ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ទៀ បាញ់ ប្រាប់អាម៉េរិកថា មូលដ្ឋានទ័ពរាម ជាកន្លែងតូចមួយប៉ុណ្ណោះ គួរខ្វល់រឿងផ្សេងវិញ
23, Nov 2022 , 5:39 pm        
រូបភាព
សម្តេច ទៀ បាញ់ ស្ថិតក្នុងសន្និសីទសារព័ត៌មាន (រូបពីក្រសួងព័ត៌មាន)
សម្តេច ទៀ បាញ់ ស្ថិតក្នុងសន្និសីទសារព័ត៌មាន (រូបពីក្រសួងព័ត៌មាន)
ដោយ៖ អ៊ីសា រ៉ហានី និង ទេពញាណ

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការពារជាតិកម្ពុជា ត្រូវបានអ្នកកាសែត សួរជុំវិញការពិភាក្សាជាទ្វេភាគីជាមួយលោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ សម្តេច បានរៀបរាប់ត្រួសៗ ជូនអ្នកកាសែត ដោយក្នុងនោះ ក៏មានបញ្ហាមូលដ្ឋានទ័ពរាមដែរ ដែលត្រូវអាម៉េរិកសង្ស័យថា មានទ័ពចិនលាក់ខ្លួន។ 


ក្នុងស​ន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ទៀ បាញ់ ដែលជាប្រធាននៃកិច្ចប្រជុំនេះ មានប្រសាសន៍ដូច្នេះថា៖«សូម [អាម៉េរិក] គាត់ កុំកង្វល់អីរឿងមូលដ្ឋានហ្នឹង សូមកង្វល់រឿងផ្សេងជាងទៅចុះ។ កន្លែងនេះ គឺតូចមួយទេ វា​ ប៉ុនផែនេសាទអីទេ មិនមែនទៅធ្វើស្តីធំដុំទេ។ ហើយកិច្ចការងារនេះ ត្រូវដំណើរការអភិវឌ្ឍនៅកម្ពុជា»។ 
 
នាជំនួបទ្វេភាគីជាមួយសម្តេច ទៀ បាញ់ កាលពីថ្ងៃទី២២ ខែវចិ្ឆកា លោក អូស្ទីន បានបង្ហាញក្តីបារម្ភពីវត្តមានទ័ពចិន នៅមូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយលោក ចាត់ទុក ថា​ជាអាចបង្កគ្រោះថ្នាក់ដល់​សន្តិ​សុខក្នុងតំបន់។ លោក បានស្នើឲ្យកម្ពុជា ការពារដែនអធិបតេយ្យរបស់ខ្លួន។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិករូបនេះ មកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ដែលដំណើរការទៅ នៅខេត្តសៀមរាម ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ 
 
តាមរយៈសន្និសីទសារព័ត៌មានខាងលើ សម្តេច ទៀ បាញ់ បញ្ជាក់ជាថ្មីថា នៅកម្ពុជា គ្មានទ័ពបរទេសឡើយ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏ពុំអនុញ្ញាតឲ្យមានទ័ពបរទេសដែរ។ សម្តេចរដ្ឋមន្រ្តី អះអាងដូចលើកមុនៗថា ការអភិវឌ្ឍនៅមូលដ្ឋានទ័ពរាម មិនបង្កការគំរាមកំហែងដល់សន្តិសុខរបស់អ្នកដទៃនោះទេ។ 
 
សម្តេច សង្កេតឃើញថា ពេលខ្លះ ហាក់ដូចជាមិនសមហេតុផល ចំពោះការអត្ថាធិប្បាយពាក់ព័ន្ធនឹងមូលដ្ឋានទ័ពរាម។ យ៉ាងណា ប្រមុខការពារជាតិកម្ពុជា លើកឡើងថា បាននិយាយគ្នាត្រង់ទៅត្រង់មកជាមួយប្រមុខការពារជាតិអាម៉េរិក ហើយការពិភាក្សានេះ ធ្វើឲ្យមានការយល់គ្នាបានច្រើនរវាងកម្ពុជា និងអាម៉េរិក។ 
 
សូមរម្លឹកថា កន្លងមក កម្ពុជា ធ្លាប់បកស្រាយច្រើនដងមកហើយថា កម្ពុជា មិនអនុញ្ញាតឲ្យកងទ័ពបរទេស តាំងមូលដ្ឋានលើទឹកដីរបស់ខ្លួននោះទេ។ ភាគីចិន ក៏ធ្លាប់ចេញមកបដិសេធមិនតិចដងដែរ ចំពោះការចោទប្រកាន់របស់អាម៉េរិក ដែលថា ចិន លួចដាក់កងទ័ពនៅមូលដ្ឋានទ័ពរាម។ ការបកស្រាយរបស់កម្ពុជា និងការបដិសេធរបស់ចិនជាដដែលៗនេះ មិនអាចធ្វើឲ្យអាម៉េរិកទទួលយកឡើយ៕ 
 

Tag:
 ទៀ បាញ់
  កម្ពុជា-អាម៉េរិក
  មូលដ្ឋានរាម
© រក្សាសិទ្ធិដោយ thmeythmey.com