ជាតិ
ការបង្កើតសហគមន៍ទេសចរណ៍ព្រែកកោងកាង ជួយការពារធនធានធម្មជាតិ និងបង្កើតមុខរបរដល់ពលរដ្ឋ
19, Nov 2022 , 7:59 pm        
រូបភាព
សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រូបភាព សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។
សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រូបភាព សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។
សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ជាសមទ្ធិផលទេសចរណ៍ធម្មជាតិមួយ របស់ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ។ សហគមន៍អេកូទេសចរណ៍មួយនេះ បានជួយការពារធនធានធម្មជាតិ ជីវៈចម្រុះ និងបង្កើតមុខរបរ ដល់ពលរដ្ឋរស់នៅក្នុងសហគមន៍។ នៅទីនេះទេសចរណ៍អាចជិះទូកគយគន់ទេសភាពកោងកាង និងទស្សនាធនធានជីវៈចម្រុះក្នុងសហគមន៍នេះ។ បច្ចុប្បន្នសហគមន៍មួយនេះ មានទេសចរណ៍ចន្លោះពី១០០ ទៅ ២០០នាក់ ទៅទស្សនា នៅថ្ងៃចុងសប្ដាហ៍។


សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០២១ នៅលើផ្ទៃដីប្រមាណ ២៩ហិកតា។ សហគមន៍មួយនេះ ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ដងព្រែក,ព្រៃកោងកាង, ក្ដាមថ្ម, សត្វស្លាប និងជីវៈចម្រុះនានា ជាសក្ដានុពលផ្នែកអេកូទេសចរណ៍ នៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងនេះ។


   ទេសភាពក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។ រូបភាព សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។ 
 
ការបង្កើតសហគមន៍អេកូទេសចរណ៍នេះឡើង​ គឺក្នុងគោលបំណង ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិដែលមានក្នុងតំបន់ បញ្ចៀសពីការវាទទីខុសច្បាប់។ លោក ស្រេង ថៃសុខ ប្រធានសមាគម សហគមន៍ ក្រុងកោះរ៉ុង លើកឡើងពីការបង្កើតសហគមន៍ដូច្នេះ៖ «យើងមើលឃើញពីសក្ដានុពល (ផ្នែក)អេកូទេសចរណ៍នៅទីតាំងនោះ។ ទី២បង្កើតឡើងដើម្បីថែរក្សា និងអភិរក្ស ដើម្បីកុំឱ្យមានការបំផ្លាញជីវៈចម្រុះ តាមរយៈការវាទទី។ ម្យ៉ាងទៀតក្រុងកោះរ៉ុង ជាក្រុងថ្មី ហើយការរៀបចំជាអេកូទេសចរណ៍មិនទាន់មាន»។
 
ក្រៅពីការពារ និងអភរិក្សធនធានធម្មជាតិ ការបង្កើតសហគមន៍អេកូទេសចរណ៍នេះ ក៏បានបង្កើតការងារបន្ថែម សម្រាប់ពលរដ្ឋក្នុងសហគមន៍នេះផងដែរ។ បើតាមលោក ស្រេង ថៃសុខ បច្ចុប្បន្នមានពលរដ្ឋចំននួន១៧គ្រួសារ ក្នុងនោះជាអ្នកបម្រើសេវាទេសចរ អាជីវករលក់ដូរសម្ភារៈ និង អ្នកបម្រើការជួលទូកកាយ៉ាក់ ជាដើម។


  លោក ស្រេង ថៃសុខ ប្រធានសមាគម សហគមន៍ ក្រុងកោះរ៉ង់ (អាវពណ៌ខៀវក្រម៉ៅ)។ រូបភាព ផ្ដល់ដោយលោក ស្រេង ថៃសុខ។ 
 
ជុំវិញការបង្កើតសហគមន៍នេះឡើង អភិបាលរងខេត្តព្រះសីហនុ មើលឃើញថា វាមានសារៈសំខាន់ ទាំងសង្គម និងបរិស្ថាន។ លោក ឡុង ឌីម៉ង់ លើកឡើងដូច្នេះ៖ « ការបង្កើតសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍។ សហគមន៍ទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ហើយក្នុងនោះរដ្ឋយើងទាំងមូលទទួលបានការអភិរក្ស ព្រៃកោងកាង សម្បត្តិធម្មជាតិ និង ចំណូលពីវិស័យទេសចរណ៍»។
 
សម្រាប់លោក ឡុង ឌីម៉ង់ សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងនេះ មិនត្រឹមតែចូលរួមការពារអភរិក្ស និងរក្សាធនធានធម្មជាតិ និង បង្កើតមុខរបរប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍មួយនេះក៏ជាគម្រោងអេកូទេសចរណ៍ល្អមួយ និងគំរូ ក្នុងការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ដទៃទៀត ក្នុងខេត្តព្រះសីហនុ។
  

ពលរដ្ឋក្នុងសហគមន៍ ជាអ្នកផ្ដល់សេវាទេសចរណ៍ ក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។ រូបភាព សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។ 
 
បច្ចុប្បន្នសហគមន៍អេកូទេសចរណ៍មួយនេះ មិនទាន់រៀបចំរួចរាល់ជាស្ថាពរទាំងស្រង់នៅឡើយនោះទេ ប៉ុន្តែទេសចរ អាចទៅទស្សនាកម្សាន្តនៅសហគមន៍ទេសចរណ៍នេះបាន។ នៅទីនេះទេសចរ អាចដើរតាមស្ពានឈើ ទស្សនាព្រៃកោងកាង, ជិះទូកទស្សនាទេសភាព និង សម្រាកលម្ហែកាយក្នុងកញ្ចុះពិសាអាហារ និង ផ្ដិតរូបភាព ជាដើម។
 
យ៉ាងណាមិញ បច្ចុប្បន្នសហគមន៍មួយនេះ ហាក់មិនទាន់មានទេសចរណ៍ច្រើននៅឡើយ ដែលស្គាល់ និង ទៅទស្សនាកម្សាន្តនៅទីនេះ ដោយសារសហគមន៍នេះត្រូវបានបង្កើតឡើង អំឡុងពេលកម្ពុជា ក៏ដូចជាពិភពលោក ជួបនឹងវិបត្តិជំងឺឆ្លងសកល។ បើតាមសម្ដីរបស់លោក ស្រេង ថៃសុខ បច្ចុប្បន្នភ្ញៀវទេសចរជាមធ្យម ដែលទៅទស្សនានៅ​ទីទេសចរណ៍នេះ មានចំនួចន្លោះពី៥០ ទៅ ១០០នាក់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងនៅថ្ងៃចុងសប្ដាហ៍មានភ្ញៀវចន្លោះពី១០០ ទៅ ៣០០នាក់ផងដែរ ប៉ុន្តែចំនួនទេសចរប្រែប្រួលទៅតាមអាកាសធាតុផងដែរ៕
 

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ រូបភាពពីគណនីតេឡេក្រាម លោក ឡុង ឌីម៉ង់។ 
 

 ទេសចរជិះទូកកាយ៉ាក់កម្សាន្ត នៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។ រូបភាព សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង។ 
 
 

Tag:
 ThmeyThmey25
  អេកូទេសចរណ៍
  ព្រែកកោងកាង
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com