ជាតិ
សង្គមជាតិ
អាគ្រីស៊ុត និងម្ចាស់ជំនួយ បន្តគាំទ្រកសិករខ្មែរក្នុងការបង្កើនការដាំដុះបន្លែសុវត្ថិភាព
21, Nov 2022 , 8:29 am        
រូបភាព
អង្គការអាគ្រីស៊ុត និងម្ចាស់ជំនួយ ចុះពិនិត្យគម្រោងរបស់កសិករនៅសង្កាត់ក្របីរៀល
អង្គការអាគ្រីស៊ុត និងម្ចាស់ជំនួយ ចុះពិនិត្យគម្រោងរបស់កសិករនៅសង្កាត់ក្របីរៀល
សៀមរាប៖ ស្របពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន ការប្រើប្រាស់សារធាតុគីមីលើការដាំដុះដើម្បីបង្កើនតម្រូវការទីផ្សារក៏កាន់តែច្រើនដែរ បើទោះបីដឹងថា កត្តានេះធ្វើឱ្យប៉ះពាល់សុខភាព និងបរិស្ថានក្ដី។ អង្គការអាគ្រីស៊ុត ព្រមទាំងម្ចាស់ជំនួយ បានបង្ហាញការបន្តគាំទ្រជួយកសិករនៅខេត្តសៀមរាប ជំរុញឱ្យមានការដាំដុះបន្លែសុវត្ថិភាព និងបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារតាមរយៈការដាំដុះជាលក្ខណៈគ្រួសារ។
 
គណៈប្រតិភូនៃសមាជិកក្រុមប្រឹក្សាខេត្តអូដឺសែន ទីក្រុងប៉ារីស បានធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីអភិវឌ្ឍន៍ផលិតកម្មកសិកម្មក្នុងស្រុកជាលក្ខណៈគ្រួសារ ប្រកបដោយនិរន្តរភាព និងគុណភាព និងជួបជាមួយដៃគូក្នុងកម្មវិធីសហប្រតិបត្តិការអន្ដរជាតិនៅខេត្តសៀមរាប។ លោក ចូអែល ឡឺប្រឺតុង (Joel lebreton) ប្រធានអង្គការអាគ្រីស៊ុតអន្ដរជាតិ បានបង្ហាញការចាប់អារម្មណ៍ចំពោះការអនុវត្តកម្មវិធីអភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីនៅកម្ពុជា ដែលធ្វើឱ្យមានកំណើនផលិតកម្មកសិកម្ម ក៏ដូចជាជួយលើផ្នែកបរិស្ថាន។  ដ្បិតថា បច្ចេកទេសដាំដុះមានភាពល្អប្រសើរហើយពិតមែន តែអ្វីដែលជាចំណុចត្រូវធ្វើការបន្ថែមនោះ គឺខ្សែសង្វាក់ទីផ្សារនៃការលក់កសិផលរបស់កសិករដែលគួរត្រូវបានជំរុញបន្ថែម។ នេះជាចំណាប់អារម្មណ៍របស់ប្រធានអង្គការអាគ្រីស៊ុតអន្ដរជាតិ ក្រោយពីចុះមើលការដាំដុះរបស់ពលរដ្ឋដែលស្ថិតក្នុងគម្រោង។
 


បន្ថែមពីនេះ លោក ចូអែល ឡឺប្រឺតុង បានឱ្យដឹងទៀតថា អង្គការនឹងបន្តអនុវត្តន៍កម្មវិធីបណ្ដុះបណ្ដាលបន្ថែមដល់កសិករ ជំរុញធ្វើយ៉ាងណាឱ្យពួកគេដឹងពីបច្ចេកទេសដាំដុះដោយសុវតិ្ថភាព និងចូលរួមថែរក្សាបរិស្ថាន។ 
 
