ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួបនៅកម្ពុជា៖ អាម៉េរិក និយាយជាមួយចិន ពីការរួមគ្នាប្រឆាំងការប្រើអាវុធនុយក្លេអ៊ែ
22, Nov 2022 , 5:29 pm        
រូបភាព
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងលោក វ៉ី ហ្វឹងហឺ រដ្ឋមន្រ្តីការពារជាតិចិន ជួបគ្នាលើទឹកដីខេត្តសៀមរាប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងលោក វ៉ី ហ្វឹងហឺ រដ្ឋមន្រ្តីការពារជាតិចិន ជួបគ្នាលើទឹកដីខេត្តសៀមរាប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយ៖ អុីសា រ៉ហានី និង ទេពញាណ 
 
បញ្ហាធំៗរបស់ពិភពលោក ដោយបូករួមទាំងបញ្ហាអាវុធនុយក្លេអ៊ែផងដែរ ត្រូវបានលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លើកយកទៅជជែកជាមួយលោក វ៉ី ហ្វឹងហឺ (Wei Fenghe) រដ្ឋមន្រ្តីក្រសួងការពារជាតិចិន ក្នុងជំនួបទ្វេភាគីលើទឹកដីខេត្តសៀមរាម ដែលជាខេត្តវប្បធម៌របស់កម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។


«លោករដ្ឋមន្រ្តី អូស្ទីន បានពិភាក្សាពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយលោក បានបញ្ជាក់ពីរបៀបដែលអាម៉េរិក និងចិន រួមគ្នាប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែ ឬប្រឆាំងនឹងការគំរាមកំហែងពីការប្រើប្រាស់អាវុធនេះ»។ នេះជាខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាម៉េរិក ដែលចេញភ្លាមៗ ក្រោយពីជំនួបរវាងលោក អូស្ទីន និងលោក វ៉ី ត្រូវបានបញ្ចប់។ 
 
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា នៅចំពោះមុខលោក វ៉ី លោក អូស្ទីន បានបង្ហាញក្តីបារម្ភពីការបង្កហេតុឡើងរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ។ លោក អូស្ទីន នៅបានជជែកជាមួយលោក វ៉ី លើប្រធានបទផ្សេងៗទៀត ដូចជា សារសំខាន់នៃកិច្ចចរចាលើការកាត់បន្ថយហានិភ័យ ការពង្រឹងទំនាក់ទំនងដែលមានវិបត្តិ និងការលើកកម្ពស់សុវត្ថិភាពផ្នែកប្រតិបត្តិការ ជាដើម។ 
 
ក្រៅពីនេះ លោក អូស្ទីន និងលោក វ៉ី បានពិភាក្សាគ្នាពីទំនាក់ទំនងលើវិស័ការពារជាតិនៃប្រទេសទាំង២ និងពីបញ្ហាសន្តិសុខសាកល។ នេះបើផ្អែកលើសេចក្តីប្រកាសព័ត៌មានពីភាគីអាម៉េរិកដដែល។ 
 
លោក តាន់ ខឺហ្វី (Tan Kefei) អ្នកនាំពាក្យក្រសួងការពារជាតិចិន ដែលមានវត្តមានលើទឹកដីកម្ពុជាដែរនោះ បានប្រាប់ក្រុមអ្នកកាសែតថា វា មានសារសំខាន់ណាស់ ក្នុងការនាំទំនាក់ទំនងចិន-អាម៉េរិក និងការអភិវឌ្ឍប្រកបដោយស្ថិរភាពត្រឡប់មកវិញ។ លោក តាន់ បញ្ជាក់បែបនេះថា៖«វា ជាទំនាក់ទំនងយុទ្ធសាស្រ្ត ដែលមានភាពស្មោះត្រង់ជាមួយគ្នា មានភាពស៊ីជម្រៅ និងប្រកបដោយការស្ថាបនា»។ 
 
ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក និងរដ្ឋមន្រ្តីក្រសួងការពារជាតិចិន នឹងធ្វើកិច្ចការដ៏ល្អជាមួយគ្នា។ មេដឹកនាំកម្ពុជា ថ្លែងដូច្នេះថា៖«… អាចចាត់ទុកថា កម្ពុជា ជាទីកន្លែងនៃការសម្រុះស​ម្រួល១ របស់មហាអំណាច ដែលនាំទៅដល់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក»។
 
សូមបញ្ជាក់ថា ប្រមុខការពារជាតិនៃប្រទេសមហាអំណាចទាំង២ខាងលើ មកកម្ពុជាលើកនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន៕ 
 

Tag:
 ប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន
  កម្ពុជា
  អាម៉េរិក
  ចិន
  នុយក្លេអ៊ែ
© រក្សាសិទ្ធិដោយ thmeythmey.com