FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Kane ថាអន្ទះសាចង់បំបែកកំណត់ត្រា ​Rooney នៅអង់គ្លេស
21, Nov 2022 , 4:20 pm        
រូបភាព
Harry ​Kane ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរំពឹងអាចរកគ្រាប់បាល់ដើម្បីបំបែកកំណត់ត្រារបស់ Wayne Rooney សម្រាប់កំណត់ត្រាគ្រាប់ច្រើនប្រចាំក្រុមអង់គ្លេស។ ​Kane លើកឡើងបែបនេះ  នៅមុនជំនួបរវាងតោកំណាចទល់អ៊ីរ៉ង់សម្រាប់ការប្រកួតបើកឆាកពូល B នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា។


Kane ខ្សែប្រយុទ្ធក្រុម Tottenham Hotspur កាលឆ្នាំ ២០១៨ រយៈពេល ៤ឆ្នាំមុន បានក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាសក្រោយជួយអង់គ្លេសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី។ ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ ត្រូវការត្រឹម ២គ្រាប់បន្ថែមទៀតប៉ុណ្ណោះដើម្បីតាមស្មើកំណត់ត្រា ៥៣គ្រាប់របស់​ Rooney មិនត្រឹមតែប៉ុណ្ណោះ Kane អះអាងថានឹងអាចបំបែកកំណត់ត្រានេះតែម្តងនៅការប្រកួតនាប្រទេសកាតា។
 
មកកាន់ការប្រកួត World Cup 2022 នៅកាតា ក្រុមតោកំណាចអង់គ្លេសដែលដឹកនាំដោយលោក ​Gareth Southgate គឺពឹងផ្អែកខ្លាំងលើខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ សម្រាប់តំបន់ប្រយុទ្ធជួរមុខរបស់ក្រុម ក៏ព្រោះតែសម្រាប់ក្រុមអង់គ្លេស Kane តែងតែបង្ហាញពីសមត្ថភាពប្រយុទ្ធដ៏មុតស្រួចរបស់លើគេទៅលើក្រុមគូប្រជែងបានយ៉ាងប្រសិទ្ធិភាព។
 
«សង្ឃឹមខ្លាំងថាខ្ញុំនឹងអាចបំបែកវាបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ខ្ញុំដឹងថានឹងមានមនុស្សជាច្រើននិយាយអំពីរឿងនេះ តែខ្ញុំចូកចិត្តផ្តោតអារម្មណ៍លើការប្រកួតច្រើនជាង។ខ្ញុំដឹងទៀតថាក្រុមនិងខ្ញុំនឹងអាចបង្កើតឱកាសរកគ្រាប់បាល់ដូច្នេះខ្ញុំត្រូវតែរួចរាល់ឱ្យបានល្អជាមុន ហើយខ្ញុំក៏សំណាងដូចគ្នាដែលធ្លាប់បានលេងជាមួយ Wayne គេជាកីឡាករដ៏ល្បីមួយរូបសម្រាប់អង់គ្លេស។»។ Kane បាននិយាយបែបនេះមុនការប្រកួតទល់ក្រុមអ៊ីរ៉ង់ជំនួបបើកឆាកពូល B។
 
ឆ្នាំ ២០១៨ Kane ស៊ុតបាន ៦គ្រាប់នៅក្នុងព្រឹត្តិការណ៍ World Cup ប្រទេសរុស្ស៊ី ប៉ុន្តែអង់គ្លេសធ្វើដំណើរបានត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ ដោយត្រូវបានក្រូអាស៊ីទម្លាក់។ ត្រឹមវ័យ​ ២៩ឆ្នាំ Kane នឹងត្រូវដើរតួនាទីជាប្រធានក្រុមរបស់អង់គ្លេសដ៏សំខាន់ ដែលត្រូវនាំក្រុមប្រយុទ្ធសម្រាប់ World Cup ដែលគ្មានប្រធានក្រុមអង់គ្លេសណាមួយធ្វើបានឡើយចាប់តាំងពីលោក Bobby Moore នៅឆ្នាំ ១៩៦៦។
 
សម្រាប់អង់គ្លេសរាត្រីនេះខ្សែបម្រើ James Maddison នឹងអវត្តមានពីការប្រកួតនាកីឡដ្ឋាន Khalifa International ខណៈរូបគេមិនបានចូលហ្វឹកហាត់ព្រោះរបួសជង្គង់។ ខ្សែការពារស្លាបសាំ Kyle Walker ក៏ត្រូវអវត្តមានផងដែរជំនួបទល់អ៊ីរ៉ង់៕
 
 
 
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com