គម្រោងកម្មវិធីអភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី គឺជារបៀបធ្វើកសិកម្មដែលត្រូវបានរចនាឡើងជាប្រព័ន្ធមួយ ដោយបញ្ចូលទាំងរុក្ខជាតិ និងសត្វជាមួយគ្នា គឺធ្វើត្រាប់តាមប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ វិធីនេះបានផ្តល់លទ្ធភាពបង្កើតថ្នាំពុលសម្លាប់សត្វល្អិតធម្មជាតិ ជីសរីរាង្គ និងការជ្រើសរើសពូជឱ្យបានសមស្រប ដើម្បីបង្កើនប្រាក់ចំណូល និងស្វ័យភាពសម្រាប់ប្រជាកសិករខ្នាតតូច។ នេះជាខ្លឹមសារដកស្រង់ចេញពីសៀវភៅកសិកម្មរបស់អង្គការអាគ្រីស៊ុត។ 
 
គណៈប្រតិភូនៃសមាជិកក្រុមប្រឹក្សាខេត្តអូដឺសែន ដែលជាម្ចាស់ជំនួយរបស់អង្គការកសិកម្មធំៗចំនួនពីរនៅកម្ពុជា មានអាគ្រីស៊ុតអន្ដរជាតិ និងហ្រ្គេត ដឹកនាំដោយលោក ហ្សក ស៊ីហ្រ្វេឌី (Georges Siffredi) ប្រធានក្រុមប្រឹក្សា នាថ្ងៃទី១៧ វិច្ឆិកា បានចុះពិនិត្យការអនុវត្តកម្មវិធីរបស់កសិករនៅភូមិអូរទទឹង និងភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប។ នៅទីនោះ កសិករគម្រូបានបង្ហាញប្រតិភូពីភាពរីកចម្រើននៃការផលិតជីដែលច្នៃពីលាមកសត្វ និងការបង្កើនទិន្នផលដាំដុះ តាមកម្មវិធីបណ្ដុះបណ្ដាលរបស់អង្គការ អាគ្រីស៊ុត។ ប្រតិភូបានមើលពីបច្ចេកទេសច្នៃលាមកសត្វធ្វើជាជី ដែលគ្រួសារកសិករនៅភូមិក្រសាំង សង្កាត់ក្របីរៀល អនុវត្តន៍ការច្នៃលាមកសត្វ ដោយជីករណ្ដៅ ក្រាលចំប៉ើងស្រោចទឹកពីលើទុករហូតដល់កាច់ធ្វើជាជីបាន។ ក្នុងនោះ ក៏មើលពីការដាំដុះបន្លែសុវត្ថិភាពផងដែរ។


 
ប្រធានក្រុមប្រឹក្សាភិបាលខេត្តអូដឺសែន លោក ហ្សក ស៊ីហ្រ្វេឌី លើកឡើងថា គម្រោងកម្មវិធីរបស់អង្គការអាគ្រីស៊ុត មានការរីកចម្រើន និងអនុវត្តន៍តាមទិសដៅ។ លោកបន្ថែមថា ខេត្តអូដឺសែន នឹងពង្រីកវិសាលភាពការងារជំនួយបន្ថែមទៀត ទៅដល់ប្រជាពលរដ្ឋដែលមិនទាន់បានទទួលផលពីគម្រោងនេះ ដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គការដៃគូ។
 
អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង ក្នុងនាមខេត្តលោកបានឃើញពីការខិតខំប្រឹងប្រែងរបស់កសិករ ដែលព្យាយាមដាំដុះបន្លែដែលមានសុវត្ថិភាពដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ យ៉ាងណា បញ្ហាទីផ្សារនៅតែបញ្ហាដែលអាជ្ញាធរខេត្តត្រូវរកដំណោះស្រាយជូនកសិករ។ ចំណុចនេះ លោក គឹមលាង បញ្ជាក់ថា នឹងពិភាក្សាជាមួយដៃគូម្ចាស់ជំនួយ ស្នើឱ្យមានជួយជាទូក្លាសេបន្លែ ដើម្បីវេចខ្ចប់ទុកបានយូរ ប្រកបដោយគុណភាព សម្រាប់ការនាំចេញទៅក្រៅខេត្ត ហើយវានឹងជួយបង្កើនផលិតកម្មរបស់កសិករ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារផងដែរ៕




 
 

Tag:
 កសិកម្ម
  បន្លែសុវត្ថិភាព
  អង្គការអាគ្រីស៊ុត
© រក្សាសិទ្ធិដោយ thmeythmey.com