ជាតិ
រថយន្ត
សេដ្ឋកិច្ច
ក្រុមហ៊ុនចិន BYD នឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០កន្លែងនៅកម្ពុជា
28, Nov 2022 , 7:29 pm        
រូបភាព
ក្រុមហ៊ុន BYD Auto Industry​ របស់ចិន បានវិនិយោគលើការដំឡើងស្ថានីយថាមពលយានយន្តអគ្គិសនី(EV Charging Station)ចំនួន ២០០កន្លែង ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។ ការដំឡើងស្ថានីយទាំងនេះ នឹងរួចរាល់នៅត្រឹមឆ្នាំ២០២៣។​
 
ក្រុមហ៊ុន BYD បានបង្ហាញផែនការរបស់ខ្លួនក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា។ ផែនការនេះត្រូវបានលើកឡើងក្នុង​ជំនួបរវាងលោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Henry Yip ប្រធានផ្នែកលក់ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច នៃក្រុមហ៊ុន BYD Auto Industry Co.,Ltd នៅទីស្តីការក្រសួង នាថ្ងៃទី២៥វិច្ឆិកា។ 
 
ដើម្បីឱ្យផែនការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទាំង២០០ទីតាំង សម្រេចបាននៅត្រឹម២០២៣ លោក Henry Yip បានស្នើក្រសួងសាធារណការ ឱ្យជួយសម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។ លោកបានបញ្ជាក់ថា ការវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ គឺមានគោលដៅចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of 2022-2023)។


លោក Henry Yip ប្រធានផ្នែកលក់ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច នៃក្រុមហ៊ុន BYD Auto Industry Co.,Ltd។ រូបថត៖ MPWT

បើតាមក្រសួងសាធារណការ ក្រុមហ៊ុននេះ ក៏បានសន្យានាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកកម្ពុជាបន្ថែមទៀត ដែលបានឱ្យក្រសួងរៀបចំគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។
 
ឆ្លើយតបនឹងសំណើរខាងលើ លោក ស៊ុន ចាន់ថុល បានឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០កន្លែងនោះ។ លោក បាននិយាយដូច្នេះ៖ «ក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត»។
 
ជាមួយគ្នានេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន ដើម្បីបង្កើតបទដ្ឋានគតិយុត្ត និងរៀបចំយុទ្ធសាស្ត្រផ្សេងៗ ដូចមានការបញ្ចុះតម្លៃពន្ធនាំចូលយានយន្តអគ្គសនីជាដើម ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ឱ្យមានការកើនឡើងកាន់តែច្រើន។ លោក ស៊ុន ចាន់ថុល បានរៀបរាប់បន្ថែមបែបនេះទៅកាន់ប្រធានផ្នែកលក់ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច នៃក្រុមហ៊ុន BYD។
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT

កន្លងមក លោក ស៊ុន ចាន់ថុល  ធ្លាប់បានអះអាងថា ក្រសួងសាធារណការ កំពុងរៀបចំគោលនយោបាយ និងជំនួយសម្រាប់យានយន្តអគ្គិសនី ជាពិសេសហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៅក្នុងប្រទេស ដូចជាស្ថានីយ៍សាកថ្ម កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កម្មករជំនាញ និងកន្លែងបន្សល់ថ្ម ជាដើម។
 
 
បើតាមរបាយការណ៍លោក ស៊ុន ចាន់ថុល ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២២ មានរថយន្តអគ្គិសនីចំនួន៨៤គ្រឿង ត្រូវបានបញ្ជីដើម្បីប្រើប្រាស់។ តួលេខ គឺបានកើនដល់៨០០ភាគរយ បើនឹងឆ្នាំ២០២១ ដែលមានរថយន្តអគ្គិសនីត្រឹម៩គ្រឿងប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា កំណើននេះ គឺជាចរន្តមួយដែលធ្វើឱ្យពលរដ្ឋកម្ពុជា មានការចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយឧស្ម័នបំពុលនៅកម្ពុជា ក៏ដូចនៅលើពិភពលោក ផងដែរ៕  

Tag:
 យានយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com