ជាតិ
ផ្កាដំណក់ទឹកភ្លៀង កំពុងបង្ហាញសម្រស់ជាថ្មី ក្នុងទឹកដីភូមិចម្ការសំរោងពីរ
22, Nov 2022 , 7:59 am        
រូបភាព
បាត់ដំបង៖ ផ្កាដំណក់ទឹកភ្លៀង កំពុងបង្ហាញសម្រស់ជាថ្មីម្តងទៀតក្នុងភូមិចម្ការសំរោង ខេត្តបាត់ដំបង។ផ្កានេះ ត្រូវបានលោក មៀច គង់ហ៊ុយ ដាំរៀងរាល់ឆ្នាំ លាយជាមួយផ្កាជាច្រើនប្រភេទទៀត សម្រាប់ទាក់ទាញទេសចរមកថតរូបលេងកម្សាន្ត។


សួនផ្កាដំណក់ទឹកភ្លៀង កំពុងបង្ហាញភាពស្រស់ត្រកាលជាថ្មីម្តងទៀត ចំនួន៥ពណ៌ រួមមាន ពណ៌ស ពណ៌ស្វាយ ពណ៌ត្របែកព្រៃ ពណ៌ផ្កាម៉ោង១០ និងពណ៌ឈូកដិត។ ផ្កាដំណក់ទឹកភ្លៀងទាំង៥ពណ៌ នឹងរីកជាបន្តបន្ទាប់ក្នុងដីប្រមាណ ១ហិកតា។ ទន្ទឹមនោះ ម្ចាស់ចម្ការក៏បានដាំផ្កាជាច្រើនទៀតចម្រុះពណ៌ផងដែរ រួមមាន ផ្កាឈូករ័ត្ន និងផ្កាសេមាន់ជាដើម។ 
 
លើសពីនេះ លោក គង់ហ៊ុយ ម្ចាស់ចម្ការផ្កាដំណក់ទឹកភ្លៀង ក៏បានរៀបចំកែច្នៃទីតាំងបន្ថែម ដោយមានហាងកាហ្វេ ទីតាំងថតរូបកម្សាន្តផងដែរ។ ភ្ញៀវទេសចរ អាចចូលថតរូបកម្សាន្ត ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៧ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ហើយត្រូវចំណាយ ៤ពាន់រៀលក្នុងម្នាក់ដើម្បីចូល។
 

លោក មៀច គង់ហ៊ុយ ម្ចាសចម្ការផ្កាដំណក់ទឹកភ្លៀង។ រូបភាពពី៖ ហ្វេសប៊ុក លោក មៀច គង់ហ៊ុយ

ផ្កាដំណក់ទឹកភ្លៀង បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងសួនផ្ការបស់លោក គង់ហ៊ុយ ដ្បិតផ្កានេះមានសម្រស់ដូចព្រិលក្រាលលើដី និងបានទាក់ទាញទេសចរជាច្រើនមកលេងខេត្តបាត់ដំបងផងដែរ។ ផ្កានេះ មានវត្តមានដំបូងក្នុងទឹកដីបាត់ដំបង នៅឆ្នាំ២០១៩ ដោយម្ចាស់ចម្ការវ័យ ៣៨ឆ្នាំខាងលើ បានយកពូជពីជប៉ុន និងថៃមកដាំ។ 
 
អំឡុងពេលដាំក្នុងដំណាក់កាលកូវីដ-១៩ ផ្កាដំណក់ទឹកភ្លៀងបញ្ចេញសម្រស់ និងក្លិនក្រអូបប្រហើរគួរឱ្យភ្ញាក់ផ្អើលសម្រាប់លោក គង់ហ៊ុយ ព្រោះជាការដាំសាកល្បងលើកដំបូង។ យ៉ាងណាមិញ ឆ្នាំ២០២២ ផ្កាដំណក់ទឹកភ្លៀង ហាក់មិនសូវរីកស្អាតឡើយ ដ្បិតឆ្នាំនេះមានភ្លៀងច្រើនពេក។


 ផ្កាដំណក់ទឹកភ្លៀង ពណ៌ស្វាយ។រូបភាពពី៖ ហ្វេសប៊ុក លោក មៀច គង់ហ៊ុយ

«ឆ្នាំដំបូងដាំបានផលល្អ ភ្ញៀវចូលមកឃើញទិដ្ឋភាពស្អាតខ្លាំង ប៉ុន្តែឥឡូវនេះ បើតាមចិត្តដែលធ្លាប់ទទួលបានភាពជោគជ័យពីមុន ឥឡូវដាំបានតិចហើយផ្កាក៏អត់សូវរីកស្អាត ហើយក៏សូវមានអារម្មណ៍បំផុសឱ្យភ្ញៀវមកដែរ ខ្លាចភ្ញៀវខកបំណង។ ផ្កាស្អាត តែចំនួនតិចជាមុន»។ នេះជាការលើកឡើងរបស់លោក មៀច គង់ហ៊ុយ ម្ចាស់ចម្ការផ្កាដំណក់ភ្លៀង។ 
 
អ្នកស្រលាញ់ការដាំដុះផ្ការូបនេះ សង្ឃឹមថា ទេសចរនឹងបន្តទៅទស្សនា ក៏ដូចជាថតរូបកម្សាន្តដូចឆ្នាំមុនៗ។ ទោះឆ្នាំនេះ មិនទទួលបានលទ្ធផលល្អ តែលោកនឹងបន្តដាំរៀងរាល់ឆ្នាំ ដ្បិតនេះជាការងារដែលលោកស្រលាញ់ និងរីករាយធ្វើ។ ជាមួយគ្នានេះដែរ លោកក៏រំភើប ដែលលោកបានរួមចំណែកទាក់ទាញទេសចរជិតឆ្ងាយមកលេងកម្សាន្តខេត្តកំណើតរបស់លោក៕
  

ផ្កាដំណក់ទឹកភ្លៀងពណ៌ ស ។ រូបភាពពី៖ ហ្វេសប៊ុក លោក មៀច គង់ហ៊ុយ
 

សួនផ្កាដំណក់ទឹកភ្លៀង ដែលលោក មៀច គង់ហ៊ុយ បានរៀបចំបន្ថែម។រូបភាពពី៖ ហ្វេសប៊ុក លោក មៀច គង់ហ៊ុយ
 

Tag:
 ទេសចរណ៍
  ផ្កាដំណក់ទឹកភ្លៀង
  ខេត្តបំបាត់បង
© រក្សាសិទ្ធិដោយ thmeythmey.com