ជាតិ
វីដេអូ
ក្រៅជាទីទេសចរណ៍ បន្ទាយជ័យ៨០២​ ​ផ្ដល់ឱកាសការងារដល់យុវជនជិត២០នាក់ក្នុងភូមិស្ទឹង
20, Nov 2022 , 11:59 am        
រូបភាព
សៀមរាប៖ «បន្ទាយជ័យ៨០២» ជារមណីយដ្ឋានបែបបុរាណ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានកន្លែងបាញ់ធ្នូបុរាណ ធ្នូសម័យ និងអាហារដ្ឋាន។ មិនត្រឹមតែបង្កើនសក្ដានុពលទេសចរណ៍នៅភូមិស្ទឹងឡើយ តែបន្ទាយជ័យ៨០២ ក៏ផ្ដល់ឱកាសការងារដល់យុវជនជិត២០នាក់ក្នុងភូមិនោះផងដែរ។


សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖



«បន្ទាយជ័យ៨០២» ជាទីតាំងបាញ់ធ្នូដំបូងគេក្នុងខេត្តសៀមរាប ដែលបង្កើតឡើងតាំងពីឆ្នាំ២០១៩ ពោលគឺដំណើរការបានរយៈពេល៣ឆ្នាំហើយមកដល់បច្ចុប្បន្ន។ រមណីយដ្ឋានបែបបុរាណនេះ មាន​កន្លែងបាញ់ធ្នូបុរាណ ធ្នូសម័យ អាហារដ្ឋាន កន្លែងរៀនដាប់ស្បែកគោ និងកន្លែងរៀនធ្វើកុលាលភាជន៍ ដែលជាវត្ថុអនុស្សាវរីយ៍ផងដែរ។ 
 
ទីតាំងនេះ បានបង្កើនសក្ដានុពលទេសចរណ៍នៅភូមិស្ទឹង ឃុំបាគង ឱ្យអ្នកទេសចរជិតឆ្ងាយបានស្គាល់ អាចស្វែងយល់ពីជីវភាពរស់នៅរបស់ពលរដ្ឋក្នុងភូមិស្ទឹង​។ លើសពីនេះ បន្ទាយជ័យ៨០២ ក៏បានផ្ដល់ចំណូលដល់សហគមន៍ តាមរយៈការគាំទ្រកសិផល ដូចជាបន្លែ ត្រី សាច់របស់ពួកគេ និងផ្ដល់ឱកាសការងារដល់យុវជនប្រមាណ២០នាក់ក្នុងសហគមន៍ផងដែរ។
  
លោក ឌុក ដេត ម្ចាស់អាហារដ្ឋានសួនមេអំបៅ នៅទីតាំងបាញ់ធ្នូ៨០២

លោក ឌុក ដេត ម្ចាស់អាហារដ្ឋានសួនមេអំបៅ នៅទីតាំងបាញ់ធ្នូនេះបានលើកឡើងថា បន្ទាយជ័យ៨០២ មានបុគ្គលិកសរុប២០នាក់ ភាគច្រើនជាយុវជន ជាកូនអ្នកភូមិស្ទឹងរស់នៅជិតៗបន្ទាយ ដែលនេះជាឱកាសសម្រាប់ពួកគេ អាចអភិវឌ្ឍខ្លួនក្នុងវិស័យទេសចរណ៍ និងចំណូលផ្គត់ផ្គង់ជីវភាពរៀងៗខ្លួនផងដែរ។ ពួកគេទាំងនោះ មានជំនាញផ្សេងៗគ្នា​ ផ្នែកបដិសណ្ឋារកិច្ច ម្ហូបអាហារ ទទួលភ្ញៀវ ធ្វើធ្នូបុរាណ និងបាញ់ធ្នូជាដើម។
 
លោក ឌុក ដេត ចាត់ទុក ធនធានសហគមន៍ ជាចំណុចពិសេសរបស់បន្ទាយជ័យ៨០២។ «នេះជាចំណុចពិសេសមួយក្នុងរមណីយដ្ឋានរបស់យើង គឺយើងប្រើនូវផលិតផលដែលដាំដុះដោយប្រជាពលរដ្ឋនៅជុំវិញរមណីយដ្ឋានរបស់យើង ហើយក៏យើងបានផ្ដល់ឱកាសឱ្យកូនៗរបស់ពួកគាត់ដែលនៅជិតបន្ទាយឱ្យចូលធ្វើការជាមួយយើង»។ នេះជាការលើកឡើងរបស់លោក ដេត ដែលបន្តថា ធនធានសហគមន៍ទាំងអស់នេះ ក៏ជាភាពទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ព្រោះទេសចរនឹងអាចចូលរួមគាំទ្រផលិតផលក្នុងស្រុកមួយផ្នែក និងធនធានមនុស្សក្នុងសហគមន៍ទៀតផង។
  

