម្បីដឹកនាំសភាជាន់ទាបសម្រាប់អាណត្តិបន្ទាប់។ លោកស្រីក៏នឹងមិនដឹកនាំសមាជិកបក្សប្រជាធិបតេយ្យនៅរដ្ឋសភាទៀតដែរ តែនឹងបន្តជាសមាជិកតំណាងរដ្ឋ California។
 
ជាប្រធានរដ្ឋសភាស្រ្តីដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្រ្តអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកា ប្រកាសចុះចេញហើយ។ ប៉ុន្តែសមាជិករដ្ឋសភាសេរីនិយមវ័យ ៨២ ឆ្នាំរូបនេះបញ្ជាក់ថា នឹងបន្តជាសមាជិករដ្ឋសភាតំណាងទីក្រុង San Francisco បន្តទៀត ដូចដែលលោកស្រីបានធ្វើ៣៥ឆ្នាំកន្លងមកនេះ។
 
«ដល់ពេលសម្រាប់អ្នកជំនាន់ថ្មីដឹកនាំកិច្ចប្រជុំសមាជិកបក្សប្រជាធិបតេយ្យដែលខ្ញុំពិតជាគោរពយ៉ាងជ្រាលជ្រៅ»។ នេះបើតាមសុន្ទរកថានៅរដ្ឋសភារបស់លោកស្រី ផេឡូស៊ី ដែលបានបំពេញតួនាទីជាមេដឹកនាំបក្សសាធារណរដ្ឋនៅរដ្ឋសភាជិត២០ឆ្នាំ​ និងប្រធានរដ្ឋសភាពីរដងពីឆ្នាំ២០០៧-២០១១ និងពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន។ 
 
សមាជិកបក្សប្រជាធិបតេយ្យគ្រោងនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅថ្ងៃទី៣០ ខែវិច្ឆិកា។ ក្នុងចំណោមបេក្ខភាពលេចធ្លោ លោក Hakeem Jeffries សមាជិករដ្ឋសភាតំណាងរដ្ឋ New York ត្រូវបានរំពឹងខ្ពស់ក្លាយជាប្រធានសំឡេងភាគតិចដែលលោកនឹងក្លាយជាជនស្បែកខ្មៅទីមួយក្នុងប្រវត្តិសាស្រ្តដឹកនាំបក្សប្រជាធិបតេយ្យ។ 
 
ជាមួយគ្នានេះ បក្សសាធារណរដ្ឋក៏បានតែងតាំង លោក Kevin McCarthy ជាប្រធានរដ្ឋសភាស្នងតំណាងពីលោកស្រី ផេឡូស៊ី ហើយដែរដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ 
 
អំឡុងពេលកាន់អំណាចនៅរដ្ឋសភា លោកស្រី ផេឡូស៊ី ដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំរបៀបវារៈនីតិប្បញ្ញត្តិរបស់ប្រធានាធិបតីដែលមកពីបក្សប្រជាធិបតេយ្យពីររូប បើទោះជាត្រូវបង្ខូចកេរ្តិ៍ឈ្មោះដោយបក្សអភិរក្សនិយមក៏ដោយ។ លោកស្រីបានជួយប្រធានាធិបតី បារ៉ាក់ អូបាម៉ា អនុម័តការកែទម្រង់ធានារ៉ាប់រងសុខភាព ក៏ដូចជាបង្កើនកញ្ចប់ថវិកាចំណាយលើអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់គ្រប់គ្រងកាំភ្លើងក្រោមរដ្ឋបាលលោក បៃដិន។ 
 
កាលពីឆ្នាំ២០១៩ និង២០២១ ប្រធានរដ្ឋសភារូបនេះបានបើកនីតិវិធីទម្លាក់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចេញពីអំណាច ហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តហើយដែលប្រធានាធិបតីអាម៉េរិកត្រូវបានរដ្ឋសភាបោះឆ្នោតទម្លាក់ពីតំណែងពីរដង៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com