ជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ តម្លៃស្រូវនឹងត្រលប់មករកភាពប្រក្រតីវិញ
22, Nov 2022 , 8:59 pm        
រូបភាព
កសិករ កំពុងរងចាំរោងម៉ាស៊ីនទិញស្រូវ ក្រោយមានការសម្របសម្រួលពីក្រសួងកសិកម្ម។ រូបភាព៖ ឌិត ទីណា
កសិករ កំពុងរងចាំរោងម៉ាស៊ីនទិញស្រូវ ក្រោយមានការសម្របសម្រួលពីក្រសួងកសិកម្ម។ រូបភាព៖ ឌិត ទីណា
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា តម្លៃស្រូវ នឹងត្រឡប់មកភាពប្រក្រតីវិញ ក្រោយរោងម៉ាស៊ីនកិនស្រូវជាច្រើន បាននាំគ្នាជួយទិញស្រូវកសិករក្នុងតម្លៃសមរម្យតាមការស្នើសុំរបស់រដ្ឋមន្រ្តីកសិកម្មរូបនេះ។
 
រដូវប្រមូលផលស្រូវ បានមកដល់ ដែលនាំឱ្យកសិករនាំគ្នាសម្រុកប្រមូលផលស្រូវរបស់ខ្លួន។ ប៉ុន្តែកសិករ ក៏បានលក់ស្រូវរបស់ខ្លួនយ៉ាងច្រើនដំណាលគ្នានារដូវប្រមូលផលស្រូវ ដែលជាហេតុធ្វើឱ្យស្រូវចុះថោក។ កសិករក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ បានលក់ចេញក្នុងតម្លៃ៩រយរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកសិកម្ម បញ្ជាក់ថា ខែវិច្ឆិកា ដល់ខែ ឆ្នូ ជារដូវប្រមូលផលស្រូវរដូវវស្សា ជាពិសេសស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកកស្ទះ និងជះឥទ្ធិលដល់តម្លៃស្រូវដូចឆ្នាំកន្លងទៅ។ 
 

លោក ឌិត ទីណា បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាផ្លូវការនាថ្ងៃទី១៧ ខែតុលា។  
 
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា លោក ឌិត ទីណា បានបញ្ជាក់ថា ក្រសួងកសិកម្ម សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល រោងម៉ាស៊ីនធំៗ បាននាំគ្នាទិញស្រូវក្នុងតម្លៃ ១០៤០រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្រូវផ្ការំដួល ប្រភេទសើម លេខ១។  
 
រដ្ឋមន្រ្តីកសិកម្មរូបនេះ បានអះអាងដូច្នេះ៖ « អរគុណអ្នក ដែលជួយប្រជាកសិករយើងក្នុងពេលលំបាក។ បន្តិចទៀតយើងឆ្លងផុតដំណាក់កាលចាលស្រូវហើយ។  ថ្លៃស្រូវនឹងត្រលប់មករកភាពប្រក្រតីវិញ»។  
 
បញ្ហាស្រូវ ធ្លាក់ថ្លៃនេះ ត្រូវបានរោងម៉ាស៊ីនជួយទិញ ដើម្បីស្ដារស្ថានភាព។ ការណ៍នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់ថវិកាចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ។ 
 
ការផ្ដល់កម្ចីចំនួន ៩៣លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករនេះ ក៏ត្រូវបានលោក ឌិត ទីណា ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធផងដែរ។ 
 
លោក ឌិត ទីណា​ បានថ្លែងថា៖ «ខ្ញុំសូមអរគុណនូវស្មារតីទទួលខុសត្រូវខ្ពស់ និងការឆ្លើយតបទាន់ពេលវេលារបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងរយៈពេលដែលធ្លាក់ថ្លៃស្រូវ ហើយក្រសួងកសិកម្មត្រូវការជំនួយជាបន្ទាន់។ តួអង្គសំខាន់មួយទៀត គឺសហព័ន្ធស្រូវអង្ករកម្ពុជាដែលបានសហការគ្នាប្រមូលទិញយ៉ាងសស្រាក់សស្រាំក្នុងតម្លៃដែលអាចទទួលយកបាន»។  
 
ក្រសួងកសិកម្ម បានអំពាវនាវដល់កសិករឈប់បង្ហោះព័ត៌មានមិនពិត ដែលលើកឡើងថា ក្រសួង មិនអើពើជួយដោះស្រាយបញ្ហាប្រឈមជូនកសិករ។ ក្រសួងបន្តថា ការបង្ហោះបែបនេះ អាចបង្កការភ័យបារម្ភ ដល់កសិករផ្សេងទៀត ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវខ្លាចមិនទាន់គ្រប់គុណភាពដើម្បីលក់ ធ្វើឱ្យស្រូវកាន់តែធ្លាក់ថ្លៃថែមទៀត៕  
 

Tag:
 កសិកម្ម
  ស្រូវ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com