​កញ្ញា ជឹម សារិន ជាបុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារ នៅបន្ទាយជ័យ៨០២

លោក ដេត សប្បាយចិត្ត និងមានមោទកភាព ដែលលោក ជាផ្នែកមួយជួយដល់សហគមន៍ ទាំងឱកាសការងារដល់យុវជនក្នុងវិស័យទេសចរណ៍ បង្កើនទីផ្សារកសិផលសហគមន៍ និងសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។ 
 
កញ្ញា ជឹម សារិន ជាបុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារ នៅបន្ទាយជ័យ៨០២​ រយៈពេលជាង២ឆ្នាំហើយ។ សារិន យល់ថា ទីតាំងនេះជាផ្នែកមួយជួយជំរុញសក្ដានុពលក្នុងសហគមន៍តាមរយៈវិស័យទេសចរណ៍ និងជាឱកាសសម្រាប់ខ្លួនគេអាចអភិវឌ្ឍជំនាញផងដែរ។ 

កន្លងមក សារិន ជាកម្មករសំណង់ ហើយបានផ្លាស់ប្ដូរមកធ្វើការនៅបន្ទាយជ័យ៨០២ ដោយសារវានៅជិតផ្ទះ អាចកាត់បន្ថយចំណាយធ្វើដំណើរ និងការអភិវឌ្ឍសហគមន៍តាមរយៈវិស័យទេសចរណ៍ផងដែរ។ កញ្ញា សារិន សប្បាយចិត្តនឹងការងារ ហើយបានលើកឡើងថា៖«ពីមុន អត់ដែលមានក្រុមការងារ កន្លែងអ៊ីចឹង ភូមិយើងអត់សូវមានភ្ញៀវទេសចរមកលេងទេ។ តែពេលមានកន្លែងបាញ់ធ្នូនេះមក មានភ្ញៀវជាតិ អន្តរជាតិមកច្រើន។
  

យុវតី ទឹម ម៉ាលីស បុគ្គលិកផ្នែកទទួលភ្ញៀវចូលបាញ់ធ្នូ៨០២

បុគ្គលិកវ័យ២៨ឆ្នាំរូបនេះ កាន់តែសប្បាយចិត្ត និងមានមោទកភាព នៅពេលស្រុកភូមិខ្លួនមានគេស្គាល់ច្រើន ដូច្នេះកញ្ញា ក៏មានឱកាសបង្ហាញទេសចរពីសក្ដានុពលក្នុងសហគមន៍ រាប់តាំងការធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ធនធានធម្មជាតិ ប្រវត្តិសាស្រ្តតំបន់ វប្បធម៌ និងទំនៀមទម្លាប់ជាដើម។
 
យុវតី ទឹម ម៉ាលីស បុគ្គលិកផ្នែកទទួលភ្ញៀវចូលបាញ់ធ្នូ ចាត់ទុកការងារនេះជាឱកាសសម្រាប់ឱ្យគេអាចអភិវឌ្ឍខ្លួនក្នុងជំនាញទេសចរណ៍ ពិសេសការទំនាក់ទំនងនេះឯង។ ជាង៦ខែធ្វើការនៅបន្ទាយជ័យ៨០២ ម៉ាលីស ទទួលស្គាល់ថាខ្លួនបានស្វែងយល់ច្រើន ទាំងការទំនាក់ទំនងជាមួយអតិថិជន និងរបៀបបាញ់ធ្នូផងដែរ។
 
ដូចគ្នានឹងសិស្សច្បង ម៉ាលីស ក៏សប្បាយចិត្តនឹងការងារបច្ចុប្បន្ន ហើយមានមោទកភាព ដែលសហគមន៍ខ្លួនមានមនុស្សស្គាល់ច្រើន តាមរយៈតំបន់ទេសចរណ៍នេះ។ ម៉ាលីស លើកឡើងថា៖«ល្អ អាចឱ្យអ្នកភូមិមានការងារធ្វើច្រើន នៅពេលមានកន្លែងទេសចរណ៍អ៊ីចឹង។ ម្យ៉ាងនៅជិតផ្ទះ មិនពិបាកធ្វើដំណើរទៅឆ្ងាយ»៕
 
 

Tag:
 បន្ទាយជ័យ៨០២
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com