ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ មេប៉ុស្ដិ៍នគរបាលអណ្ដូងទឹក ថាអាជ្ញាធរបានផ្តល់សេវាដល់ពលរដ្ឋយ៉ាងយកចិត្តទុកដាក់
20, Nov 2022 , 10:29 pm        
រូបភាព
ដោយ៖ ឈិន យួន(យុវជនឃុំអណ្តូងទឹក)
 
ស្រុកបូទុមសាគរ,កោះកុង៖នៅប៉ុស្ដិ៍រដ្ឋបាលអណ្ដូងទឹក ផ្ដល់សេវាសាធារណៈដល់ពលរដ្ឋមានដូចជាការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ ការបង្រ្កាបល្បែងស៊ីសង គ្រឿងញៀននិងចុះអប់រំក្មេងទំនើងជាដើម។ នេះបើតាមលោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលអណ្ដូងទឹក។
 
លោក ប៉ែន ហមមេប៉ុស្ដិ៍នគរបាលអណ្ដូងទឹក បានណែនាំឱ្យប្រជាពលរដ្ឋដែលបាត់ឯកសារ ពេលទៅធ្វើថ្មីត្រូវរៀបចំឯកសារចំាបាច់មួយចំនួន រួមទាំងមានភ្ជាប់ជាមួយនឹងពាក្យបណ្ដឹងផងដែរ។មេប៉ុស្ដិ៍បានបញ្ជាក់ថា ក្រុមការងាររបស់លោកបានយកចិត្តទុកដាក់ និងរីករាយក្នុងការបម្រើជូនប្រជាពលរដ្ឋរបស់ខ្លួនប៉ុន្តែថ្ងៃខ្លះមានអ្នកទៅធ្វើច្រើន គឺត្រូវសុំការអធ្យាស្រ័យពីពួកគេឱ្យរង់ចាំសិនដោយក្រុមការងារប៉ុស្ដិ៍ធ្វើជូនតាមលំដាប់លំដោយ។
 


ការផ្ដល់សេវានៅក្នុងប៉ុស្ដិ៍អណ្ដូងទឹកគឺស្វាគមន៍ចំពោះប្រជាពលរដ្ឋជានិច្ច ឱ្យតែពួកគេមកទទួលសេវា។ លោក ហម លើកឡើងបែបនេះរួចបន្តថា សម្រាប់អ្នកផ្លាស់ប្ដូរទីលំនៅគឺ ត្រូវទៅធ្វើសៀវភៅស្នាក់នៅ ហើយរយៈពេល២ទៅ៣ខែក្រោយមក ត្រូវទៅធ្វើសៀវភៅគ្រួសារបន្តទៀត។ លោកបញ្ជាក់ថា៖ «ការងារបម្រើប្រជាពលរដ្ឋមិនមានអ្វីលំបាកនោះទេប៉ុន្តែអ្វីដែលពិបាកនោះពេលពលរដ្ឋទៅទទួលសេវាច្រើនផ្ដល់ឱ្យពួកគាត់មិនទាន់ធ្វើឱ្យពួកគាត់មិនពេញចិត្ត»។
 
លោក ប៉ែន ហម បន្តថានៅក្នុងឃុំអណ្ដូងទឹកមានផ្ទៃដីធំ ហើយមានប្រជាពលរដ្ឋសរុប ១ ៦០៧គ្រួសារ ស្មើ ៦ ៣៣៤នាក់។ 
 
ជុំវិញការផ្ដល់សេវានេះលោកមេប៉ុស្ដិ៍បានបែងចែកជា ២ក្រុមគឺក្រុម«ក» និងក្រុម«ខ» ដែលមួយក្រុមមានគ្មាន ២ទៅ៣នាក់ ដើម្បីបំពេញការងារតាមកាលៈទេសៈជាកស្ដែង។
បើទោះជាមានការបែងចែកក្រុមក៏ពិតមែន តែការផ្ដល់សេវានៅក្នុងប៉ុស្ដិ៍រដ្ឋបាលអណ្ដូងទឹកមានភាពសកម្ម មិនមានការមើលបំណាំគ្នានោះទេ គឺបម្រើពលរដ្ឋទៅតាមសភាពការណ៍
និងករណីដែលកើតមាន នៅក្នុងសហគមន៍បានទាន់ពេលវេលា។
 

លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក
 
ពលរដ្ឋដែលទៅទទួលសេវាសាធារណៈនៅប៉ុស្ដិ៍អណ្ដូងទឹកមានចន្លោះពី៥ទៅ៧នាក់ ក្នុងនោះមានអ្នកសុំហត្ថលេខា ការបញ្ជាក់កិរិយាមាយាទ
និងការធ្វើអត្តសញ្ញាណប័ណ្ណ។ លោក ប៉ែន ហម លើកឡើងដូច្នេះ។
 
លោកមេប៉ុស្ដិ៍រូបនេះបានបន្ថែមថាលោកមានឆន្ទៈមោះមុតសម្រាប់បំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រសិនបើមានបញ្ហាចន្លោះប្រហោងគឺស្នើឱ្យមានការរិះគន់ដើម្បីស្ថាបនានិងអភិវឌ្ឍនៅក្នុងឃុំឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) ។
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com