FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អាហ្សង់ទីនជួបអារ៉ាប៊ីសាអូឌីត មុនដាណឺម៉ាកប៉ះទុយនីសី ឯម៉ិកស៊ិកតទល់ប៉ូឡូញ
22, Nov 2022 , 12:29 pm        
រូបភាព
ការប្រកួតពានរង្វាន់ FIFA World Cup 2022 រាត្រីថ្ងៃទី២២ ខែវិច្ឆិកានេះ ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវជួបអារ៉ាប៊ីសាអូឌីត ក្នុងជំនួបបើកឆាកពូល C មុនដាណឺម៉ាកប៉ះទុយនីស៊ីពូល D។ ម៉ិកស៊ិកក៏ត្រូវជួបតទល់ជាមួយប៉ូឡូញនៃការប្រកួតបើកឆាកពូល​ C មុនក្រុមម្ចាស់ការពារតំណេងជើងឯកបារាំងជួបអូស្ត្រាលីសម្រាប់ជំនួបពូល C។

អាហ្សង់ទីនត្រូវប្រកួតទល់ក្រុមស្ថិតនៅតំបន់អារ៉ាប់អារ៉ាប៊ីសាអូឌីតវេលាម៉ោង ៥ល្ងាច ជាប្រកួតបើកឆាកពូល C និងជាជំនួបដ៏សំខាន់សម្រាប់ពួកគេក្នុងការស្វែងរក ៣ពិន្ទុ នាកីឡដ្ឋាន Lusail Iconic ប្រទេសកាតា។ អាហ្សង់ទីនក្រុមជើងឯក World Cup ២សម័យ ឆ្នាំ​១៩៧៨ និង ១៩៨៦ ខណៈដែលអារ៉ាបសាអូឌីតកំពុងតែសម្លឹងស្វែករកពិន្ទុដើម្បីជៀសវាងឈរចំណាត់ថ្នាក់បាតតារាងនៃពូលដ៏ខ្លាំងនេះ។
 
ធ្វើដំណើរមកកាន់ការប្រកួតនៅកាតាជាមួយកំណត់ត្រា ៣៥ប្រកួតចុងក្រោយមិនដែលចាញ់ អាហ្សង់ទីនក្លាយជាក្រុមទទួលបានការចាប់អារម្មណ៍ក្នុងការឈ្នះពាន World Cup ខណៈក្រុមនេះមិនសូវមានបញ្ហារបួសឡើយ។ 
 
កីឡាកររបួសក្រោយការប្រកួតសមាសភាពបានប្រកាសដកខ្លួនចេញនឹងជំនួសដោយកីឡាករថ្មី។ អារ៉ាប៊ីសាអូឌីតកាលដែលជាក្រុមមិនដែលឆ្លងផុតវគ្គចែកពូលក៏ត្រូវធ្វើការធ្ងន់ក្នុងជំនួបពូល C នេះ ខណៈក្រុមក៏មិនមានបញ្ហាកីឡាកររបួសដែរ។ ស្ថិត ៥ប្រកួតចុងក្រោយសម្រាប់អាហ្សង់ទីន ឈ្នះទាំង ៥ប្រកួត ចំណែកអារ៉ាប៊ីសាអូឌីត ស្មើ៣ ឈ្នះ ១ និងចាញ់១។ 
មកកាន់ការប្រកួតរវាងដាណឺម៉ាក ប្រជែងទុយនីស៊ីវេលាម៉ោង ៨យប់ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Al Rayyan ទីក្រុងដូហា ជាជំនួបបើកឆាកពូល D។ ដាណឺម៉ាកកាលព្រឹត្តិការណ៍ Euro 2020 ជាក្រុមមួយដែលធ្វើបានល្អខ្លាំងគួរឱ្យភ្ញាក់ផ្អើល ពួកគេឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើដំណើរមកកាន់ប្រទេសកាតា ក្លាយជាក្រុមដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់ការប្រកួតទល់។ ទុយនីស៊ីធ្វើដំណើរមក World Cup ក្រោយបញ្ចប់ចំណាត់ថ្នាក់លេង ២ នៅការប្រកួតជម្រុះទ្វីបអាហ្វ្រិកកាលពីខែមីនា។
 
នេះជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមទាំងពីរនៅព្រឹត្តិការណ៍ World Cup បើទោះបីពួកគេធ្លាប់ជួបគ្នាក្នុងការប្រកួតមិត្តភាពអំឡុងកាលឆ្នាំ ២០០២ ក្តី។ ចាប់តាំងឈ្នះបារាំង ២-០ នៅ UEFA Nations League ដាណឺម៉ាកមិនមានសកម្មភាពប្រកួតអ្វីឡើយ ខុសពីទុយនីស៊ីប្រកួតមិត្តភាពឈ្នះអ៊ីរ៉ង ៣-០ មុនការប្រកួតផ្លូវកា ចំណែកស្ថិតិ ៥ប្រកួតចុងក្រោយមកនេះដាណឺម៉ាក ឈ្នះ៣ ចាញ់២ រីឯទុយនីស៊ី ឈ្នះ៣ ស្មើ១ និងចាញ់១។ កីឡាករទទួលបានការចាប់អារម្មណ៍ Cristian Eriksen លេងឱ្យដាណឺម៉ាក ខណៈទុយនីស៊ីមាន Issam Jebali ហើយដាណឺម៉ាកមានកីឡាករ Andreas Christensen របួស និង​ Jonas Wind ខណៈ Ellyes Skhri និង Omar Rekik របួសសម្រាប់ទុយនីស៊ី។
 
វិលមកជំនួបពូល C ម្តងទៀតវេលាម៉ោង ១១យប់ នាកីឡដ្ឋាន Ras Abou Aboud ជាប្រកួតដ៏តានតឹងមួយក្នុងពូលរវាងម៉ិកស៊ិក ប៉ះប៉ូឡូញ។ ប៉ូឡូញឡើងមកកាន់ World Cup ក្រោយបញ្ចប់ចំណាត់លេខ ២ក្នុងបូលពេលជម្រុះតាមតំបន់ ហើយមកជួបម៉ិកស៊ិកដែលជាក្រុមតែងឡើងដល់វគ្គ ១៦ក្រុមជាប់គ្នារាល់ការប្រកួតតំាងពីឆ្នាំ ១៩៩៦ មក។ 
 
កាលឆ្នាំ ២០១៨​ World Cup នៅរុស្ស៊ីប៉ូឡូញធ្លាក់ចេញនៅវគ្គចែកពូល ខណៈម៉ិកស៊ិកឆ្លងដល់វគ្គ ១៦ក្រុម ជួបគ្នារាត្រីនេះប៉ូឡូញ មានបញ្ហារកីឡាកររបួសច្រើនដោយមាន Bartlomiej Dragowski, Jacek Goralski និង Adam Buksa សុទ្ធសឹងស្ថិតក្នុងបញ្ជីរបួស ខណៈ​ Robert Lewandowski ជាកីឡាករទទួលបានការចាប់អារម្មណ៍ក្នុងការប្រកួត។ ម៉ិកស៊ិកក៏មាន Raul Jimenez និង Jesus Corona ដែលរបួសនឹងជាកីឡាករសំខាន់។
 
បារាំងក្រុមការពារតំណែងជើងឯកក្រោយបញ្ចប់ចំណាត់ថ្នាក់កំពូលក្នុងពូលពីការប្រកួតជម្រុះ ត្រូវជួបតទល់ក្រុមអូស្តា្រលីដែលជាក្រុមដ៏ខ្លាំងមួយមកពីទ្វីបអាស៊ីដែលពួកគេឈ្នះការប្រកួតដណ្តើមកន្លះកៅអីបង្គ្រប់មក World Cup នេះលើប៉េរូ វេលាម៉ោង ២យប់ នាកីឡដ្ឋាន Al Janoub នៃពូល D។ បារាំងមកកាន់ World Cup 2022​ ជាមួយបញ្ហាដ៏ធំដោយអវត្តមានកីឡាករសំខាន់ដល់ទៅ ៥រូបរួមមាន Paul Pogba, N’Golo Kante, Presnel Kimpembe, Christopher Nkunku និង Karim Benzema ព្រោះរបួស។
 
ស្ថិតិប្រាំប្រកួតចុងក្រោយរបស់បារាំងដែលជាជើងឯក World Cup 2018 ​មិនសូវធ្វើបានល្អឡើយ ដោយឈ្នះតែ ១ប៉ុណ្ណោះខណៈស្មើ ២និងចាញ់២ ស្របពេលអូស្ត្រាលីឈ្នះទាំង ៥ប្រកួតមុនធ្វើដំណើរមកកាតា។ 
 
រាត្រីនេះជាការប្រកួតដ៏សំខាន់សម្រាប់បារាំង ដោយពួកគេត្រូវការពិន្ទុខ្លាំងដើម្បីប្រជែងតំណែងល្អក្នុងពូល ដែលមានក្រុមដាណឺម៉ាកជាក្រុមដែលល្អមួយស្ថិតនៅពូលជាមួយគ្នា៕
 
 
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com