កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីតបញ្ចប់កំណត់ត្រាអាហ្សង់ទីន ៣៦ប្រកួតមិនដែលចាញ់នៅ World Cup 2022
22, Nov 2022 , 7:43 pm        
រូបភាព
រូបភាព៖ FIFA World Cup
រូបភាព៖ FIFA World Cup
អារ៉ាប៊ីសាអូឌីតយកបាន៣ពិន្ទុពីដៃអាហ្សង់ទីនក្នុងការប្រកួតបើកឆាកពូល C នៃព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ក្រោយយកឈ្នះដោយលទ្ធផល ២-១ នាកីឡដ្ឋាន Lusail iconic ល្ងាចថ្ងៃទី២២​ ខែវិច្ឆិកា។
 
បញ្ចប់ការប្រកួតដោយលទ្ធផល ២-១ អារ៉ាប៊ីសាអូឌីតនាដើមវគ្គទីមួយហាក់មិនសូវធ្វើបានល្អប៉ុន្មានឡើយ ដោយបានបង្កកំហុសនៅក្នុងប្រអប់ទីដែលជាតំបន់គ្រោះថ្នាក់បណ្តាលឱ្យអាហ្សង់ទីនមានឱកាសចំណេញការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី១០។ ខ្សែប្រយុទ្ធ Lionel ដែលបង្ហាញខ្លួនលើកទី៥ នៅ World Cup ជាអ្នកស៊ុតនាំមុខឱ្យអាហ្សង់ទីនគ្រាប់ទី១។ 
 
ក្រោយត្រូវអាហ្សង់ទីននាំមុខអារ៉ាប៊ីសាអូឌីតក៏អាចកែប្រែស្ថានកាល មកវិញដោយអាចមានឱកាសវាយសម្រុកវិញលើអាហ្សង់ទីន ហើយនៅក្នុងវគ្គទីមួយក្រុមទាំងសងខាងមានការវាយសម្រុកគ្នាទៅវិញទៅមក ដោយទំនុកចិត្ត។ យ៉ាងណាមិញឱកាសរកគ្រាប់បាល់របស់អាហ្សង់ទីន ៣លើកត្រូវបានបដិសេធដោយការពិនិត្យប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ VAR ដោយក្នុងនោះគ្រាប់បាល់នៅនាទី២៨ ដោយ Lautaro Martinez មិនផ្តល់ឱ្យឡើយ ហើយលទ្ធផល ១-០ នៅតែគ្មានការប្រែប្រួលរហូតចប់វគ្គទីមួយ។
 
ឈានចូលវគ្គទីពីរអារ៉ាប៊ីសាអូឌីតបានកែប្រែយុទ្ធសាស្រ្តលេងបានយ៉ាងល្អដោយនៅដើមវគ្គពួកគេបានដាក់សម្ពាធវាយសម្រុកខ្លាំងលើអាហ្សង់ទីន ហើយនៅនាទី៤៩ ទើបចាប់ផ្តើមការប្រកួតបានបួននាទី កីឡាករ Seleh Al-Shehri ស៊ុតគ្រាប់តាមស្មើ ១-១។ ក្រោយតាមស្មើ អារ៉ាប៊ីសាអូឌីតបន្តសម្រុកខ្លាំងបន្ថែមទៀតរហូត ៩នាទីក្រោយមកពួកគេអាចស៊ុតបន្ថែមគ្រាប់ទី២ នាំមុខដោយកីឡាករ Salem Al Dawsari ត្រឹមនាទី៥៨ លើអាហ្សង់ទីន។ 
 
ចាប់តាំងនាទី៥៨ មករហូតដល់ចប់ការប្រកួតក្រុមទាំងសងខាងនៅតែបន្តការវាយសម្រុកគ្នាទៅវិញទៅមកដដែល តែគ្មានឱកាសជាជាកត់សំគាល់បំប៉ោងសំណាញទីបន្តឡើយ ខណៈអារ៉ាប៊ីសាអូឌីតមានអ្នកចាំទី Mohammed Khalil Al Owais បង្ហាញការសង្គ្រោះបាល់បានយ៉ាងល្អនាការប្រកួតដោយនាំមុខលើក្រុមខ្លាំងមកពីទ្វីបអាម៉េរិកខាងត្បូង។

នេះជាការឈ្នះលើអាហ្សង់ទីនលើកដំបូងសម្រាប់អារ៉ាប៊ីសាអូឌីតគិតតាំងពីឆ្នាំ ១៩៨៨ មកដែលក្រុមទាំងពីរបានជួបគ្នា។ តាំងពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ២០១២ អារ៉ាប៊ីសាអូឌិតមិនដែលប្រកួតឈ្នះអាហ្សង់ទីនឡើយ ពោល ៤ប្រកួតជួបគ្នា ស្មើ២ និងចាញ់អាហ្សង់ទីន ២លើក។
 
ក្រោយឈ្នះការប្រកួតអារ៉ាប៊ីសាអូឌីតបានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់អាហ្សង់ទីន ៣៦ប្រកួតមិនដែលចាញ់តាំងឆ្នាំ ២០១៨ មក ហើយនេះក៏ជាការប្រកួតប្រវត្តិសាស្ត្រមួយសម្រាប់អារ៉ាប៊ីសាអូឌីត ដែលពួកគេឈ្នះការប្រកួតបើកឆាកតាមពូលលើកដំបូងតាំងពីឆ្នាំ ១៩៨៦ មក៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com