សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាស៊ានកំពុងទទួលបានផលប្រយោជន៍ពីការប្រណាំងប្រជែងពាណិជ្ជកម្ម និងវិនិយោគ
18, Nov 2022 , 9:29 pm        
រូបភាព
រូបភាពពី Eye On Asia ។
រូបភាពពី Eye On Asia ។
អាស៊ានកំពុងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃលំហូរវិនិយោគនៅក្នុងយុគសម័យនៃការប្រជែងប្រណាំងភូមិសាស្ត្រនយោបាយលើការវិនិយោគ និងពាណិជ្ជកម្ម។


ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗចំនួនបីដែលបានកើតឡើងនៅអាស៊ីអាគ្នេយ៍រួមមាន កិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា និងកិច្ចប្រជុំកំពូល APEC នៅប្រទេសថៃកំពុងទាក់ទាញចំណាប់អារម្មណ៍របស់មេដឹកនាំមកពីជុំវិញពិភពលោក ដែលមានទាំងប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន និងប្រធានាធិបតីចិនលោក ស៊ី ជិនភីង ផងដែរ។
 
អាស៊ីអាគ្នេយ៍គឺជាដៃគូយុទ្ធសាស្រ្តការទូត និងពាណិជ្ជកម្មដែលគ្រប់គ្នាត្រូវការ។ តំបន់នេះមិនត្រឹមតែជួយធ្វើពិពិធកម្មលើច្រវាក់ផ្គត់ផ្គង់ពិភពលោកប៉ុណ្ណោះទេ វាក៏ជាកន្លែងដែលវិនិយោគិនបរទេសស្វែងរកឱកាសរីកចម្រើនផងដែរ ដោយសារតែរបាំងពន្ធគយដែលរឹតបន្តឹងដល់ការវិនិយោគ បានជះឥទ្ធិពលដល់អាជីវកម្មនៅអាម៉េរិក និងចិន។
 
អាស៊ានដែលមានសមាជិកចំនួន១០ប្រទេស មានប្រជាជនសរុបប្រមាណ៦៨០លាននាក់ ដែលតំណាងឱ្យ៣,៤ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ៧,៧ភាគរយនៃទីផ្សារនាំចេញសកល។ ក្នុងនោះប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ របស់អាស៊ាន រួមមាន ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម មិនសូវជារងគ្រោះដោយសារវិបត្តិថាមពលពិភពលោក ប្រាក់ដុល្លារឡើងថ្លៃ និងតម្រូវការធ្លាក់ចុះរបស់ចិននោះទេ។ នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដ៏លំបាក ពួកគេនៅតែបន្តមានកំណើនសេដ្ឋកិច្ចខ្ពស់ និងការកើនឡើងយ៉ាងខ្លាំងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ។
 
សិង្ហបុរីកំពុងនាំមុខគេក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់ ខណៈដែលវៀតណាម និងម៉ាឡេស៊ីកំពុងទាក់ទាញ FDI យ៉ាងច្រើនចូលទៅក្នុងផលិតកម្មរបស់ពួកគេ។ ឥណ្ឌូណេស៊ី​ក៏​កំពុង​ទទួល​បាន​ការ​វិនិយោគយ៉ាងច្រើន​ក្នុង​វិស័យ​រុក​រក​រ៉ែ​​។
 
បន្ថែមពីលើការវិនិយោគបៃតង បណ្តាប្រទេសអាស៊ីអាគ្នេយ៍គឺជាតំបន់ដែលទទួលបានកិច្ចព្រមព្រៀងវិនិយោគច្រើនជាងគេនៅអាស៊ី ដែលក្នុងឆមាសទីមួយនៃឆ្នាំនេះ ទទួលបាន ៥៦ភាគរយនៃលំហូរវិនិយោគបរទេសសរុបពីខាងក្រៅ។ អាស៊ានទទួលបានវិនិយោគច្រើនពីបស្ចឹមប្រទេស ជាមួយគ្នាចិនក៏បានបោះទុនច្រើនសន្ធឹកសន្ធាប់ផងដែរទៅក្នុងតំបន់នេះ។ 
 
ទន្ទឹមនេះ អាស៊ាន​ក៏​​ទទួលបាន​ការ​គាំទ្រ​ខាង​ភូមិសាស្ត្រ​នយោបាយ​ដើម្បី​ពង្រីក​លទ្ធភាព​ចូល​ទីផ្សារ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម ជាមួយអឺរ៉ុប (EVFTA) ក្នុងឆ្នាំ ២០១៩ មិនត្រឹមតែជួយវៀតណាមទាក់ទាញវិនិយោគពីអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងជម្រុញវិនិយោគិនចិនដែលចង់នាំចេញឆ្លងកាត់របាំងពន្ធគយតិច ចូលមកក្នុងប្រទេសមួយនេះ។ លើសពីនេះ អឺរ៉ុប កូរ៉េខាងត្បូង ជប៉ុន អាម៉េរិក និង​ចិន​ក៏​កំពុង​បង្កើន​ទំនាក់​ទំនង​ជាមួយ​អាស៊ានផង​ដែរ។
 
បើតាមកាសែត Financial Times អាស៊ានពុំមែនគ្មានហានិភ័យសម្រាប់អ្នកវិនិយោគនោះទេ រាប់ចាប់ពីភាពចលាចលនយោបាយផ្ទៃក្នុងនៅថៃ និងម៉ាឡេស៊ី ជាមួយការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងត្រីមាសទីបីកាលពីឆ្នាំមុន បានអង្រួនខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកចំពោះផលិតកម្មមួយចំនួនដូចជា ស្បែកជើង គ្រឿងអេឡិចត្រូនិច និងសឺម៉ីកុងឌុចទ័រ។ ចំណែកនៅវៀតណាម​​កំពុង​គ្រប់​គ្រង​ស្ថានការណ៍​ក្តៅ​នៃវិបត្តិ​ទីផ្សារ​អចលន​ទ្រព្យ ខណៈថៃកំពុងព្យាយាមធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដោយកាត់បន្ថយការពឹងផ្អែកលើវិស័យទេសចរណ៍។
 
អាស៊ានត្រូវបានដឹកនាំដោយអ្នកបច្ចេកទេសដែលមានសមត្ថភាពខ្ពស់ នៅក្នុងក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល ដែលជួយតំបន់នេះអាចទប់ទល់នឹងវិបត្តិបច្ចុប្បន្នបានប្រសើរជាង បើធៀបប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត។ ប៉ុន្តែ ការកើនឡើងនៃអត្រាការប្រាក់ខ្ពស់ ការធ្លាក់ចុះនៃតម្រូវការពិភពលោក និងវិបត្តិថាមពលនឹងធ្វើឱ្យកំណើននៅឆ្នាំក្រោយអាចធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំនេះ៕
 

Tag:
 អាស៊ាន ពាណិជ្ជកម្ម G20 APEC
© រក្សាសិទ្ធិដោយ thmeythmey.com