ជាតិ
សង្គមជាតិ
ទំនួលខុសត្រូវរវាងស្រ្តី និងបុរស ក្នុងគ្រួសារ!
20, Nov 2022 , 1:59 pm        
រូបភាព
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ជីវិតក្រោយរៀបការ ទាំងស្វាមី និងភរិយា រមែងមានទំនួលខុសត្រូវច្រើន ក្នុងជីវិតគ្រួសារ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី លឹម វិរីយ៉ា អ្នកជំនាញផ្នែកអប់រំនៅកម្ពុជា បានពន្យល់ថា សមភាពរវាងស្រ្តី និងបុរសនៅកម្ពុជា ទាក់ទងនឹងកញ្ចប់ថវិកាក្នុងគ្រួសារគឺជារឿងរសើបមួយ ដែលទាមទារឱ្យប្តីប្រពន្ធ ត្រូវជជែកគ្នា បង្កើតគណនីរួមដោយភាពស្មោះត្រង់ជាដើម។


 អ្នកស្រី លឹម វិរីយ៉ា សាស្រ្តាផ្នែកធុរកិច្ច និងជាសហគ្រិនមួយរូបផងដែរ..
 
ដើម្បីជ្រាបកាន់តែច្បាស់ពីខ្លឹមសារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា កញ្ញា សុង សុធាវី 
អ្នកសារព័ត៌មានថ្មីៗ  ជាមួយ អ្នកស្រី លឹម វិរិយ៉ា អ្នកជំនាញផ្នែកអប់រំនៅកម្ពុជា ដូចតទៅ៖




 
 
កញ្ញា សុង សុធាវី៖ បច្ចុប្បន្ន សមភាពរវាងស្រ្តី និងបុរសនៅកម្ពុជា តើអ្នកស្រីមើលឃើញបែបណាដែរហើយវាមានសមធម៌ហើយ ឬ នៅ?
 
អ្នកស្រី លឹម វិរីយ៉ា៖ ធម្មតាទំនៀមទម្លាប់វាធំជាងច្បាប់ សម្រាប់កម្ពុជាសព្វថ្ងៃ ខ្ញុំមិនទាន់ឃើញមានសមភាពរវាងស្រ្តី និងបុរសនៅឡើយទេ។ ស្រ្តីដែលរស់នៅទីក្រុង ឬកូនអ្នកមានលទ្ធភាពអាចទទួលបានឱកាសបានសិទ្ធសេរីភាពច្រើន ខុសពីស្រ្តីដែលរស់នៅតាមទីជនបទ  ឬ តំបន់ដាច់ស្រយាល ដែលពួកគេនៅតែទទួលរងឥទ្ធិពល អំណាចពីឪពុកម្តាយ ឬ ហៅថានំមិនធំជាងនាឡិនេះនៅឡើយ។ ស្រ្តីដែលអង្គុយគងអន្ទាក់ខ្លានៅក្នុងការិយាល័យ ហាក់មិនសូវទទួលបានដំណឹងពីស្រ្តីដែលកំពុងរងគ្រោះ ពីការរំលោភបំពានផ្សេងៗ លើសិទ្ធសេរីភាព ឬការបង្ខំឱ្យរៀបការនោះទេ។ មនុស្សយើងកាលណាតែគាត់ប្រឡូកក្នុងជីវិតរៀបការ ហើយមានកូន សួរថាចំណងប៉ុន្មានរយប្រការចូលក្នុងជីវិតគាត់? គឺច្រើនមែនទែន! ស្រ្តីដែលមានសមភាពក្នុងគ្រួសារគួរតែមានគុណតម្លៃអាចដោះដូរជាមួយនឹងបុរសជាប្តីបាន។ បើបុរសពូកែខាងរកលុយ តែស្រ្តីដែលរៀនបានតិចតួច ដូចនេះស្រ្តីត្រូវតែជាមេផ្ទះដ៏ពូកែ ទាំងការងារចង្រ្កានជើងឆ្នាំង មើលថែទាំកូនចៅបានល្អ រក្សាសុភមង្គលក្នុងគ្រួសារ។ល។ រវាងស្រ្តីនិងបុរស ត្រូវមានទំនួលខុសត្រូវរួមគ្នា​រឿងចំណាយក្នុងគ្រួសារ ​ពិសេសរឿងអនាគតកូនចៅហ្នឹងតែម្តង។ ស្រ្តីយើងសូមឈប់យល់ច្រឡំទៀតថា រៀបការហើយប្តីចិញ្ចឹម ស្រ្តីត្រូវមានភាពជាអ្នកដឹកនាំជានិច្ច ទាំងជីវិតខ្លួនឯង អប់រំកូនចៅ ឈ្នួលបំរើ ត្រូវមានចំណូលរួមគ្នា ដើម្បីអនាគតកូន។ល។
 
កញ្ញា សុង សុធាវី៖ អ្នកស្រី បើយើងផ្តោតលើបុរសក៏ធ្វើការ នារីក៏ធ្វើការ ហើយកញ្ចប់ចំណាយរួមគ្នាក្នុងគ្រួសារវិញសូមចែករំលែកត្រង់ចំណុចនេះចាស?
 
អ្នកស្រី លឹម វិរីយ៉ា៖  ខ្ញុំសង្កេតមើលអ្នកនៅក្នុងទីក្រុង ទាំងមិត្តភក្រ័ និង សាច់ញាតិខ្ញុំ ឃើញថារបៀបគិតពួកគាត់ឥឡូវប្តូរទៅស្រដៀងនឹងអ្នកនៅអឺរ៉ុប។ គេមានគណនីម្នាក់មួយៗ ពេលធ្វើអី គេចែករំលែកគ្នា គិតគូរពិភាក្សាគ្នា។ អ្នកដែលមានផ្នត់គំនិតបែបនេះច្រើនតែរក្សាសុខសុភមង្គលបានយូរអង្វែង។ នៅទីនេះ យើងធ្វើម៉ិចឱ្យប្តីប្រពន្ធរស់នៅចុះសម្រុងគ្នា តាមរយៈការបង្កើតគណនីរួមគ្នា។ ភាគច្រើនមនុស្សលែងលះគ្នាដោយសាររឿងលុយហ្នឹងហើយ។ នេះមិនទាន់និយាយរឿងផឹតក្បត់អីទេ!  អ៊ីចឹងដើម្បីឱ្យមានសមភាព និងសមធម៌ក្នុងគ្រួសារ មិនថាស្រ្តី ឬ បុរស នៅពេលយើងចាប់ផ្តើមជីវិតគូ ដើរលើផ្លូវរួមគ្នា​ សូម្បីលុយរៀបការក៏ត្រូវរួមគ្នាដែរ។ល។ សម័យនេះហើយ ប្តីប្រពន្ធរៀបការជាមួយគ្នា គឺកសាងដំណើរតែមួយរួមគ្នា ពិសេសពេលដាក់ផែនការយកកូន ត្រូវជជែក ពិភាក្សា គិតរួមគ្នា ត្រូវស្មោះត្រង់នឹងគ្នា។ល៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com