FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះកាតា ត្រូវបានផ្សាយថាបានជួលមនុស្សឱ្យទៅគាំទ្រផ្ទាល់នៅប្រកួតបើកឆាក
22, Nov 2022 , 9:29 pm        
រូបភាព
កាតាបានក្លាយជាក្រុមជម្រើសជាតិដំបូងប្រចាំប្រវត្តិសាស្ត្រ World Cup ដែលប្រកួតចាញ់នៅជំនួបបើកឆាកក្នុងនាមជាម្ចាស់ផ្ទះ។ រឿងដ៏អាម៉ាស់ផ្សេងទៀត កាតាត្រូវបានផ្សាយថាបានជួលអ្នកគាំទ្រឱ្យទៅចូលរួមទស្សនាផ្ទាល់នៅជំនួបបើកឆាករបស់កាតាទល់អេក្វាទ័រ។ អំឡុងការប្រកួតនៅវគ្គទីពីរនាជំនួបនោះ កៅអីអង្គុយរាប់ពាន់ក្នុងកីឡដ្ឋាន Al Bayt ប្រែជាទំនេរវិញ ដោយអ្នកទស្សនាជាជនជាតិកាតាបាននាំគ្នាចាកចេញពីការប្រកួត។


ម្ចាស់ផ្ទះកាតាប្រកួតចាញ់ក្រុមអេក្វាទ័រលទ្ធផល ២-០ ដោយ ២គ្រាប់របស់អេក្វាទ័រស៊ុតដោយខ្សែប្រយុទ្ធជួរមុខ Enner Valencia ត្រឹមនាទី៣១ តែប៉ុណ្ណោះនៃការប្រកួតវគ្គទីមួយ។ នាការប្រកួតថ្ងៃបើកឆាករបស់ម្ចាស់ផ្ទះនាកីឡដ្ឋាន Al Bayt ចំនួនអ្នកទស្សនាត្រូវបានប្រកាសនៅវគ្គទីពីរថាមានអ្នកចូលទស្សនាប្រមាណជាង ៦៧,៣៧២នាក់ ប៉ុន្តែក្រោយការប្រកួតវគ្គទីពីរចាប់ផ្តើមកៅអីអង្គុយជាច្រើនត្រូវបានទុកនៅទំនេរទៅវិញក្រោមហេតុផលអ្នកទស្សនាដែលជាជនជាតិកាតាបានចាកចេញដែលទំនងព្រោះលទ្ធផលនៃការប្រកួត។
 
​ទន្ទឺមនឹងនោះ មានការបង្ហើបមួយលើកឡើងថាប្រទេសកាតាបានបង់ប្រាក់ជួលមនុស្សឱ្យមកទស្សនាការប្រកួត ដែលនាំឱ្យមានរូបភាពចម្លែកនៅក្នុងកីឡដ្ឋានដែលពោរពេញទៅដោយកញ្ចប់កាដូលេចចេញនៅតាមកៅអីដែលទំនេរពេញក្នុងវគ្គតីពីរ ដែលអាចថាធ្វើឡើងដើម្បីការទាក់ទាញចំណាប់អារម្មណ៍មនុស្សឱ្យមកទស្សនាវិញ។
 
មិនត្រឹមតែប៉ុណ្ណោះគណៈកម្មាធិការរៀបចំការប្រកួតក៏បានប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងលុយដើម្បីគៀងគរប្រជាជនខ្លួនឱ្យមកទស្សនា តែអ្នកមកទស្សនាទាំងនោះនឹងមិនអាចទទួលបានប្រាក់ឡើយដែលអ្នករៀបចំបានសន្យាផ្តល់ជូននោះទេ ក្រោយពួកគេបានរឿងដ៏គួរឱ្យអាម៉ាស់ខ្លាំងនាថ្ងៃបើកនៃការប្រកួត World Cup នោះ។ នេះបើតាមការផ្សាយរបស់កាសែត Marca។ 
 
គួររំលឹកដែរថា កាតាបានផ្លាស់ប្តូរចិត្តអំពីការអនុញ្ញាតឱ្យលក់ស្រាបៀរនៅក្នុងកីឡដ្ឋាន តាមកីឡដ្ឋានទាំង៨ ហើយរឿងនេះអាចនឹងធ្វើឱ្យ FIFA ត្រូវបង់ប្រាក់ប្រមាណជាង ៧៥លានដុល្លារលើថ្លៃសេវាផ្លូវច្បាប់ទៅឱ្យក្រុមហ៊ុនដែលបានទទួលសិទិ្ធលក់ស្រាបៀរនាការប្រកួតនោះវិញ៕
 
 

Tag:
 World Cup
 Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com