ជាតិ
រថយន្ត
​Volkswagen ជាឡានបុរាណដែលសម្បូរជាងគេនៅកម្ពុជា តែមួយចំនួន​ខូចជិះលែងកើត ​​
21, Nov 2022 , 7:19 pm        
រូបភាព
បាត់ដំបង៖ ប្រជាពលរដ្ឋខ្មែរហៅរថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១ ថា ឡានអណ្ដើក។ គឺដោយសាររាងមូលរបស់វា។ តាមពិត មានតែចាស់ៗ ដែលហៅរថយន្ដប្រភេទនេះបែបនេះ។ ​​មុនសង្គ្រាម មានច្រើនគួរសមក្នុងប្រទេស។ ពេលបច្ចុប្បន្ននេះ មានប្រមាណ២០គ្រឿង ទូទាំងប្រទេស ក៏ប៉ុន្តែស្ទើរតែទាំងអស់ ត្រូវនាំចូលពីបរទេសពេលវាចាស់ហើយ។ នៅក្រុងបាត់ដំបង មាន២គ្រឿង។ ១គ្រឿងអាចជិះបាន។ មួយទៀតជាកម្មសិទ្ធិរបស់ លោក ឆាយ ម៉ាទីណាល់ ដែលជាអភិបាលរង ខេត្តបាត់ដំបងសព្វថ្ងៃ។ គឺជា VOLKSWAGEN ប្រភេទទី១ ម៉ូឌែល 1300 ពណ៌ពងមាន់ ផលិតប្រហែលឆ្នាំ១៩៦៧ ដែលគាត់ទុកអភិរក្ស។
 
1300 គឺជាចំណុះម៉ាស៊ីន ដែលមាន ១៣០០CC (សង់ទីម៉ែត្រ​គូប) ឬ ១៣០០មីលីលីត្រ។ វាមានគ្រឿងពីដើមច្រើន លើក​លែង​តែ​ចង្កូត ដែល​ទំនើប។ តាប្លូ​ខាង​អ្នក​បើកបរ ត្រូវ​បាន​កែ​ច្នៃ។ ស៊ីញ៉ូ​ឆ្វេង​ស្ដាំ​ លើ​ដែកកាង​ខាង​មុខ ត្រូវ​បាន​កាត់ដាក់​បន្ថែម។ ខាងក្រោយវិញ ត្រូវបានបិតរូបក្បាលឆ្កែ។ ម៉ាស៊ីនស្ថិតនៅខាងក្រោយដូចពីដើម។ តាមពិតកាលពីមុននេះបន្តិច ​អាចជិះបាន​។ លោក ម៉ាទីណាល់ មានគំនិតយកទៅជួសជុល នៅប្រទេសថៃ​ ពីព្រោះនៅទីនោះងាយស្វែងរកគ្រឿងបន្លាស់​។
 
ដើម្បីជ្រាបលម្អិតសូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
នៅ​ទូទាំងពិភពលោក​ VOLKSWAGEN ប្រភេទ​ទី១ នៅ​សេសសល់​ច្រើន​​។ ដូច្នេះ​ក្នុង​ចំណោម​ឡាន​បុរាណ ដែល​ត្រូវ​នាំ​ចូល​មក​ប្រទេស​កម្ពុជា ច្រើន​ជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះ​មាន​ឈ្មោះ​ផ្លូវការ​ថា ​ប្រភេទទី១ ពីព្រោះ​ជា​ប្រភេទដំបូងគេបង្អស់ ដែល​ក្រុមហ៊ុន VOLKSWAGEN បាន​ផលិត​។ ​​ប៉ុន្តែ​គ្មាន​នរណា​ហៅ​វា​ដូចនេះ​ទេ គេគេហៅតាម​ភាសា​នីមួយៗ​រថយន្ដ​នេះ ​មាន​ឈ្មោះ​ហៅថា Käfer (ភាសាអាល្លឺម៉ង់) ​Coccinelle (ភាសា​បារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសា​អង់គ្លេស) ​លឺ Kever (ភាសា​​ហូឡង់) Maggiolino (ជាភាសា​អ៊ីតាលី) Fusca (ភាសា​ព័រទុយហ្កាល) Garbus (ភាសាប៉ូឡូញ) Bogár (ភាសា​ហុងគ្រី)។ ល។ ដែល​អាច​បកប្រែ​ថា ​សត្វ​ខ្ញុង ពីព្រោះ​វា​មាន​រាង​ដូច​សត្វ​ល្អិត​នេះ។



ជា​ភាសា​ខ្មែរ​វិញ ចាស់ៗហៅថា​​ ​​ឡានអណ្ដើក។ បុរាណ​ក៏ដោយ ទូទាំង​ពិភព​លោក មិនមែនជាប្រភេទ​រថយន្ដ​កម្រ​មាន​ទេ ពីព្រោះ​គឺ​ជា​ប្រភេទ​រថយន្ដ ដែល​ត្រូវ​បាន​ផលិត​យូរ​ជាង​គេបំផុត :​ ​ពី​ឆ្នាំ១៩៣៨ ​ដល់​ឆ្នាំ​២០១៩។ តាម​ពិតនៅ​ទ្វីប​អឺរ៉ុប ត្រូវបាន​ឈប់​ផលិតត្រឹម​ឆ្នាំ​១៩៧៨។ ក្រៅ​ពី​នេះ ត្រូវ​បាន​បន្ត​ផលិត​រហូត​ដល់ឆ្នាំ២០០៣។ បន្ទាប់មក​ ត្រូវ​ផលិត​ជំនាន់​ចុងក្រោយមួយ​ទៀត ក្នុង​រោងចក្រមួយគត់ ស្ថិតនៅ​អាម៉េរិក​ឡាទីន រហូត​ដល់​ឆ្នាំ​២០១៩។​
​ម៉ាក VOLKSWAGEN ត្រូវបាន​បង្កើត​ឡើងនៅ​ប្រទេស​អាល្លឺម៉ង់​ នៅ​អំឡុង​ឆ្នាំ​១៩៣៧ ដោយ​ពលរដ្ឋ​អូទ្រីស​មួយ​រូប​ឈ្មោះ PORSCHE Ferdinand ដែលក៏បាន​បង្កើត​ម៉ាក PORSCHE ដែរ។ ជា​ភាសា​អាល្លឺម៉ង់​ពាក្យ VOLKS មាន​ន័យ​ថា ប្រជាជន និងពាក្យ WAGEN មាន​ន័យ​ថា ​ឡាន៕
 







 

Tag:
 យានយន្ត
  ឡានបុរាណ
  Volkswagen
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com