ជាតិ
សង្គមជាតិ
ប្រមុខបក្សកាន់អំណាច ប្រាប់មន្រ្តីឲ្យដោះស្រាយជម្លោះដីធ្លីជូនប្រជាជនឲ្យលឿន និងមានប្រសិទ្ធភាព
26, Nov 2022 , 4:40 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្ថិតក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេច ហ៊ុន សែន ស្ថិតក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់អាជ្ញាធរ ឲ្យយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធិភាព។ ការណែនាំរបស់សម្តេច ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាជាង៣ពាន់នាក់របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
 
 
សម្តេចនាយករដ្ឋមន្រ្តី ថែមទាំងជំរុញអាជ្ញាធរ ឲ្យខិតខំដោះស្រាយជម្លោះរវាងកម្មករ ជាមួយរោងចក្រ និងរវាងបុគ្គលិក ជាមួយក្រុមហ៊ុន។ សម្តេច ក៏បានលើកទឹកចិត្តឲ្យអាជ្ញាធរព្យាយាមដោះស្រាយជម្លោះរបស់ប្រជាជនក្រៅប្រព័ន្ធតុលាការផងដែរ។ បន្ថែមពីនេះ សម្តេច តាស់តឿនអាជ្ញាធរឲ្យផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឲ្យបានលឿន ចៀសវាងការបង្កបញ្ហាផ្សេងៗ ហើយត្រូវខិតខំលុបបំបាត់ឲ្យអស់នូវភាពអសកម្ម។

ជាមួយគ្នានេះ ប្រមុខគណបក្សកាន់អំណាច បានក្រើនរម្លឹកសមាជិក-សមាជិកាគណបក្ស ដែលមានតួនាទីក្នុងជួររដ្ឋាភិបាល ឲ្យបន្តបម្រើប្រជាជន និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ហើយត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយបង្ក្រាបបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀន ជាដើម៕

 
 

Tag:
 (ហ៊ុន សែន
  បញ្ហាដីធ្លី)
© រក្សាសិទ្ធិដោយ thmeythmey.com