FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ស្វ៊ីសជួបកាមេរូន​ មុនកូរ៉េខាងត្បូងប៉ះអ៊ុយរូហ្កាយ ខណៈព័រទុយហ្កាល់ប៉ះហ្គាណា ឯប្រេស៊ីលតទល់ស៊ែប៊ី
24, Nov 2022 , 2:46 pm        
រូបភាព
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឈានដល់ការប្រកួតពីរពូលចុងក្រោយសម្រាប់ជំនួបជុំទីមួយវគ្គចែកពូលនារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា នេះ។ ស្វ៊ីសជួបកាមេរូន មុនការប្រកួតរវាងកូរ៉េខាងត្បុងទល់អ៊ុយរូហ្កាយ និងព័រទុយហ្កាល់ប្រជែងជាមួយហ្គាណា។ ចំណែកម្ចាស់ជើងេកច្រើនជាងគេប្រេស៊ីល ប៉ះស៊ែប៊ីដែលជាជំនួបចុងក្រោយបង្អស់។


ការប្រកួតរវាងស្វ៊ីសតទល់ជាមួយក្រុមខ្លាំងទ្វីបអាហ្រ្វិកកាមេរូននឹងធ្វើឡើងនៅវេលាម៉ោង ៥ ល្ងាច នាកីឡដ្ឋាន Al Janoub ប្រទេសកាតា។ ជាការប្រកួតប្រជែងដ៏តានតឹងមួយ សម្រាប់ក្រុមទាំងពីរនៃជំនួបបើកឆាកពូល G នេះ ខណៈក៏ជាប្រកួតលើកដំបូងបង្អស់ដែលក្រុមទាំងពីរបានជួបគ្នា និងលើកដំបូងនៅក្នុងព្រឹត្តិការណ៍ World Cup តែម្តង។ 
 
ស្ថិតិប្រាំប្រកួតចុងក្រោយស្វ៊ីសធ្វើបានល្អជាងដោយឈ្នះ ៣ និងចាញ់២ ខណៈកាមេរូន ឈ្នះ១ ចាញ់២ ស្មើ២។ កាមេរូនជាក្រុមធ្វើបានចំណាត់ថ្នាក់លេខ៣ នៃការប្រកួនពានរង្វាន់ Africa Cup of Nations 2021 តែយ៉ាងណាស្វ៊ីសបច្ចុប្បន្នសម្បូរដោយកីឡាករកំពុងមានទម្រង់លេងល្អច្រើន។ 
 
អ៊ុយរូហ្កាយកំពុងពេញដោយកីឡាករតំបន់ប្រយុទ្ធល្អៗព្រមទាំងខ្សែបម្រើមានសមត្ថភាពត្រូវជួបតទល់ជាមួយកូរ៉េខាងត្បូងក្រុមខ្លាំងមួយទៀតប្រចាំតំបន់អាស៊ី។ មួយរយៈក្រោយនេះកូរ៉េខាងត្បូងតែងពង្រឹងសមត្ថភាពខ្លួនដោយការប្រកួតប្រជែងទល់ក្រុមតំបន់ទ្វីបអាម៉េរិកច្រើន អាចថាជាឱកាសមួយសម្រាប់ពួកគេក្នុងការប្រជែងជាមួយអ៊ុយរូហ្កាយរាត្រីនេះ។ 
តែយ៉ាងណាធ្លាប់ប៉ះគ្នាច្រើនលើកអ៊ុយរូហ្កាយតែងយកឈ្នះលើកូរ៉េខាងត្បូង ទាំងការប្រកួតមិត្តភាពនឹងនៅ World Cup បើទោះការប្រកួតចុងក្រោយនៅឆ្នាំ ២០១៨ កូរ៉េខាងត្បូងបានយកឈ្នះលើអ៊ុយរូហ្កាយក្តី។ 
 
ព័រទុយហ្កាលនឹងចាប់ផ្តើមយុទ្ធនាការ World Cup 2022 របស់ពួកគេដោយត្រូវជួបហ្គាណា នាការប្រកួតក្នុងកីឡដ្ឋាន 974 វេលាម៉ោង ១១យប់។ ជាការជួបគ្នាលើកទីពីររវាងក្រុមទាំងពីរ ហើយនៅក្នុងព្រឹត្តិការណ៍ World Cup តែម្តង ដោយកាលឆ្នាំ ២០១៤ ព័រទុយហ្កាល់យកឈ្នះហ្គាណា ២-១ តែព័រទុយហ្កាល់ខកចិត្តធ្លាក់នៅវគ្គចែកពូល។ 
ជំនួបរាត្រីនេះអាចនិយាយបានថាជាប្រកួតដ៏សំខាន់មួយរបស់ព័រទុយហ្កាលក្នុងការត្រួសត្រាយផ្លូវរក៣ ពិន្ទុដើម្បីបន្តដំណើរទៅវគ្គបន្ត ខណៈពួកគេកំពុងមានធនធានកីឡាករល្អសម្រាប់ការប្រកួត។ 
 
ជំនួបបង្ហើយការប្រកួតជុំទីមួយនៃវគ្គចែកពូលព្រឹត្តិការណ៍ World Cup 2022 ប្រេស៊ីល តទល់ស៊ែប៊ី ដែលធ្វើឡើងនៅវេលាម៉ោង ២យប់រំលងអាធ្រាត្រ ក្នុងកីឡដ្ឋាន Lusail Iconic។ ប្រេស៊ីលក៏ជាក្រុមកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងមួយនៃការប្រកួតប្រជែងនេះ ដោយពួកគេត្រូវបានចាត់ថ្នាក់ជាក្រុមដ៏ឱ្យគ្រោះថ្នាក់មួយ។ ប្រេស៊ីលម្ចាស់ពាន World Cup ៥សម័យនឹងមិនដែលបាត់មុខពី World Cup សូម្បីតែម្តងកំពុងស្វែករកការឈ្នះពានជាថ្មីក្នុងឆ្នាំ ២០២២ នេះ។ 
 
ក្រុមទាំងពីរនេះធ្លាប់បានជួបគ្នា ២លើករួចមកហើយដោយនៅឆ្នាំ ២០១៤ ការប្រកួតមិត្តភាពប្រេស៊ីលយកឈ្នះ ១-០ និងនៅ World Cup 2018 ប្រេស៊ីលឈ្នះម្តងទៀត ២-០។ ស្ថិតិប្រាំប្រកួតចុងក្រោយប្រេស៊ីលជាក្រុមមិនដែលចាញ់មកកាន់ព្រឹត្តិការណ៍នេះដូចអាហ្សង់ទីនដែរ ពួកគេឈ្នះ ៥លើកជាប់គ្នា ខណៈស៊ែប៊ីក៏មានកំណត់ត្រាល្អ ឈ្នះ៤ ស្មើ១៕
 
 
 
 
 
 
 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com