ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ប្រធានមណ្ឌលសុខភាពអណ្ដូងទឹក នឹងពង្រឹងការផ្តល់សេវាសុខភាពជូនពលរដ្ឋ ឱ្យកាន់តែល្អ
20, Nov 2022 , 7:59 am        
រូបភាព
ដោយ៖ មឿង ង៉ែត (យុវជនឃុំអណ្ដូងទឹក)

ស្រុកបូទុមសាគរ, កោះកុង៖ ពលរដ្ឋមួយចំនួនក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ហាក់មិននិយមការប្រើប្រាស់សេវាពិត្យសុខភាព និងពិគ្រោះយោបល់នៅមណ្ឌលសុខភាពឡើយ។ លោក នូច ប៊ុនធឿន ប្រធានមណ្ឌលសុខភាពអណ្តូងទឹក ក៏បានបង្ហាញក្ដីបារម្ភចំពោះស្ថានភាពនេះដែរ ហើយជាដំណោះស្រាយចំពោះមុខ លោក ប៊ុនធឿន ​បានណែនាំឱ្យបុគ្គលិកក្នុងមណ្ឌលសុខភាពទាំងអស់ ត្រូវពង្រឹងសេវាពិនិត្យ និងព្យាបាលឡើងវិញ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
 
​បច្ចុប្បន្ន មណ្ឌលសុខភាពអណ្ដូងទឹក ទទួលបានអតិថិជនពិគ្រោះ និងព្យាបាល ប្រមាណពី១០ ទៅ២០នាក់ ក្នុងមួយថ្ងៃ ធៀបនឹងមុនជំងឺកូវីដ-១៩ ចូលមកដល់មានចំនួន ២០ទៅ៣០នាក់ក្នុងមួយថ្ងៃ។ នេះបើតាម លោក នូច ប៊ុនធឿន ប្រធានមណ្ឌលសុខភាព ដោយលោក បន្តថាពលរដ្ឋភាគច្រើន ជ្រើសរើសសេវាពិនិត្យព្យាបាលសុខភាពនៅពេទ្យឯកជន ដែលភាពលឿន និងរហ័សជាងសេវានៅមណ្ឌលសុខភាព។ «យើងកំពុងរកមូលហេតុថា គ្រូពេទ្យយើងមានគ្រប់គ្រាន់ តែអតិថិជន ហាក់បីដូចជាមានការថមថយ តើវាមកពីមូលហេតុអ្វី? យើងបានប្រជុំពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះ ហើយឱ្យពួកគាត់(ពលរដ្ឋ) មកទទួលសេវាវិញដោយភាពរលូន។ អ្វីដែលយើងប្រជុំនេះ ដើម្បីពង្រឹងសមត្ថភាព គុណភាព ការបម្រើសេវាសុខភាពជូនពលរដ្ឋឱ្យទាន់ពេល លឿន និងមានឱសថ ឬឧបករណ៍គ្រាប់គ្រាន់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នូច ប៊ុនធឿន។
 
យ៉ាងណាក៏ដោយ​ លោក នូច ប៊ុនធឿន បានលើកឡើងពីបញ្ហាមួយចំនួន ដែលទំនងធ្វើឱ្យពលរដ្ឋមិនសូវចង់ប្រើប្រាស់សេវានៅមណ្ឌលសុខភាព។ ទី១ គឺកត្តា គ្រូពេទ្យក្នុងមណ្ឌលសុខភាពខ្លួន មិនបានបំពេញតួនាទី និងសេវាលឿន រហ័សដល់អតិថិជន។ ទី២ មណ្ឌលសុខភាព គ្មានឧបករណ៍ ឬថ្នាំ គ្រប់គ្រាន់ និងទី៣ មកពីពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ហើយគ្មានលទ្ធភាពមកមណ្ឌលសុខភាព ទើបពួកគេជ្រើសរើសសេវា ខាងក្រៅជំនួសវិញ។  
 
ជាដំណោះស្រាយ លោក ជំរុញឱ្យពលរដ្ឋងាកមកទទួលសេវានៅមណ្ឌលសុខភាពវិញ ខណៈលោក ណែនាំបុគ្គលិកឱ្យពង្រឹងសេវាព្យាបាល និងការយកចិត្តទុកដាក់ជាមួយអ្នកជំងឺ។ ជាមួយគ្នានេះ លោក ស្នើដល់អាជ្ញាធរ និងភាគីដែលពាក់ព័ន្ធ ជួយលើកទឹកចិត្ត និងផ្សព្វផ្សាយឱ្យទូលំទូលាយ ដើម្បីអាចឱ្យពលរដ្ឋមានលទ្ធភាពមកព្យាបាលកាន់តែច្រើន។ 
 
សូមជម្រាបថា មណ្ឌលសុខភាពអណ្ដូងទឹក មានគ្រូពេទ្យចំនួន ១០ និងបុគ្គលិកជាប់កិច្ចសន្យា២នាក់ ក្នុងនោះ មានឆ្មប៥នាក់។ មណ្ឌលសុខភាពនេះ មានគ្រែសម្រាកព្យាបាលចំនួន១៥ និងសេវាព្យាបាលជំងឺដូចជា សេវាពិគ្រោះជំងឺទូទៅ គ្រុនចាញ់ គ្រុនឈាម របេង ពិនិត្យផ្ទះពោះ និងសម្រាលផងដែរ៕  
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
  
 
 
 
 

Tag:
 សុខភាព
  មណ្ឌលសុខភាពអណ្ដូងទឹក
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com