FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ធ្វើដំណើរទៅកាតា ប៉ះចំយន្តហោះពោរពេញដោយអ្នកគាំទ្រប្រេស៊ីល
21, Nov 2022 , 9:29 pm        
រូបភាព
Sergio Aguero វីរបុរសក្រុម Manchester City បានបង្ហោះវីដេអូអំពីការធ្វើដំណើរទៅទស្សនាការប្រកួតនៅប្រទេសកាតា ដោយរូបគេបានជិះប៉ះចំយន្តហោះដែលពោរពេញទៅដោយអ្នកគាំទ្រប្រេស៊ីល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ។


Aguero ធ្លាប់បានបង្ហាញខ្លួនចំនួន ១០១លើក ឱ្យអាហ្សង់ទីន បានបង្ហោះវីដេអូដ៏គួរអស់សំណើចមួយ អំពីការធ្វើដំណើររបស់គេទៅកាន់ប្រទេសកាតា នៅលើបណ្តាញអ៊ិនធឺណិត ដោយក្នុងវីដេអូនោះបានបង្ហាញថា អតីតខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ ស្ថិតនៅលើយន្តហោះដែលពោរពេញដោយអ្នកគាំទ្រក្រុមជម្រើសជាតិប្រេស៊ីល។ 
 
អ្នកគាំទ្រទាំងអស់នោះបានច្រៀងរាំសប្បាយនៅលើយន្តហោះ ដែលជារឿងដ៏គួរឱ្យអស់សំណើចមួយដោយ Aguero បង្ហាញទឹកមុខស្រឡាំងកាំង និងបានយកដៃប៉ះក្បាលខ្លួនឯង ហើយក្រវីក្បាល ព្រោះថាគេទៅកាតា ដើម្បីគាំទ្រក្រុមអាហ្សង់ទីន តែបែរជាជិះប៉ះចំយន្តហោះរបស់អ្នកគាំទ្រប្រេស៊ីលទៅវិញ។
 
សំឡេងកងរំពងពីការវាយស្គរបានក្លាយជាសំឡេងរំខានដល់ Aguero ក្នុងការសម្រាកនៅលើយន្តហោះអំឡុងពេលធ្វើដំណើរនោះ។ យ៉ាងណាមិញមិនមានព័ត៌មានច្បាស់ការណាមួយឡើយ ដែលបញ្ជាក់ពីការហោះហើររបស់អតីតកីឡាករ Manchester City រូបនេះ ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍បានបញ្ជាក់ទិសដៅថា រូបគេទៅកាន់ប្រទេសកាតា។
 
ប្រេស៊ីលស្ថិតក្នុងចំណោមក្រុម ដែលត្រូវបានចាប់អារម្មណ៍ថា នឹងអាចឈ្នះ World Cup 2022 នេះ ខណៈដែលអាហ្សង់ទីន ក៏ជាបេក្ខភាពមួយរូប ដែលកំពុងតែប្រជែងពានរង្វាន់នេះ។ ក្រុមទាំងពីរនេះ អាចនឹងជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែក៏អាស្រ័យលើប្រកួតជម្រុះក្នុងពូលផងដែរ។
 
កាលពីដើមឆ្នាំ ២០២២ នេះ Aguero បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ ក្រោយរូបគេមានបញ្ហាជំងឺគាំងបេះដូង។ សម្រាប់ក្រុមអាហ្សង់ទីន Aguero ក៏ជាផ្នែកមួយនៃក្រុមជម្រើសផងដែរ ដោយរូបគេគឺជាងបុគ្គលិកផ្នែកបង្វឹកសម្រាប់ក្រុមជម្រើសជាតិផ្ទាល់តែម្តង។ ប៉ុន្តែការធ្វើដំណើរទៅកាតា គឺក្នុងនាមជាអ្នកគាំទ្រតែប៉ុណ្ណោះ៕
 
 
 

Tag:
 Sergio Aguero
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com