ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ នាយកអនុវិទ្យាល័យពន្លឺវិជ្ជា បារម្ភខ្លាច​ការប្រើប្រាស់គ្រឿងញៀនរាលដាលដល់សា​លា​ខ្លួន
20, Nov 2022 , 11:29 pm        
រូបភាព
 ដោយ៖ ប៉ាន់ រដ្ឋា (យុវជនឃុំកណ្តោល)
 
ស្រុកបូទុមសាគរ, កោះកុង៖ ​បញ្ហាគ្រឿងញៀនបានក្លាយកង្វល់របស់ លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា ដែលស្ថិតក្នុងភូមិកណ្តោលឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្តីបារម្ភនេះ កើតឡើងដោយសារតែកន្លងមកលោកមើលឃើញថា មានការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងឃុំ។ «យើងមើលទៅ អ្នកជក់គ្រឿងញៀន អ្នកជួញដូរគ្រឿងញៀន ច្រើនតែអូសទាញក្មេង ឱ្យសាក​។ វាច្រើនតែអ៊ីចឹង។ យើងចេះតែបារម្ភ​ តែយើងក៏តែងបញ្ជ្រាប(អប់រំ)បន្ត»។ នេះជាការលើកឡើងរបស់ លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា។
 
សម្រាប់នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា គ្រឿងញៀនមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សនោះទេ ប៉ុន្តែវានឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងស្មារតីរបស់សិស្ស។ ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននេះ លោក ម៉ែន ចាន់ បានអះអាងថា លោកតែងតែអប់រំណែនាំសិស្សទាំងនៅក្នុងថ្នាក់ និងពេលគោរពទង់ជាតិ អំពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀននេះ ។  
 

សកម្មភាពរបស់សិស្សនៃអនុវិទ្យាល័យពន្លឺវិជ្ជា នៅម៉ោងចេញលេង។ 

ទន្ទឹមនឹងនេះ លោក ម៉ែន ចាន់ ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្ស ជួយអប់រំ និងតាមដានបន្ថែមនូវសកម្មភាព និងការសិក្សារបស់កូនផងដែរ។ «យើងបានតែផ្សព្វផ្សាយ យើងបានតែណែនាំ ធ្វើអ្វីឱ្យអស់ពីលទ្ធភាព និងការគ្រប់គ្រងរបស់យើង។ ព្រោះអីនៅជាមួយខ្ញុំ ក្នុងមួយថ្ងៃមិនបាន៨ ម៉ោងផង។ សំខាន់យើងជួបបានតែម៉ោងសិក្សាទេ។ ហើយការអប់រំហ្នឹង មានន័យថា អាណាព្យាបាលគាត់នៅផ្ទះ គាត់ជួយអប់រំកូនគាត់បន្ថែមទៅ ជួយតាមដានកូនរបស់គាត់ផងទៅ» ។
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ អនុវិទ្យាល័យ ពន្លឺវិជ្ជា មានសិស្ស១១៩នាក់ កំពុងសិក្សាពីថ្នាក់ទី៧ ដល់ទី៩។ ក្នុងចំណោមនោះ មានសិស្សស្រី ចំនន ៦៥នាក់។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមសិស្សទាំងអស់ មានសិស្សដែលទទួលបានអាហារូបករណ៍ចំនួន ៦៥នាក់ផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com