ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ អនុវិទ្យាល័យ ពន្លឺវិជ្ជា បានផ្តល់​​អាហារូបករណ៍ដល់សិស្សក្រីក្រ​៦៥នាក់​ ​
27, Nov 2022 , 10:10 am        
រូបភាព
 ដោយ៖ ហេ អួញ (យុវជនឃុំអណ្តូងទឹក)
 ស្រុកបូទុមសាគរ, កោះកុង៖ ​អនុវិទ្យាល័យ ពន្លឺវិជ្ជា ដែល​ស្ថិតនៅភូមិកណ្តោល
ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង​ មានសិស្សសរុប១១៩នាក់ ក្នុងនោះស្រីមាន៦៥នាក់
កំពុងសិក្សា ពីថ្នាក់ទី៧ ដល់ទី៩។ ​ បើតាម លោក ម៉ែន  ចាន់  ​នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា ​
​ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាលាបានផ្តល់ អាហារូបករណ៍សិស្សនៅ​ចំនួន ៦៥ នាក់ ក្នុងនោះស្រី​៣៩នាក់ ដែលស្មើនឹងជាង៥០ភាគរយ នៃសិស្សសរុប។
 
 យុវសិស្ស ថា រីសា ជាសិស្សថ្នាក់ទី៧ ដែលបានទទួលអាហារូបករណ៍ តាំងពីថ្នាក់ទី៦មក អះអាងថាខ្លួនសប្បាយរីករាយណាស់ ដែលបានទទួលបានអាហារូបករណ៍។ បើតាម ស្រីនីត នាងទទួលបានប្រាក់អាហារូបករណ៍នេះ ៣ដង ក្នុង១ឆ្នាំ ដោយប្រាក់ដែលបើកបានម្តងៗនោះមានចំនួន៨ម៉ឺនរៀល។ យុវសិស្ស ថា រីសា បន្ថែមដូច្នេះ ៖« យើងបានយកទៅទិញសម្ភារៈសិក្សាគ្រប់គ្រាន់ មិនខ្វះខាតទេ ដូចជាទិញប៊ិក ទិញសៀវភៅ និងរបស់ដែលខ្ញុំខ្វះខាត(សម្រាប់សិក្សា) ខ្ញុំទិញប្រើ»។  


យុវសិស្ស ថា រីសា ជាសិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យ ពន្លឺវិជ្ជា ដែលបានទទួលអាហារូបករណ៍រយៈពេល២ឆ្នាំហើយ 
 
សិស្សអាហារូបករណ៍ម្នាក់ទៀត គឺយុវសិស្ស ពៅ សំណាង ក៏រីករាយដែរចំពោះ​អាហារូបករណ៍ ដែលខ្លួនទទួលបានរយៈពេល​២ឆ្នាំកន្លងមកដែរ។ មិនខុសពី រីសា ឡើយ ​ សំណាង ប្រើប្រាស់ប្រាក់​អាហារូបករណ៍ ទៅទិញសម្ភារៈសម្រាប់សិក្សា គឺប៊ិក សៀវភៅ កាតាប និងសម្លៀកបំពាក់ជាដើម។ កំពុងសិក្សាទី៧ នៅអនុវិទ្យាល័យ ពន្លឺ វិជ្ជា ពៅ សំណាង បន្តថាអាហារូបករណ៍នេះ បានជួយសម្រាលបន្ទុកគ្រួសាររបស់ខ្លួនបានមួយចំណែក ហើយក៏ជាផ្នែកមួយដែល​ធ្វើ​ឱ្យរូបគេបានបន្តការសិក្សាផងដែរ។ ពៅ សំណាង បានតាំងចិត្តថា នឹងខិតខំរៀនដល់ប្រឡប់ជាប់បាក់ឌុប ហើយបើមានលទ្ធភាព ឱ្យខ្លក៏នឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដែរ។ ​
 


 យុវសិស្ស ពៅ សំណាង កំពុងសិក្សាថ្នាក់ទី៧ នៃអនុវិទ្យាល័យ ពន្លឺវិជ្ជា។
 
ពាក់ព័ន្ធនឹងការផ្តល់អាហារូបករណ៍ដល់សិស្សនេះ ​លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា អះអាងថា បានចូលរួមក្នុងការកាត់បន្ថយការចំណាយរបស់អាណាព្យាបាលបានមួយចំណែក ហើយក៏ជាការលើកទឹកចិត្តឱ្យសិស្សប្រឹងរៀនសូត្រ ប្រឹងរៀនឱ្យបានខ្ពស់ដែរ​។
 


 លោកគ្រូ ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា។ 
 
​«អាហារូបករណ៍ហ្នឹង គឺមានរួចស្រេចហើយនៅបឋមសិក្សា។ អ៊ីចឹងយើងអត់បានពិបាករើសទេ ពីព្រោះខាងបឋម គេជ្រើសរើសរួចស្រេចហើយ។ អ៊ីចឹងនៅពេល​ដែលសិស្សឡើងមក គឺយើងឱ្យ(អាហារូបករណ៍)ស្វ័យប្រវត្តិ។ អាហារូបករណ៍ហ្នឹង បានចូលរួម​កាត់បន្ថយការចំណាយរបស់អាណាព្យាបាលបានមួយចំណែក»។ ​លោក ម៉ែន ចាន់ បានបន្ថែមដូច្នេះ មុននឹងលើកឡើងការស្នើរបស់ខ្លួនទៅកាន់អាណាព្យាបាលសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រាក់អាហារូបករណ៍នេះ ឱ្យចំគោលដៅ ពោលគឺ​គាំទ្រដល់ការសិក្សារបស់កូន៕
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប
និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត
តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។
រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ
ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប
និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 អប់រំ
  សិស្សក្រីក្រ
  អាហារូបករណ៍
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com