ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ វិទ្យាល័យបូទុមសាគរ ហាមសិស្សប្រើទូរសព្ទក្នុងម៉ោងសិក្សា ក្រោយជំងឺកូវីដ-១៩ ធូរស្រាល
20, Nov 2022 , 10:29 am        
រូបភាព
ដោយ៖ វុត អិន (យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖ ក្នុងបរិបទកូវីដ-១៩ រីករាលដាលខ្លាំង ក្រសួងអប់រំ យុវជន និងកីឡា បានប្ដូរកម្មវិធីសិក្សាក្នុងថ្នាក់ ទៅការសិក្សាពីចម្ងាយ ឬតាមប្រព័ន្ធ​អេឡិចត្រូនិកវិញ ដោយអនុញ្ញាតឱ្យសិស្សប្រើប្រាស់ទូរសព្ទ សម្រាប់ជំនួយដល់ការសិក្សារបស់ពួកគេ។


ថ្វីដ្បិត ជំងឺកូវីដ-១៩ ធូរស្រាល ប៉ុន្តែ ​គណៈគ្រប់គ្រងវិទ្យាល័យបូទូមសាគរ សង្កេតឃើញថា សិស្សមួយចំនួនតូច បានបន្តប្រើទូរសព្ទដៃក្នុងម៉ោងសិក្សា ដែលនាំឱ្យប៉ះពាល់ដល់វិន័យ និងគុណភាពសិក្សា។ ជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំសាលា បានដាក់ចេញវិធានការតឹងរឹង ដើម្បីទប់ស្កាត់ករណីលួចប្រើប្រាស់ទូរសព្ទ ក្នុងម៉ោងសិក្សា។ 


 លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ

លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ បានលើកឡើងថា គ្រាដែលថ្នាក់រៀនបានបិទ ដោយសារជំងឺកូវីដ-១៩ លោកបានបំផុសឱ្យសិស្សប្រើប្រាស់ទូរសព្ទដៃ ដែលបម្រើដល់ការសិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញវិញ។ ប៉ុន្តែ ក្រោយជំងឺរាតត្បាតនេះស្ងប់ស្ងាត់ ថ្នាក់ដឹកនាំសាលា និងគ្រូបង្រៀន បានណែនាំ និងចេញវិធានការមួយចំនួន ដើម្បីបញ្ឈប់សកម្មភាពសិស្សដែលបន្តប្រើទូរសព្ទដែក្នុងម៉ោងសិក្សា។
 
លោក រៀបរាប់ថា ការលួចប្រើទូរសព្ទក្នុងម៉ោងសិក្សា មានចាប់ពីថ្នាក់ទី៧ ដល់១២ ដោយអ្នកខ្លះប្រើប្រាស់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ឯខ្លះទៀត យកទូរសព្ទទៅលេងហ្គេម ឬបណ្ដាញសង្គមជាដើម។ ជាវិធានការ ក្នុងករណីរកឃើញសិស្សប្រើប្រាស់ទូរសព្ទក្នុងម៉ោងសិក្សា វិទ្យាល័យបូទុមសាគរ សម្រេចផាកពិន័យ ២ពាន់រៀល និងដកទូរសព្ទទុក ដើម្បីឱ្យឪពុកម្ដាយចូលខ្លួនដោះស្រាយ និងបានដឹងពីបញ្ហាផ្ទាល់ខ្លួនរបស់កូន។  
  

យុវតី ដេង បញ្ញា សិស្សថ្នាក់ទី៧ នៃវិទ្យាល័យបូទុមសាគរ
 
លោក ប្រាប់ដូច្នេះថា៖«កន្លងទៅធ្លាប់មានសិស្សលេងទូរសព្ទក្នុងម៉ោងសិក្សាច្រើនដែរ។ អ៊ីចឹង ក្រោយពេលជំងឺកូវីដ ស្ងប់ស្ងាត់ទៅ យើងបានប្រជុំគ្នា និងណែនាំថា មិនមែន គ្រូមិនឱ្យប្រើទូរសព្ទទេ តែគួរប្រើឱ្យត្រូវពេលវេលា មិនមែនលេងក្នុងម៉ោងសិក្សានោះទេ។ មិនត្រឹមតែសិស្ស ខ្ញុំក៏បានរាយការណ៍ទៅអាណាព្យាបាលផងដែរ»។ 
 
បើតាម លោក អឿ សុទ្ធី ការប្រើទូរសព្ទក្នុងម៉ោងសិក្សា ឬលើកម្រិត អាចធ្វើឱ្យសិស្សបាត់បង់វិន័យ មានបញ្ហាសុខភាព ជាពិសេស ធ្លាក់ចុះគុណភាពសិក្សា ដោយសារនេះ ជាមូលហេតុនាំសិស្សអវត្តមានច្រើន។ ជុំវិញបញ្ហានេះ លោកនាយក បានស្នើដល់អាណាព្យាបាល ពង្រឹកកិច្ចសហការ និងណែនាំកូនរបស់ខ្លួន ពីផលប៉ះពាល់ នៃការប្រើប្រាស់ទូរសព្ទ។ 
 
លោក បន្ថែមដូច្នេះថា៖«សាលាយើង បារម្ភថា នៅពេលដែលសិស្សប្រើទូរសព្ទច្រើនពេកប៉ះពាល់ការសិក្សា។ ម្យ៉ាងទៀត ខ្លាចគាត់យកព័ត៌មានអីមិនល្អ ទៅចែកចាយផ្ដេសផ្ដាសដែរ ហើយអ្នកខ្លះលេងទូរសព្ទដល់យប់ជ្រៅពេក ងើបមករៀនអត់ទាន់។ ក្រៅពីនេះ វាក៏អាចប៉ះពាល់ ឬរំខានដល់អ្នកដ៏ទៃ ហើយក៏អាចនាំវិន័យរបស់គ្រូហ្នឹងធូររលុងបន្តិចដែរ អ៊ីចឹង វាបាត់បង់វិន័យ»។ 
យុវតី ដេង បញ្ញា សិស្សថ្នាក់ទី៧ នៃវិទ្យាល័យបូទុមសាគរ​ បានឱ្យដឹងថា ម្ដងម្កាល់រូបគេ ប្រទះឃើញមានសិស្សមិត្តរួមថ្នាក់ប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងសិក្សា ដោយអ្នកខ្លះលេងហ្គេម ឬបណ្ដាញសង្គមជាដើម។ ការប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងសិក្សានេះ បានបង្កជាសំឡេងរំខានដល់អាម្មណ៍សិក្សារបស់ យុវតី ដេញ បញ្ញា និងមិត្តរួមថ្នាក់របស់ពួកគេផងដែរ។ 
 
ក្នុងករណីសិស្សលួចប្រើទូរសព្ទក្នុងម៉ោងសិក្សា ត្រូវបានគ្រូបន្ទប់ថ្នាក់ស្ដីបន្ទោស និងផាកពិន័យតាមគោលការ និងច្បាប់ទម្លាប់របស់សាលា។ បញ្ញា ប្រាប់ដូច្នេះថា៖« អ្នកដែលលេងទូរសព្ទ ត្រូវគ្រូស្ដីបន្ទាស ហើយខ្លះគ្រូផាកពិន័យ២ពាន់រៀល ហើយដកទូរសព្ទចេញទៀត»៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
  បូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com