អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិសថៃបាញ់គ្រាប់កាំភ្លើងជ័រលើក្រុមអ្នកតវ៉ា ស្របពេលមានកិច្ចប្រជុំ APEC
18, Nov 2022 , 8:41 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប៉ូលិលថៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា បានបាញ់គ្រាប់កាំភ្លើងជ័រដាក់ក្រុមអ្នកតវ៉ា ដែលបានធ្វើដំណើរពីផ្លូវ Din So ក្បែរវិមានប្រជាធិបតេយ្យ (Democracy Monument) ក្នុងក្រុងបាងកក ឆ្ពោះទៅកន្លែងរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ មនុស្សប្រមាណ ៨នាក់ ត្រូវបានចាប់ខ្លួន។


ស្របពេលថៃរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្រុមតវ៉ាមួយក្រុម ដែលបានហៅខ្លួនឯងថា «ប្រជាជនបញ្ឈប់កិច្ចប្រជុំ APEC ២០២២ ឬCitizens Stop APEC 2022» ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា បានធ្វើដំណើរពីផ្លូវ Din So ក្នុងក្រុងបាងកក ទៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit។ យ៉ាងណាមិញ ក្រុមអ្នកតវ៉ានេះ ត្រូវបានទប់ស្កាត់ដោយកម្លាំងប៉ូលិសថៃ។ មុនចេញពីផ្លូវ Din So ក្រុមអ្នកតវ៉ា បានជួបប្រជុំនៅតំបន់ Lan Khon Muang Town។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប៉ូលិស បានស្នើឱ្យក្រុមអ្នកតវ៉ា ដែលមានវត្តមាន ព្រះសង្ឃផងនោះ ទៅតំបន់ Lan Khon Muang Town នៅមុខសាលាក្រុងបាងកកវិញ។

នៅប្រមាណម៉ោង ១០ព្រឹក ក្រុមបាតុករ បានធ្វើដំណើរទៅកៀករថយន្ត និងរបាំងប៉ូលិសថៃយ៉ាងខ្លាំង ដែលបញ្ហានេះ បានបង្កឱ្យមានការប៉ះទង្គិចជាមួយកម្លាំងប៉ូលិសបង្រ្កាបកុបកម្ម។ ក្នុងការបង្រ្កាបនោះ ប៉ូលិសថៃ បានបាញ់គ្រាប់កាំភ្លើងជ័រ និងទប់ក្រុមអ្នកតវ៉ាតាមរយៈរបាំង។ មនុស្សយ៉ាងហោចណាស់ ៨នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានបុរសចំនួន ៧នាក់ និងស្រ្តី១នាក់។

ការចាប់ខ្លួននេះ បានធ្វើឱ្យក្រុមអ្នកតវ៉ាផ្ទុះកំហឹងយ៉ាងខ្លាំង និងបានស្រែកទាមទារឱ្យដោះលែងអ្នកទាំងនោះវិញ។ ក្នុងការប៉ះទង្គិចបន្តទៀត ប៉ូលិស បានប្រើឧស្ម័នបង្ហូរទឹកភ្នែក។ ការប៉ះទង្គិច បានកើតឡើងក្បែរវិមានប្រជាធិបតេយ្យ។

ការប៉ះទង្គិចខាងលើ ត្រូវបានសកម្មជនប្រឆាំងរដ្ឋាភិបាលថៃ លោកស្រី Patsaravalee “Mind’’ Tanakitvibulpon ចាត់ទុកជាការបំពានសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាជន ដោយសារប៉ូលិសថៃ បានបាញ់គ្រាប់កាំភ្លើងជ័រ លើប្រជាជនដែលមានតែដៃទទេរ។

ចំណែកអ្នកនាំពាក្យមជ្ឈមណ្ឌលប្រតិបត្តិការចរាចរណ៍ និងសន្តិសុខថៃ លោក Achayon Kraithong បានអះអាងថា អ្នកតវ៉ាចំនួន ៣៥០នាក់ បានចូលរួមនៅតំបន់ Lan Khong Muang Town Square។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្រុមបាតុករ ក៏បានវាយប្រហារលើប៉ូលិសដែរ តាមរយៈការគប់ដុំថ្ម និងសម្ភារផ្សេងទៀត រួមទាំងបំផ្លាញរថយន្តប៉ូលិសផង៕


Tag:
 ថៃ
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com