ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ សាលាឃុំអណ្តូងទឹក មិនទាន់មានជម្រាលសម្រាប់ជនមានពិការភាពនៅឡើយ
21, Nov 2022 , 7:59 am        
រូបភាព
ដោយ៖ វុធ អ៊ីត(យុវជនឃុំអណ្តូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖ លោក ឃៀង យិង មេឃុំអណ្ដូងទឹក បានឱ្យដឹងថា នៅក្នុងឃុំអណ្ដូងទឹក មិនមានជម្រាលជនពិការនោះទេ ព្រោះកាលពីសាងសង់គេមិនបានដាក់បញ្ចូលនៅក្នុងគម្រោង។ ដូច្នេះបើចង់ច្នៃ ឬកែតម្រូវ គឺត្រូវស្នើសុំទៅខាងក្រសួងពាក់ព័ន្ធជាមុនសិន។
 
លោក ឃៀង យិង បានលើកឡើងថា អ្នកពិការភាពមានប្រមាណជាង ៣០នាក់ ក្នុងនោះមានអ្នកពិការភ្នែក ត្រចៀក និងពិការជើង។ ក្នុងចំណោមជនពិការ ៣០នាក់ មានតែជាង ១០នាក់ប៉ុណ្ណោះ ដែលបានទៅទទួលសេវានៅសាលាឃុំ។ អ្នកពិការភាគច្រើនមិនមែនអ្នកដែលពិការធ្ងន់ធ្ងរ រហូតរុញរទេះនោះទេ។
 

លោក ឃៀង យិង មេឃុំអណ្ដូងទឹក

នៅក្នុងឃុំពុំសូវមានអ្នកពិការភាពទៅធ្វើសំបុត្រកំណើត និងឯកសារផ្សេងៗនោះទេ ព្រោះភាគច្រើនក្រុមគ្រួសារ និងបងប្អូនរបស់ពួកគេអ្នកទៅធ្វើជំនួស។ នេះជាកាលើកឡើងរបស់មេឃុំ ហើយបន្ថែមថា ក្នុងសាលាឃុំអណ្ដូងទឹក មិនមានជម្រាលជនពិការ ព្រោះកាលពេលសាងសង់នៅក្នុងគម្រោង គឺមិនបានដាក់បញ្ចូល។ លោក យិង បញ្ជាក់ថា៖«ខ្ញុំពុំទាន់មានគម្រោងនឹងធ្វើជម្រាលជនពិការនោះទេ ព្រោះឃុំមិនអាចកែឱ្យខុសពីទម្រង់ដើមបាននោះទេ ហើយបើកែមិនដឹងថាធ្វើយ៉ាងម៉េច ដាក់ឡើងយ៉ាងម៉េច»។
 
ប្រសិនបើមានជនពិការ ឬប្រជាពលរដ្ឋក្នុងឃុំសំណូមពរឱ្យសាងសង់ជម្រាល គឺត្រូវតែស្នើទៅខាងរដ្ឋាភិបាលសាងសង់ជម្រាល នៅក្នុងសាលាឃុំអណ្ដូងទឹក ដើម្បីជួយសម្រួលដល់អ្នកពិការភាព។ លោកមេឃុំលើកឡើងបែបនេះ ហើយបន្តថា ដ្បិតតែមិនទាន់មានជម្រាល ប៉ុន្តែក្រុមការងារឃុំ បានយកចិត្តទុកដាក់ដល់អ្នកពិការភាព ដោយចុះផ្សាព្វផ្សាយ​ និងណែនាំដល់ពួកគេឱ្យទៅទទួលសេវានៅសាលាឃុំឱ្យបានគ្រប់ៗគ្នា។ លោក ឃៀង យិង បន្លឺសម្ដីថា៖ «តែអ្នកខ្លះមានសេវានៅជិតហើយមិនមកទេ តែចង់ទៅកន្លែងឆ្ងាយអស់លុយច្រើន។ នៅឃុំមិនមានអ្វីរំខានពេលវេលាពួកគាត់ច្រើនទេ ឱ្យតែពួកគាត់មកដល់ពួកខ្ញុំនឹងរៀបចំឱ្យគាត់មុនគេមិនឱ្យរង់ចាំយូរទេ»។ 
 

លោក ពៅ ឆែប អ្នកពិការភាពនៅឃុំអណ្ដូងទឹក
 
ជាមួយគ្នានេះ ឃៀង យិង បានស្នើឱ្យអ្នកពិការភាពទៅទទួលសេវាឱ្យបានគ្រប់គ្នា ព្រោះនៅសាលាឃុំមិនគិតកម្រៃពីពួកគេឡើយ។
 
លោក ពៅ ឆែប អាយុ ៣៥ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង បានពិការជើងខាងស្ដាំ។ រូបគេអាចធ្វើដំណើរដោយខ្លួនឯងបាន ហើយក៏ធ្លាប់បានទៅធ្វើអត្តសញ្ញាណប័ណ្ណ និងធ្វើឯកសារផ្សេងៗដោយខ្លួនឯងនៅសាលាឃុំអណ្ដូងទឹកផងដែរ។ 
 
លោក ពៅ ឆែប បានរៀបរាប់ថា កន្លងមករូបគេពេលទៅទទួលសេវានៅឃុំ គឺជិះម៉ូតូទៅដោយខ្លួនឯង និងពេលខ្លះក្រុមគ្រួសារជូនទៅ។ កាយសម្បទាពុំសូវមាំមួន មិនអាចឈរបានយូនោះទេ។
 
លោក ឆែប បញ្ជាក់យ៉ាងដូច្នេះ៖«ពេលទៅដល់ឃុំអ្នកខ្លះគេយកចិត្តទុកដាក់អ្នកខ្លះក៏អត់បានយកចិត្តទុកដាក់ពិបាកដែរកន្លែងនេះ។ ប៉ុន្តែខ្ញុំឈរអត់បានយូ អ៊ឹចឹងគេឱ្យខ្ញុំចូលមុន។ ឧទាហរណ៍ដូចពេលខ្ញុំទៅបោះឆ្នោត គេសម្រួលឱ្យខ្ញុំចូលមុន»។
 
លោក ឆែប បានអំពាវនាវដល់អាជ្ញាធរឃុំឱ្យសាងសង់ជម្រាលជនពិការ ដើម្បីងាយស្រួលអ្នកពិការភាពអាចដើរ និងរុញរទេះឡើងបាន ពេលទៅរកសេវានៅសាលាឃុំ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com