ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា-អាម៉េរិក ប្រាប់គ្នាទៅវិញទៅមក ពីការលំបាក និងការធ្លាក់ចុះនូវទំនាក់ទំនងកងទ័ព
23, Nov 2022 , 12:59 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ឡយ អូស្ទីន រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក ស្ថិតលើទឹកដីខេត្តសៀរាប នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ឡយ អូស្ទីន រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក ស្ថិតលើទឹកដីខេត្តសៀរាប នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយ៖ អុីសា រ៉ហានី និង ទេពញាណ 

ក្នុងជំនួបផ្ទាល់មុខគ្នា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងពីបញ្ហាខ្លះៗក្នុងទំនាក់ទំនងផ្នែកវិស័យកងទ័ពកម្ពុជា-អាម៉េរិក ហើយលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក ក៏មើលឃើញដូច្នេះដែរ។ ជំនួបរវាងប្រមុខការពារជាតិប្រទេសទាំង២ ប្រព្រឹត្តទៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។


ប្រមុខការពារជាតិកម្ពុជា និយាយត្រង់ៗទៅកាន់ប្រមុខការពារជាតិនៃប្រទេសមហាអំណាចអាម៉េរិកថា៖«ទំនាក់​ទំនងកងទ័ពប្រទេស​ទាំង២​ ​បាន​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​លំបាក១។ ​បើយើង ​យល់​ឃើញ​ថា ​កិច្ច​សហ​ប្រតិបត្តិការ​រវាងកងទ័ពទាំង២ ​មានសារសំខាន់ ​យើង​ ត្រូវ​តែ​ស្វែង​រក​មធ្យោបាយ​ដ៏​ល្អ​បំផុត សម្រាប់​ការ​យោគ​យល់​គ្នា ​និង​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​»។ ប្រសាសន៍របស់សម្តេច ទៀ បាញ់ ត្រូវបានស្រង់យកទៅផ្សព្វផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា ។ 
 
​ក្រសួងការពារជាតិកម្ពុជា សរសេរពីការឆ្លើយតបរបស់រដ្ឋមន្រ្តីការពារជាតិអាម៉េរិកថា៖«រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក ​យល់​ស្រប​ចំពោះ​ទំនាក់​ទំនង​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង២​ ដែល​បាន​ចុះ​ថយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​។ ​ការ​បារម្ភ​នេះ​ មិន​ត្រឹម​តែបញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិប​តេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មក​ពីការ​ខ្វះខាត​នូវ​តម្លាភាព​។ […] អាម៉េរិក ​ចង់ស្ដារ​ឡើង​វិញ​នូវ​ទំនាក់​ទំនងជាមួយកម្ពុជា​ក្នុងវិស័យការពា​រ​ជាតិ ​ប៉ុន្តែ​តម្លាភាព​ គឺជា​បញ្ហា​សំខាន់​បំផុត»។
 
យ៉ាងណាក៏ដោយ លោក អូស្ទីន អះអាងថា កម្ពុជា​ និង​អាម៉េរិក ​មិ​ន​មាន​បញ្ហា​អ្វីនោះទេ ហើយចំពោះ​ការ​មិន​យល់​ និងការ​មិន​ចុះសម្រុងគ្នា​ ភាគីទាំង២ នឹង​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ។ នេះបើតាមក្រសួងការពារជាតិកម្ពុជាដដែល ដោយបន្ថែមនូវសម្តីរបស់លោក អូស្ទីន ទៀតថា ​អាម៉េរិក ​បន្ត​ការ​គាំទ្រ​ការ​ខិត​ខំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​មាន​បំណង​រក្សា​សន្តិភាព​។

