FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ថែមច្រើននាទី ដោយសារពេលរបួស ពិន័យ ឬពិនិត្យ VAR ត្រូវគិតចូលម៉ោងបន្ថែមទាំងអស់
25, Nov 2022 , 9:29 am        
រូបភាព
រឿងរ៉ាវប្លែកៗជាច្រើនបានកើតឡើងនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022។ មូលហេតុប្រកួតនីមួយៗតែងបន្ថែមម៉ោងច្រើនៗ ក៏ព្រោះសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ឱ្យអាជ្ញាកណ្តាលបូកបន្ថែមពេលវេលាប្រកួតដែលបាត់បង់ដោយសារការពិន័យ ពេលកីឡាករបួសលើទីលាន និងពិនិត្យ VAR ជាដើម មកបំពេញបង្គ្រប់ ៩០នាទីវិញ។


នាការប្រកួតទីក្រុងដូហាសម្រាប់ព្រឹត្តិការណ៍ World Cup 2022 ការប្រកួតជាច្រើនតាំងពីថ្ងៃបើកឆាកក្រុមម្ចាស់ផ្ទះកាតារហូតមកដល់ការប្រកួតគូនៃពូលចុងក្រោយសម្រាប់ជុំទីមួយនៃវគ្គចែកពូល ការប្រកួតបាល់ទាត់វេលា ៩០នាទី បានកើនឡើងដល់ ១០០នាទីជាង ដែលជារឿងដ៏គួរចាប់អារម្មណ៍មួយ។
 
រាល់ការប្រកួតនីមួយៗការបន្ថែមម៉ោងក្នុងមួយប្រកួតមានជាង ១៤នាទី ត្រូវបានបូនបន្ថែម ដោយក្នុងនោះការប្រកួតរបស់អាហ្សង់ទីនចាញ់អារ៉ាប៊ីសាអូឌីត ដែលជាការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើពិភពលោក។ ចំណែកការប្រកួតអង់គ្លេសឈ្នះអ៊ីរ៉ង់ ចំនួនម៉ោងបន្ថែម ១៥ត្រូវបានបូកបន្ថែម ក៏ព្រោះបញ្ហារបួស ការផ្លាស់ប្តូរកីឡាករ ការពិនិត្យ VAR ផ្សេងៗដែលក្រុមនីមួយៗបានព្យាយាមពន្យាពេលការប្រកួតទាំងអស់នោះ។
 
បើតាមការអះអាងពីសំណាក់លោក ​Pierluigi Collina ប្រធានគណៈកម្មាធិកាអាជ្ញាកណ្តាល FIFA ស្ថាប័នក៏ដូចជាម្ចាស់ផ្ទះចង់បង្កើនការទស្សនា ​World Cup ឱ្យបានកាន់តែយូរសម្រាប់អុ្នកគាំទ្រ។ 
 
លោក Collina ក៏បាននិយាយបន្ថែមក្នុងសន្និសីទកាសែតថា៖ «នេះមិនមែនជារឿងថ្មីឡើយ ព្រោះ FIFA បានគិតគូលើបញ្ហាដែលការប្រកួតតែងតែមិនពេញគ្រប់លក្ខណៈ ៩០នាទីយូរណាស់មកហើយ ។ អ្វីដែលយើងចង់ជៀសវាងនោះគឺការប្រកួតដែលមិនពេញម៉ោងត្រឹមត្រូវ។ ការអបអរគ្រាប់បាល់ បញ្ហារបួស ការពិនិត្យសុខភាព ការផ្លាស់ប្តូរ ការទាត់បាល់ពិន័យ ការពិនិត្យ VAR ផ្សេងៗ ដែលនាំឱ្យបាត់បង់វេលាប្រកួតពេញ៩០នាទី ត្រូវបន្ថែមបង្គ្រប់វិញទាំងអស់។»។ 
 
បើតាមការស្រង់ស្ថិតិរបស់ FIFA កាលឆ្នាំ ២០១៤ ព្រឹត្តិការណ៍ World Cup នៅប្រេស៊ីល ការលេងបាល់ទាំងមូលសរុបត្រឹមតែរយៈពេល ៦០នាទីប៉ុណ្ណោះ ហើយចំនួននេះក៏បានមកត្រឹម ៥២នាទី និង​៥៨នាទីនៅការប្រកួត World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី៕
 
 
 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com