FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
តោកំណាចអង់គ្លេសជួបអ៊ីរ៉ង់លើកដំបូងនៅ World Cup មុនហូឡង់ប៉ះសេណេហ្កាល់ និងអាម៉េរិកតទល់វេលស៍
21, Nov 2022 , 9:39 am        
រូបភាព
ក្រុមតោកំណាចអង់គ្លេស នឹងបើកឆាកការប្រកួតពូល B ទល់ជម្រើសជាតិអ៊ីរ៉ង់វេលាម៉ោង ៨យប់ ថ្ងៃទី២១ ខែវិច្ឆិកានាកីឡដ្ឋាន Khalifa International។ ហូឡង់ ត្រូវប៉ះសេណេហ្កាល់វេលាម៉ោង ១១យប់សម្រាប់ជំនួបបើកឆាកពូល A។ ឯមួយគូទៀត អាម៉េរិកត្រូវជួបវេលស៍ សម្រាប់ជំនួបពូល B វេលាម៉ោង ២:០០នាទីរំលងអាធ្រាត្រ។


ព្រឹត្តិការណ៍ World Cup 2022 ជាការប្រកួតដ៏សំខាន់មួយសម្រាប់អង់គ្លេសដើម្បីកសាងកេរិ៍្តឈ្មោះឡើងវិញក្រោយបរាជ័យនៅព្រឹត្តិការណ៍ UEFA Euro 2020 ដោយជំនួបដំបូងទល់អ៊ីរ៉ង់ជាការប្រកួតដ៏ចាំបាច់សម្រាបអង់គ្លេសក្នុងការក្រសោប ៣ពិន្ទុ។ 
 
អង់គ្លេសជាក្រុមមិនទាន់បរាជ័យម្តងឡើយនៃការប្រកួតជម្រុះក្នុងតំបន់រយៈពេលចុងក្រោយនេះ ក្រោយការប្រកួតចុងក្រោយបង្អស់ស្មើអាល្លឺម៉ង់លទ្ធផល ៣-៣ ហើយត្រូវបានក្លាយជាក្រុមដែលទទួលបានការចាប់អារម្មណ៍មួយក្នុងការឈ្នះ World Cup ឆ្នាំនេះ។ 
 
ចំណែកអ៊ីរ៉ង់ជាក្រុមមិនធម្មតាមួយ ពួកគេឈ្នះកៅអី World Cup ក្នុងនាមជាក្រុមឈរកំពូលតារាងនៃការប្រកួតជម្រុះតំបន់អាស៊ី។ រវាងក្រុមទាំងសងខាងនេះជាការជួបគ្នាលើកដំបូងបង្អស់នៅព្រឹត្តិការណ៍ FIFA World Cup ខណៈដែលអង់គ្លេសជាក្រុមខ្លាំងដែលជាប់មកលេងនៅព្រឹត្តិការណ៍ដ៏ធំនេះ ៧លើកជាប់គ្នាដែលជាកំណត់ត្រាដ៏វែងមួយ។ កំណត់ត្រាអ៊ីរ៉ង់ជួបក្រុមមកពីទ្វីបអឺរ៉ុប ៦លើក មិនដែលឈ្នះម្តងឡើយ។
 
ស្ថិតិ ៥ប្រកួតចុងក្រោយរវាងក្រុមទាំងសងខាង អង់គ្លេស ស្មើ៣ និងចាញ់២ ខណៈអ៊ីរ៉ង់ ឈ្នះ២ ស្មើ១ និងចាញ់២ លើក។ អង់គ្លេសបង្ហាញខ្លួននៅ World Cup កាតាលើកនេះជាលើកទី ១៩ ដោយពួកគេធ្លាប់ឈ្នះមួយលើកនៅឆ្នាំ ១៩៦៦ ខណៈអ៊ីរ៉ងជាការបង្ហាញខ្លួនលើកទី៦ តែមិនដែលឆ្លងផុតវគ្គចែកពូលឡើយ។ 
 
ការប្រកួតរវាងក្រុមសេណេហ្កាល់ទល់ហូឡង់នឹងធ្វើឡើងនៅវេលាម៉ោង ១១យប់ នាកីឡដ្ឋាន ​Al Thumama សម្រាប់ជំនួបទីពីរពូល A។ ក្រុមទាំងពីរជាក្រុមដែលត្រូវបានចាប់ពូលស្ថិតក្នុងពូល A ដំបូងគេនៃការប្រកួត ដោយហូឡង់ជាក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃការប្រកួតជម្រុះតាមតំបន់ ខណៈដែលសេណេហ្កាល់ឈ្នះកៅអី World Cup ក្រោយយកឈ្នះលើអេហ្ស៊ីបនៅវគ្គ Play-off ទ្វីបអាហ្រ្វិក។
 
បង្ហាញវត្តមានលេងនៅ World Cup ១១លើកទាំងនៅកាតា ហូឡង់ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៥លើក និងវគ្គផ្តាច់ព្រ័ត្រចំនួន ៣លើក ចំណែកសេណេហ្កាល់នេះជាលើកទី៣ សម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះតែមិនដែលឆ្លងផុតវគ្គចែកពូលឡើយ។ សេណេហ្កាល់មកកាន់ World Cup ក្នុងនាមជាក្រុមម្ចាស់ពានរង្វាន់ Africa Cup of Nations 2021។
ស្ថិតិ ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងសងខាង ឈ្នះ៤ និងស្មើ១ ដូចគ្នាមុនការប្រកួតមកដល់ ចំណែកបញ្ហាកីឡាករស្ថិតក្នុងបញ្ជីរបួសរួមមាន Memphis Depay, Denzel Dumfries និង Marten de Roon ខណៈសេណេហ្កាល់គ្មានកីឡាកររបួសក្នុងបញ្ជីឡើយ។
 
ក្រឡែកទៅកាន់ការប្រកួតនាវេលាម៉ោង ២យប់រំលងអាធ្រាត្រ អាម៉េរិកនិងត្រូវប៉ះវេលស៍សម្រាប់ជំនួបបើកឆាកពូកល B នាកីឡដ្ឋាន Ahmed bin Ali។ 
នេះជាការប្រកួតដែលអាម៉េរិកវិលត្រលប់សារជាថ្មីមកកាន់ World Cup ក្រោយខកខានកាលឆ្នាំ ២០១៨ ហើយការបង្ហាញខ្លួននៅ World Cup ៧លើកអាម៉េរិកធ្លាក់ចេញនៅវគ្គចែកពូក ៤លើក។ វេលស៍ឡើងមកកាន់ World Cup ជាលើកទីពីរដោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំដោការបង្ហាញខ្លួនចុងក្រោយបំផុតនៅឆ្នាំ ១៩៥៨។
 
សម្រាប់បញ្ហាកីឡាករក្រុមទាំងពីរមិនសូវជាមានបញ្ហាច្រើនឡើយ ដោយអាម៉េរិកមានកីឡាករត្រឹម ២រូបប៉ុណ្ណោះស្ថិតក្នុងបញ្ជីរបួសរួមមាន  Luca de la Torre និង Weston Mckennie មិនទាន់អាចលេងវិញបាន ខណៈវេលស៍មានត្រឹមតែខ្សែបម្រើ Joe Allan តែម្នាក់របួស។ ស្ថិតិ ៥ប្រកួតចុងក្រោយអាម៉េរិក ស្មើ៣ ឈ្នះ១ និងចាញ់១ ចំណែកវែលស៍ ៣ប្រកួតចុងក្រោយចាញ់ទាំងអស់៕
 

Tag:
 World Cup
 Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com