លើសពីនេះ ក្រសួងការពារជាតិកម្ពុជា ថែមទាំងបញ្ចេញព័ត៌មានដោយមិនលាក់លៀម ពីការលើកឡើងរបស់លោក អូស្ទីន ជុំវិញមូល​ដ្ឋា​នកងទ័ពចិន​នៅ​កម្ពុ​ជា។ ផ្អែកតាមសំណេររបស់ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ចាត់ទុកមូលដ្ឋានកងទ័ពចិននៅកម្ពុជា ថា​ជាកា​រ​គំរាម​កំហែង​ដល់​ផលប្រយោជន៍ ​សន្តិ​សុខ​អាម៉េរិក​ និង​សន្តិសុខ​សម្ព័ន្ធ​មិត្ត​របស់​អាម៉េរិ​ក​។ 
 
គួរដឹងត្រង់កន្លែងនេះថា កន្លងមក កម្ពុជា ធ្លាប់បកស្រាយច្រើនដងមកហើយថា កម្ពុជា មិនអនុញ្ញាតឲ្យកងទ័ពបរទេស តាំងមូលដ្ឋានលើទឹកដីរបស់ខ្លួននោះទេ។ ភាគីចិន ក៏ធ្លាប់ចេញមកបដិសេធមិនតិចដងដែរ ចំពោះការចោទប្រកាន់របស់អាម៉េរិក ដែលថា ចិន លួចដាក់កងទ័ពនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ។ ការបកស្រាយរបស់កម្ពុជា និងការបដិសេធរបស់ចិនជាដដែលៗនេះ មិនអាចធ្វើឲ្យអាម៉េរិកទទួលយកឡើយ។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិឯណោះវិញ បានឲ្យដឹងថា លោក អូស្ទីន បានបង្ហាញក្តីបារម្ភនៅចំពោះមុខសម្តេច ទៀ បាញ់ ពីសកម្មភាពកងទ័ព [របស់បរទេស នៅកម្ពុជា] ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងតំបន់។ ក្រសួងការពារជាតិអាម៉េរិក បន្ថែមថា លោក អូស្ទីន បានស្នើឲ្យកម្ពុជា ការពារដែនអធិបតេយ្យរបស់ខ្លួន។

ក្រសួងការពារជាតិអាម៉េរិក បរិយាយទៀតថា លោក អូស្ទីន រំលេចឡើងពីសារសំខាន់នៃការកសាងទំនាក់ទំនងទ្វេភាគី ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំង២។ ជាមួយគ្នានេះ លោក ស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងក្នុងការកសាងទំនុកចិត្តទាំង២ភាគី។

ក្រៅពីនេះ សម្តេច ទៀ បាញ់ និងលោក អូស្ទីន បានជជែកគ្នាបន្តិចពាក់ព័ន្ធនឹងរុស្ស៊ីនិងអ៊ុយក្រែន។ សម្តេច បាន​ជម្រាបលោក អូស្ទីន ​អំពី​ការ​សម្រេច​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នាពេ​ល​ថ្មីៗ​នេះ ​ក្នុង​ការ​បញ្ជូន​ក្រុម​គ្រូ​បង្វឹកផ្នែកដោះមីន ទៅ​ជួយ​បណ្ដុះ​បណ្ដា​លក្រុម​ដោះមីន​នៅអ៊ុយ​ក្រែន​ ហើយលោក អូស្ទីន កោតសរសើរកម្ពុជាចំពោះបំណងនេះ។ លោក ថែមទាំងកោតសរសើរកម្ពុជា ដែលចូលរួមគាំទ្រមហាសន្និបាតរបស់អង្គការសហប្រជាជាតិ លើការថ្កោលទោសរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន។

លោក អូស្ទីន មកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លើទឹកដីខេត្តសៀមរាប ក្រោមការរៀបចំរបស់កម្ពុជា ជាប្រធានអាស៊ាន។ លោក វ៉ី ហ្វឹងហឺ រដ្ឋមន្រ្តីការពារជាតិចិន ក៏បានមកចូលរួមដែរ ហើយលោក និងលោក អូស្ទីន ថែមទាំងមានជំនួបភាគីជាមួយគ្នាទៀតផង៕ 
 
 
 

Tag:
 កម្ពុជា-អាម៉េរិក
  ទៀ បាញ់
  Lloyd Austin
  ទំនាក់ទំនងកងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com