ជាតិ
សង្គមជាតិ
ទឹកគ្រឿងពីភោជនីយដ្ឋានសួនមេអំបៅជាប់លេខ១ ក្នុងកម្មវិធីស្នាដៃចម្អិនម្ហូប Angkor Chefs Challenge
18, Nov 2022 , 8:59 pm        
រូបភាព
លោក ចិល ស្រស់ ពេលទទួលជ័យលាភីលេខ១ពីអភិបាលរងខេត្តសៀមរាប លោក អ៉ឹង គឹមលាង
លោក ចិល ស្រស់ ពេលទទួលជ័យលាភីលេខ១ពីអភិបាលរងខេត្តសៀមរាប លោក អ៉ឹង គឹមលាង
សៀមរាប៖ ទឹកគ្រឿងពីភោជនីយដ្ឋានសួនមេអំបៅ ក្រុងសៀមរាប បានឈ្នះក្នុងការប្រកួតធ្វើម្ហូបខ្មែរ Angkor Chefs Challenge ដែលរៀបចំឡើងដោយអង្គការអាគ្រីស៊ុតអន្ដរជាតិ ក្នុងបំណងលើកស្ទួយការលម្អិតម្ហូប និងបន្លែខ្មែរ។
 
ចុងភៅ ចិល ស្រស់ ចុងភៅប្រចាំភោជនីយដ្ឋានសួនមេអំបៅ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមចុងភៅ២រូបទៀត តំណាងពីភោជនីយដ្ឋានល្បីៗនៅក្រុងសៀមរាប។ 


 ទឹកគ្រឿងជ័យលាភីលេខ១ ពីភោជនីយដ្ឋានសួនមេអំបៅ
 
លោក ចិល ស្រស់ បានបង្ហាញអារម្មណ៍រីករាយដែលទទួលបានជ័យលាភី ក៏ដូចជាមានឱកាសបញ្ចេញស្នាដៃក្នុងវេទិកាមួយនេះ។ «ទឹកគ្រឿងមានយូរលង់មកហើយ សូម្បីក្នុងបទចម្រៀងលោកតា ស៊ីន ស៊ីសាមុត ក៏បានរៀបរាប់ពីទឹកគ្រឿងនេះដែរ អត្តសញ្ញាណទឹកគ្រឿងនេះមានយូរលង់មកហើយ ដែលយើងគួរដឹង និងរក្សាទុក»។ នេះជាការលើកឡើងរបស់លោក ចិល ស្រស់។
 
ក្នុងពិធីប្រកួតចម្អិតម្ហូបខ្មែរនាថ្ងៃទី១៧ វិច្ឆិកា នាផ្ទះកសិករដាំបន្លែសុវត្ថិភាពក្នុងភូមិអូរទទឹង ប្រធានសមាគមចុងភៅកម្ពុជា លោក ឡុង ប៊ុនហោ បានឱ្យដឹងថា កម្មវិធីប្រកួតម្ហូប Angkor Chefs Challenge ជាការប្រកួតម្ហូបបែបខ្មែរ ហើយការប្រកួតទឹកគ្រឿងនេះ គឺសុទ្ធតែបន្លែដាំដុះដោយកសិករក្នុងគម្រោងអង្គការអាគ្រីស៊ុត។ កម្មវិធីនេះក៏ចង់បំផុសឱ្យកសិករបន្តដាំបន្លែសុវត្ថិភាពផងដែរ។
 


ចំពោះការផ្តល់ពិន្ទុ លោក ឡុង ប៊ុនហោ ប្រាប់ថា គណៈកម្មការដែលមានអ្នកចូលរួមមកពីក្រុមប្រឹក្សាខេត្តអូដឺសែន និងថ្នាក់ដឹកនាំអាជ្ញាធរខេត្តសៀមរាប នឹងឱ្យពិន្ទុលើសោភ័ណភាព សង្វាក់នៃការរៀបចំ អនាម័យ និងរសជាតិ។ 
 
សូមបញ្ជាក់ថា អង្គការអាគ្រីស៊ុត (AGRISUD) បានរៀបចំកម្មវិធីចម្អិនម្ហូបនេះឡើង ស្របពេលទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាខេត្តអូដឺសែន ដែលជាម្ចាស់ជំនួយជួយវិស័យកសិកម្មនៅកម្ពុជា។ ក្រុមប្រឹក្សានេះក៏បានទៅទស្សនកិច្ចនៅតាមផ្ទះកសិករគម្រូនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ដោយស្វែងយល់ពីការដាំដុះ និងការអនុវត្តបច្ចេកទេសដាំដុះដោយទទួលការបណ្ដុះបណ្ដាលពីអង្គការអាគ្រីស៊ុត៕
 
















Tag:
 ទឹកគ្រឿង
  ម្ហូបខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com