អាស៊ាន
សភាអឺរ៉ុប អនុម័តសេចក្តីសម្រេចចាត់ទុករុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម
24, Nov 2022 , 5:32 pm        
រូបភាព
ដោយ:
សភាអឺរ៉ុប នៅថ្ងៃទី២៣ ខែវិច្ឆិកា អនុម័តសេចក្តីសម្រេចមួយដោយប្រកាសរុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម ពីព្រោះយោធាក្រុងមូស្គូបានបំពានច្បាប់អន្តរជាតិដោយវាយប្រហារសំដៅជនស៊ីវិល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែនផ្សេងៗទៀត។
 
ជាមួយសំឡេងគាំទ្រ៤៩៤ ហើយប្រឆាំង៥៨សំឡេង ខណៈ ៤៤ សំឡេងបោះឆ្នោតអនុបវាទ សភាអឺរ៉ុបនៅថ្ងៃទី២៣ ខែវិច្ឆិកា អនុម័តសេចក្តីសម្រេចមួយដោយចាត់ទុករុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម។ 
 
«ការវាយប្រហារដោយចេតនា និងអំពើឃោរឃៅដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី និងអ្នកតំណាងរបស់ពួកគេប្រឆាំងជនស៊ីវិលអ៊ុយក្រែន ការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយការបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរផ្សេងទៀតស្មើនឹងភេរវកម្ម ហើយត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម»។ នេះបើតាមសេចក្តីសម្រេចរបស់សភាអឺរ៉ុប។ 
 
ប៉ុន្តែចំណាត់ការនេះគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្នសហភាពអឹរ៉ុប(EU)មិនមានយន្តការ ឬនីតិវិធីផ្លូវច្បាប់អាចកំណត់ប្រទេសណាមួយជារដ្ឋគាំទ្រភេរវកម្មនោះទេ។ ដូច្នោះ សភាអឺរ៉ុបក៏បានជំរុញឱ្យ EU និងរដ្ឋសមាជិកបង្កើតក្រមខណ្ឌស្របច្បាប់មួយ ហើយពិចារណាបញ្ចូលរុស្ស៊ីក្នុងបញ្ជីនោះ។ 
 
បើទោះគ្មានគោលនយោបាយចាត់ការលើរុស្ស៊ី សេចក្តីសម្រេចរបស់ EU អំពាវនាវឱ្យផាត់រុស្ស៊ីចេញកាន់តែឆ្ងាយពីអន្តរជាតិតាមរយៈដកសមាជិកភាពក្នុងអង្គការ​ និងស្ថាប័នអន្តរជាតិ បន្ថយចំណងការទូតជាមួយរុស្ស៊ីឱ្យនៅកម្រិតទាបបំផុត ហើយអនុម័តកញ្ចប់ទណ្ឌកម្មទីប្រាំបួន។
 
កន្លងមក រដ្ឋអឺរ៉ុបមួយចំនួនដូចជា អេស្តូនី ឡេតូនី លីទុយអានី និងប៉ូឡូញបានបញ្ចូលរុស្ស៊ីជារដ្ឋភេរវករក្នុងបញ្ជីថ្នាក់ជាតិរបស់ពួកគេរួចហើយ៕
 
 
 
 
 

Tag:
 EU
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com