ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-អាម៉េរិកបច្ចុប្បន្ន ល្អជាងពេលណាទាំងអស់
24, Nov 2022 , 11:29 am        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ្គ្រីហ្គ័ររី មីក ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាម៉េរិក។
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ្គ្រីហ្គ័ររី មីក ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាម៉េរិក។
ដោយ៖ ទេពញាណ 

សម្តេច ហ៊ុន សែន ប្រាប់សមាជិករដ្ឋសភាអាម៉េរិកថា ទំនាក់ទំនងកម្ពុជា-អាម៉េរិកក្នុងពេលបច្ចុប្បន្ន គឺល្អជាពេលណាទាំងអស់។ ឯសមាជិករដ្ឋសភាអាម៉េរិក ជម្រាបសម្តេចវិញថា អាម៉េរិក ទុកសម្តេចជាមិត្ត។


«ទំនាក់ទំនងរវាងអាម៉េរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់»។ នេះជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់លោក ហ្គ្រីហ្គ័ររី មីក (Gregory W. Meeks) ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាម៉េរិក។ ប្រសាសន៍នេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច។
 
សម្តេច ហ៊ុន សែន និង លោក មីក បានជួបពិភាក្សាគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក មីក មកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ 
 
ក្រសួងការបរទេសកម្ពុជា អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា សម្តេច ហ៊ុន សែន និងលោក មីក សុទ្ធតែបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-អាម៉េរិក។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោក មីក ថ្លែងទៅកាន់សម្តេចនាយករដ្ឋមន្រ្តីថា អាម៉េរិក ចាត់ទុកសម្តេចជាមិត្ត ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេច។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា តបថា ទំនាក់ទំនងកម្ពុជា-អាម៉េរិកនាពេលបច្ចប្បន្ន មានភាពល្អប្រសើរជាងពេលណាទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាមួយគ្នាកាលពីជាង៧០ឆ្នាំមុនមក ហើយប្រទេសទាំង២ នឹងក្លាយជាដៃគូនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែល។ 
 
ចំណែកហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី សរសេរថា សម្តេច បានលើកឡើងនៅចំពោះមុខលោក មីក ថា បច្ចុប្បន្ននេះ អាម៉េរិក មានស្ថានទូតដ៏ល្អនៅរាជធានីភ្នំពេញ ដែលមិនធ្លាប់មានកន្លងមក។ សម្តេច បន្តថា ពាណិជ្ជកម្មរវាងប្រទេសទាំង២វិញ មានការកើនឡើងប្រមាណ១៨ភាគរយ ខណៈក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុនជីអ៊ី (GE) របស់អាម៉េរិក កំពុងប្រតិបត្តិការនៅកម្ពុជា។
 
លោក មីក សរសើរកម្ពុជាថា បានដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២នេះដោយជោគជ័យ ដែលអ្នកដទៃពិបាកនឹងធ្វើដូច។ នេះជាខ្លឹមសារលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី។ 
 
កម្ពុជា ដែលជាប្រធានអាស៊ាន ទើបនឹងបញ្ចប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយលោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក។ ក្រៅពីកិច្ចប្រជុំទាំងនេះ លោក ចូ បៃឌិន និងលោក អូស្ទីន សុទ្ធតែបានជួបជាទ្វេភាគីជាមួយមេដឹកនាំកម្ពុជា៕ 
 
 
 
 
 

Tag:
 (កម្ពុជា-អាម៉េរិក
  ហ៊ុន សែន
  Gregory Meeks
© រក្សាសិទ្ធិដោយ thmeythmey.com