ជាតិ
ក្រសួងទេសចរណ៍ បានកម្ចីពី AFD ជាង១២លានដុល្លារសម្រាប់សង់សាលាវិជ្ជាជីវៈទេសចរណ៍
19, Nov 2022 , 12:59 pm        
រូបភាព
 សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ភ្នំពេញ៖ កម្ពុជា នឹងមានសាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេ នៅភ្នំពេញ និងព្រះសីហនុ សម្រាប់បណ្ដុះបណ្ដាលជំនាញស្ដង់ដាជាតិ និងស្ដង់ដាអាស៊ាន សរុបប្រមាណ៧០មុខជំនាញ ដែលត្រូវសិក្សារយៈពេល៣ឆ្នាំ។ ថវិកាសាងសង់សាលានេះ ជាកម្ចីហិរញ្ញប្បទានឥណទានពី AFD។
 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពិភាក្សាជាមួយ លោកស្រី Boucher Sandrine ដែលទទួលបានការតែងតាំងជានាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ថោង ខុន អំណរគុណដល់ AFD ដែលបានជួយចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ 


 លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពិភាក្សាជាមួយ លោកស្រី Boucher Sandrine កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ ក្រសួងទេសចរណ៍
 
រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះ បានថ្លែងដូច្នេះ៖  ការបង្កើតសាលាជាតិវិជ្ជាជីវៈទាំង២នេះ ចំណាយថវិកាសរុបប្រមាណ២៦,៥លានដុល្លាអាម៉េរិក។ ក្នុងនោះ កម្ចីហិរញ្ញប្បទានឥណទានពី AFD មានចំនួន១១លានអឺរ៉ូ។ ក្រៅពីនោះ គឺជាថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា»។
 
កន្លងមក AFD បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១,៥លានអឺរូ ដល់ ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP)។ ហើយ  AFD នឹងផ្តល់កម្ចីហិរញ្ញប្បទាន ចំនួន១១ លានអឺរ៉ូ ដល់គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ (VST)ចំនួនពីរទីតាំង គឺនៅភ្នំពេញ និងខេត្តព្រះសីហនុ។  សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ 
 
លោកស្រី Boucher Sandrine បានថ្លែងថា កម្ពុជា មានធនធានវប្បធម៌ បេតិកភណ្ឌពិភពលោក ធនធានធម្មជាតិសម្បូរបែប។ ប្រជាជនកម្ពុជា មានភាពរស់រាយរាក់ទាក់ បដិសណ្ឋាកិច្ចល្អប្រពៃ ដែលជាសក្តានុពលដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍ។ 

លោកស្រី Boucher Sandrine ជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងងើបឡើងយ៉ាងឆាប់រហ័ស។ AFD បន្តគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍។ AFD នឹងបន្តជួយក្នុងការបង្កើតសាលាជាតិនេះនៅតាមបណ្តាខេត្តសក្តានុពលដ៏ទៃទៀត៕ 

លោកស្រី Boucher Sandrine នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD)។ រូបថត៖ ក្រសួងទេសចរណ៍
 
 

Tag:
 ទេសចរណ៍
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com