ជាតិ
អាស៊ាន
ដើម្បីឲ្យតំបន់អាស៊ានមានសុខដុម សម្ដេច ហ៊ុន សែន ជំរុញឲ្យពង្រឹងកិច្ចសហការ និងពហុភាគីនិយម 23, Nov 2022 , 11:59 am
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅខេត្តសៀមរាប។ រូបបី SPM
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានទស្សនៈថា ដើម្បីឲ្យតំបន់អាស៊ានសម្រេចនូវ «សន្តិសុខប្រកបដោយភាពសុខដុម» គឺត្រូវតែពង្រឹង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឲ្យបានគ្រប់ជ្រុងជ្រោយ។
នាពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅខេត្តសៀមរាបថ្ងៃនេះ សម្ដេច ហ៊ុន សែន បានលើកពីបញ្ហាជាច្រើន រួមមាន ភាពមិនប្រក្រតីនៃសន្តិសុខសកល បរិស្ថាន និងសេដ្ឋកិច្ចជាដើម។ លើសពីនេះ គឺភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ការរាតត្បាតជំងឺកូវីដ-១៩ វិបត្តិស្បៀងអាហារ និងថាមពល។
នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកបញ្ហាខាងលើនេះ ជាស្ថានភាពដ៏អាក្រក់មួយ ដែលពិភពលោក កំពុងស្ថិតក្នុងវិបត្តិដ៏ស្មុគស្មាញ ហើយបង្កជាការគំរាមកំហែងដល់ស្ថិរភាពសន្តិភាព។ ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន សែន ក៏កត់សម្គាល់ឃើញដែរ ពីការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ហើយទទួលរងនូវផលវិបាក។
កម្ពុជាគាំទ្រជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន បើកចំហ និងពង្រឹងយន្តការដឹកនាំដោយអាស៊ាន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ សម្ដេច ហ៊ុន សែន លើកឡើងបែបនេះ មុនបន្ថែមថា ការផ្សារភ្ជាប់និងអាស្រ័យគ្នានទៅវិញទៅមក ជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ី-បាស៊ីហ្វិក។
ដើម្បីសម្រេចបានូវមូលបទ «សន្តិសុខប្រកបដោយភាពសុខដុម» នៅតំបន់អាស៊ាន សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ។ ដោយសារមានការកើនឡើងនៃភាពស្មុកស្មាញ និងលក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និងការគំរាមកំហែងឆ្លងដែន យើងត្រូវតែសហការឲ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និង ឧបសគ្គទាំងនេះ»។
ក្រៅពីនេះ គឺលើកម្ពស់នីម្នាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និងបើកចំហ។ ទន្ទឹមនឹងនេះ គឺត្រូវលើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ ពិសេសកិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធា៕
© រក្សាសិទ្ធិដោយ thmeythmey.com