FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញបំបែកកំណត់ត្រា ១០០គ្រាប់របស់ខ្លួននៅ World Cup ក្រោយលុតកូស្តារីកា ៧-០
24, Nov 2022 , 12:55 am        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
អេស្ប៉ាញបង្ហាញទម្រង់លេង Tiki Taka ដ៏អស្ចារ្យយកឈ្នះលើកូស្តារីកាដោយលទ្ធផល ៧-០ នាជំនួបទីពីរពូល E នាកីឡដ្ឋាន Al Thumama រាត្រីថ្ងៃទី២៣ ខែវិច្ឆិកា នៃព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងប្រទេសកាតា។ មួយគ្រាប់ដំបូងដោយខ្សែប្រយុទ្ធ Dani Olmo ជួយឱ្យអេស្ប៉ាញបំបែកកំណត់ត្រារកបានគ្រាប់ទី ១០០ ក្នុងព្រឹត្តិការណ៍ World Cup។
 
ចាប់ផ្តើមការប្រកួតនៅវគ្គទីមួយ រួមជាមួយទម្រង់លេងប៉ះបាល់ខ្លីៗ Tiki Taka អេស្ប៉ាញធ្វើបានយ៉ាងល្អក្នុងការគ្រប់គ្រងស្ថានការ នៃការប្រកួតលើកូស្តារីកា។ បើកការនាំមុខមុនត្រឹមនាទី ១១ ខ្សែប្រយុទ្ធ Dani Olmo ស៊ុតទម្លុះសំណាញ់កូស្តារីកា ធ្វើឱ្យអ្នកចាំទីដៃស្អិត Kaylor Navas មិនអាចសង្គ្រោះបាល់ដ៏គ្រោះថ្នាក់របស់អេស្ប៉ាញបាន។ គ្រាប់ទីពីរខ្សែបម្រើប្រយុទ្ធ Marcus Asensio ជាអ្នកស៊ុតនៅនាទី២១ ហើយឈានដល់នាទី៣១ ដែលជាគ្រាប់បាល់ពិន័យ ១១ម៉ែត្ររបស់ Ferran Torres ជាអ្នកស៊ុតក្រោយកីឡាករកូស្តារីកាបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។ 
 
ការប្រកួតនៅវគ្គទីមួយដែលក្រោយនាំមុខ ៣គ្រាប់ អេស្ប៉ាញនៅតែបន្តរក្សាទម្រង់លេងល្អដដែលដោយតែងតែបង្កគ្រោះថ្នាក់នៅក្នុងតំបន់ប្រអប់ទីរបស់ក្រុមកូស្តារីកា តែយ៉ាងណាលទ្ធផលគ្មានការប្រែប្រួលបន្ថែមឡើយរហូតដល់ចប់ការប្រកួត។
 
ទម្រង់លេងបាល់ប៉ះខ្លីៗដ៏មានប្រសិទ្ធភាពរបស់អេស្ប៉ាញនៅតែមានឥទ្ធិពលលើគូប្រកួត ដោយចាប់ផ្តើមវគ្គទីពីរមិនដល់ ១០នាទីផងនោះ គ្រាប់បាល់ទី៤ បានកើតឡើងបន្ថែមទៀត ដោយ Ferran Torres ដដែលជាអ្នកស៊ុតចូលនៅនាទី៥៤។ ប៉ះបាល់មួយៗខ្លីៗ អេស្ប៉ាញធ្វើឱ្យកូស្តារីកាគ្មានឱកាសក្នុងការដណ្តើមបាល់មកគ្រប់គ្រង នឹងគ្មានបាល់លេងបានច្រើនឡើយក្នុងការរកឱកាសវាយបកលើអេស្ប៉ាញវិញ ក្រោយត្រូវនាំមុខដល់ទៅ ៤គ្រាប់។ 
 
គួរឱ្យភ្ញាក់ផ្អើលប្រចាំការប្រកួតក៏ជាគ្រាប់បាល់នៃក្តីស្រមៃ Gavi ទើបមានវ័យ ១៨ឆ្នាំ អាចស៊ុតគ្រាប់ដល់ទី៥ ឱ្យអេស្ប៉ាញ នៅនាទី៧៥ ដែលជាការបង្ហាញខ្លួនលើកដំបូងនៅ World Cup លទ្ធផល ៥-០ គ្មានការប្រែប្រួលរហូតដល់ចប់ការប្រកួត។ មិនទាន់បញ្ចប់ងាយៗអេស្ប៉ាញបន្តស្រេកឃ្លានគ្រាប់បាល់ដោយកីឡាករ Garlor Soler ស៊ុតគ្រាប់ទី៦ នាទី៩០ និង Alvaro Morata គ្រាប់ទី៧ នាទី៩០+៣។

កំណត់ត្រាអេស្ប៉ាញទើបទែបំបែកបានពោលគឺគិតចាប់ពីគ្រាប់ទីមួយដែលខ្សែប្រយុទ្ធ Dani Olmo ស៊ុតនៅនាទី ១១ មកម្ល៉េះ ហើយក៏ជាគ្រាប់ទី១០០ សម្រាប់ប្រវត្តិសាស្ត្រអេស្ប៉ាញដែលរកបាននៅក្នុងការប្រកួតព្រឹត្តិការណ៍ World Cup ចាប់តាំងពីពួកគេបានបង្ហាញខ្លួនមក។ Gavi ក្លាយជាកីឡាករវ័យក្មេងរបស់អេស្ប៉ាញដែលស៊ុតបានគ្រាប់ឱ្យក្រុមជម្រើសជាតិនៅ World Cup ហើយក៏ជាកីឡាករវ័យបំផុតទី៣ ដែលអាចស៊ុតគ្រាប់បាល់បាននៅព្រឹត្តិការណ៍បាល់ទាត់់ពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com