ជាតិ
សត្វត្រដក់តូចក្នុងដែនជម្រកសត្វព្រៃកែវសីមាកើនឡើង តែ​បារម្ភពី​ការ​បាត់បង់ទីជម្រក និង​ការបរបាញ់
20, Nov 2022 , 10:59 am        
រូបភាព
អ្នកសម្របសម្រួល និងស្រាវជ្រាវសត្វរបស់អង្គការWCS ប្រចាំខេត្តមណ្ឌលគិរី
អ្នកសម្របសម្រួល និងស្រាវជ្រាវសត្វរបស់អង្គការWCS ប្រចាំខេត្តមណ្ឌលគិរី
ភ្នំពេញ៖ អង្គការWCS អាចរក្សាសម្បុកសត្វត្រដក់តូចនៅដែនជម្រកសត្វព្រៃកែវសីមាបានដោយជោគជ័យនៅឆ្នាំ២០២២។ បើធៀបឆ្នាំ២០២១សម្បុកត្រដក់មានចំនួន១៦សម្បុក ចំណែកឯឆ្នាំ២០២២ មានដល់ចំនួន២៧សម្បុក។ នេះជាដំណឹងល្អប៉ុន្តែការបាត់បង់ទីជម្រក ការបរបាញ់ ការដាក់អន្ទាក់ជាដើម នៅជាបញ្ហាប្រឈមសម្រាប់ការការពារ និងអភិរក្សនៅឡើយ។


លោក សូត្រ វ៉ាន់ឌឿន ជាអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វរបស់អង្គការWCS ប្រចាំខេត្តមណ្ឌលគិរីបាន​ប្រាប់សារព័ត៌មានThmeyThmey25ថា ឆ្នាំ២០២២ក្រុមការងាររបស់អង្គការ បានជួយសម្របសម្រួលក្រុមការងារសហគមន៍ឱ្យយាមសម្បុកសត្វត្រដក់តូចនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដែលស្ថិតក្រោមគម្រោងរេដបូក។ 


 រូបភាពដោយ Keo Seima REDD+ Project

លោកបានលើកឡើងថា នៅក្នុងឆ្នាំនេះពលរដ្ឋនៅក្នុងសហគម​ន៍បានចូលរួមដោយរីករាយក្នុងកិច្ចការងារការពារនិងអភិរក្សសម្បុកសត្វនៅក្នុងព្រៃតំបន់ការពារ។ «ឆ្នាំមុនពួកគាត់ក៏បានចូលរួមការពារសម្បុកសត្វដែរដូច្នេះឆ្នាំនេះយើងមិនបានរកឱ្យគាត់ទេ គាត់ចំណាំកន្លែងនិងទៅស្វែងរកសម្បុកយាមដោយឯងៗ។
 
ពលរដ្ឋនៅទីនេះពេញចិត្តការងារនេះព្រោះមានប្រាក់ឧបត្ថម្ភនៅយាមសម្បុកសត្វ »។ នេះជាការបញ្ជាក់របស់លោក វ៉ាន់ឌឿន។ នៅក្នុងខែតុលា ឆ្នាំ២០២២ កូនសត្វត្រដក់តូចចំនួន
២០ក្បាលបានញាស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ជាលទ្ធផល នៅក្នុងឆ្នាំ២០២២នេះចំនួនសម្បុកសត្វត្រដក់តូចបានកើនឡើងដល់២៧សម្បុក ចំណែកឯ ឆ្នាំ២០២១


 រូបភាពដោយ Keo Seima REDD+ Project

សហគមន៍ការពារបានរកឃើញតែ១៦សម្បុក និងញាស់បានកូនចំនួន១៩ក្បាល។ អ្នកសម្របសម្រួលនិងស្រាវជ្រាវសត្វរបស់អង្គការWCS ប្រចាំខេត្តមណ្ឌលគិរីរូបនេះបានបញ្ជាក់ថាដែនជម្រកសត្វព្រៃកែវសីមា ជាទីតាំងដ៏សំខាន់សម្រាប់ជម្រកប្រភេទសត្វត្រដក់តូចនិងប្រភេទសត្វកម្រផ្សេងទៀតដូចជា សត្វត្រយងយក្ស សត្វក្រៀល និងសត្វរមាំង សត្វទន្សោង
សត្វក្ងោក ប្រើស ជាដើម។
 
លើសពីនេះបញ្ហាប្រឈមដូចជា ការការបាត់បង់ទីជម្រក ការបរបាញ់ការដាក់អន្ទាក់នៅជាបញ្ហាដែលកំពុងចោទជាការព្រួយបារម្ភដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមការពារនិងអភិរក្សប្រភេទសត្វកម្រទាំងនេះតាមរយៈការមិនបរិភោគសាច់សត្វព្រៃ កុំបរបាញ់សត្វព្រៃ និងកុំដាក់អន្ទាក់ឬការចូលរួមរាយការណ៍នៅពេលឃើញមានការជួញដូរ និងបំផ្លាញជីវិតសត្វព្រៃគ្រប់ទម្រង់៕  
 

 រូបភាពដោយ Keo Seima REDD+ Project


Tag:
 ខេត្តមណ្ឌលគិរី
  កែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com