FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ព័រទុយហ្កាល់ឈ្នះហ្គាណា ៣-២ Ronaldo ក្លាយជាកីឡាករដំបូងដែលស៊ុតគ្រាប់បាល់នៅការបង្ហាញខ្លួននៅ World Cup ៥លើកជាប់គ្នា
25, Nov 2022 , 1:00 am        
រូបភាព
ព័រទុយហ្កាល់បង្ហាញភាពខ្លាំងខ្លួននៅការប្រកួតជំនួបទីពីរពូល F ដោយបំបាក់ក្រុមហ្គាណាដោយលទ្ធផល ៣-២ ក្នុងកីឡដ្ឋាន 974 នៃព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា។ Ronaldo ស៊ុតនាំមុខមួយគ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រ ក៏ជាការស៊ុតចូលទីលើកទី៥ ក្នុងការបង្ហាញខ្លួន ៥លើកនៅ World Cup ២គ្រាប់ផ្សេងទៀតរកបានដោយ Joao Felix និង Rafael Leao។
 
ចាប់ផ្តើមការប្រកួតនៅវគ្គទីមួយព័រទុយហ្កាល់ហាក់បីដាក់សម្ពាធសម្រុកខ្លាំងលើហ្គាណា ដោយឱកាសច្រើនលើកខ្សែប្រយុទ្ធ Cristiano Ronaldo តែងស្វែកការស៊ុតសំដៅសំណាញ់ទីលើគូប្រកួត។ តែយ៉ាងណាការប្រកួតវគ្គទីមួយគ្មានការប្រែប្រួលលទ្ធផលអ្វីឡើយដោយបញ្ចប់ទៅដោយលទ្ធផល ០-០។ 
 
ការប្រកួតដ៏ជក់ចិត្តខ្លាំងរវាងក្រុមសងខាងបានកើតឡើងក្នុងវគ្គទីពីរដោយការសម្រុកគ្នាយ៉ាងសន្ធាប់ រហូតដល់នាទី៦៥ Ronaldo អាចស្វែករកការនាំមុខ ១គ្រាប់មុនឱ្យព័រទុយហ្កាល់ ដោយបាល់ពិន័យ ១១ម៉ែត្រ។ 
 
ក្រោយត្រូវនាំមុខ ១គ្រាប់មុនហ្គាណាបានវាយបកសងភ្លាមៗត្រឹម ៧នាទីដោយតាមបានគ្រាប់ស្មើ ១-១ នៅនាទី៧៣ ដោយខ្សែប្រយុទ្ធ Andre Ayew តែយ៉ាងណាមិនបណ្តោយឱ្យឱកាស ៣ពិន្ទុបាត់បង់ដោយងាយៗ Joao Felix បានស៊ុតគ្រាប់នាំមុខជាថ្មីសម្រាប់ព័រទុយហ្កាលនៅនាទី ៧៨។ ត្រឹមតែ ២នាទីប៉ុណ្ណោះកីឡាករ Rafael Leao ស៊ុតបន្ថែមគ្រាប់ទី៣ នៅនាទី៨០ ធ្វើឱ្យព័រទុយហ្កាល់យកឈ្នះការប្រកួតដោយលទ្ធផល ៣-២ ក្នុងការប្រកួតដ៏អស្ចារ្យនៅប្រទេសកាតា។ គ្រាប់ទីពីរហ្គាណារកបានដោយកីឡាករ Osman Bukari នៅនាទី៨៩។

ជាការបង្ហាញខ្លួនលើកទី៥ នៅព្រឹត្តិការណ៍ World Cup ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុត ១គ្រាប់ដំបូងធ្វើឱ្យរូបគេក្លាយជាកីឡាករដំបូងប្រចាំប្រវត្តិសាស្រ្ត ​FIFA ដែលស៊ុតបាល់ចូលទីក្នុងការបង្ហាញខ្លួនទាំង ៥លើកផ្សេងគ្នានៅព្រឹត្តិការណ៍ដ៏ធំនេះ។ ខ្សែប្រយុទ្ធហ្គាណា Andre Ayew ក៏ក្លាយជាកីឡាករអាហ្រ្វិកលើកដំបូងដែលស៊ុតបាល់បញ្ជូលទីនៅព្រឹត្តិការណ៍ World Cup 2022៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com