FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ មាន់គកបារាំងកក់កៅអីវគ្គបន្ទាប់ដំបូងគេក្រោយយកឈ្នះដាណឺម៉ាក ២-១
27, Nov 2022 , 12:54 am        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
ក្រុមមាន់គកបារាំងនៅតែធ្វើបានល្អនៅការប្រកួតជុំទីពីរវគ្គចែកពូល ដោយយកឈ្នះលើដាណឺម៉ាកក្នុងលទ្ធផល ១-០ ក្នុងកីឡដ្ឋាន 974 រាត្រីថ្ងៃទី២៦ វិច្ឆិកា នៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022 ប្រទេសកាតា។ បារាំងសងសឹងដាណឺម៉ាកបានសម្រេចក្នុងជំនួបដែលពួកគេចាញ់ដាណឺម៉ាកពីរលើកជាប់គ្នានៅ UEFA Nations League ក្នុងឆ្នាំ ២០២២ នេះ។

ចាប់ផ្តើមជំនួបនៅវគ្គទីមួយក្រុមទាំងពីរបើកការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមក និងបានបង្កើតឱកាសស៊ុតនៅមុខប្រអប់ទីគ្រោះថ្នាករៀងៗខ្លួនក្នុងការស្វែករកគ្រាប់បាល់បញ្ចូលទី។ ការប្រកួតដ៏ជក់ចិត្តរវាងក្រុមមកពីតំបន់ទ្វីបអឺរ៉ុបដូចគ្នានេះបានធ្វើឱ្យអុ្នកទស្សនាការប្រកួតកាន់តែមានភាពភ័យញ៉ាប់ញ័រកាន់តែខ្លាំងឡើងខណៈស្ទើតែពេញមួយវគ្គទីមួយការសម្រុកគ្នាដ៏សន្ធាប់តែងកើតមាន ព្រមទាំងការប្រកួតប្រជែងគ្នាដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់កីឡាករក្រុមទាំងសងខាង។ 
 
យ៉ាងណាក្តីបញ្ចប់លទ្ធផលនៅវគ្គទីមួយក្រុមទាំងពីរគ្មានការស៊ុតបញ្ចូលទីលើគ្នាឡើយ ដោយលទ្ធផលស្មើបានអូសបន្លាយដល់ចប់ការប្រកួត។
 
ការប្រកួតដ៏ជក់ចិត្តនេះក៏បានឈានដល់វគ្គទីពីរដោយបារាំងបានដាក់សម្ពាធខ្លាំងលើដាណឺម៉ាក់ចាប់តាំងពីដើមវគ្គតែម្តង ឱកាសមាសរបស់បារាំងបានកើតមាននៅនាទី៦១ ក្រោយចាប់ផ្តើមប្រកួតបាន ១៦នាទី ដោយខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Kylian Mbappe ស៊ុតជួយឱ្យបារាំងនាំមុខលើដាណឺម៉ាក ១-០។ យ៉ាងណាមិញក្រោយការនាំមុខមិនដល់ ៧នាទីផងនោះដាណឺម៉ាកាវាយសម្រុកខ្លាំងលើបារាំងរហូតអាចតាមស្មើ ១-១ មកដោយការតែតបញ្ចូលទីដ៏ល្អរបស់ខ្សែការពារ Andreas Christensen នៅនាទី៦៨ ការប្រកួតវាយសម្រុកគ្នាក៏ចេះតែបន្តរវាងក្រុមទាំងសងខាងក្រោយលទ្ធផលស្មើនេះទៅ។ 
 
ឈានដល់នាទី៨៥ ខ្សែបម្រើប្រយុទ្ធ Antione Griezmann បានបញ្ជូនបាល់ដ៏ល្អមួយទៅកាន់មុខទីរបស់ក្រុមដាណឺម៉ាកជួយឱ្យ Mbappe ដដែលមានឱកាសឆ្មក់តែតបញ្ចូលទីបានសម្រេចបើកការនាំមុខជាថ្មីម្តងទៀតឱ្យមាន់គកបារាំង។ 
 
លទ្ធផល ២-១ បានអូសបន្លាយដល់ចប់ការប្រកួត និងជួយឱ្យបារាំងកក់កៅអីវគ្គ ១៦ក្រុមដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ បារាំងមាន ៦ពិន្ទុឈរកំពូលតារាងពូល D បណ្តោះអាសន្នតាមពីក្រោយដោយអូស្រ្តាលី។ 
 
បារាំងសងសឹងដាណឺម៉ាកបានសម្រេចសម្រាប់ការប៉ះគ្នា ៣លើកទាំងនៅ World Cup នេះក្នុងឆ្នាំ ២០២២ ដែលពួកគេបានចាញ់ដាណឺម៉ាកពីរលើកជាប់គ្នានៅពានរង្វាន់ UEFA Nations League៕
 

© រក្សាសិទ្ធិដោយ thmeythmey.com