FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ Messi ស៊ុត១ បញ្ជូន១ ជួយឱ្យអាហ្សង់ទីនមានសង្ឃឹមប្រជែងឡើងវិញ ក្រោយឈ្នះម៉ិកស៊ិក
27, Nov 2022 , 5:59 am        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
ការប្រកួតដ៏អស្ចារ្យ Lionel Messi ស៊ុតបង្កើតក្តីសង្ឃឹមបន្តដំណើរ មុនកីឡាករ Enzo Fernandez សម្រេចក្តីសុបិនចុងក្រោយនៅចុងម៉ោងជួយឱ្យអាហ្សង់ទីនយកឈ្នះលើម៉ិកស៊ិកលទ្ធផល ២-០ ក្នុងកីឡដ្ឋាន Lusail Iconic នៃព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា។ ស៊ុតមួយគ្រាប់នាំមុខលើម៉ិកស៊ិកជួយឱ្យ Messi រកបានគ្រាប់បាល់ទី៨ របស់គេនៅព្រឹត្តិការណ៍ World Cup ៥លើកដែលគេបានបង្ហាញខ្លួនចាប់តាំងពីឆ្នាំ ២០០៦មក។
 
ជំនួបដែលជាក្តីសង្ឃឹមរបស់អាហ្សង់ទីនក្នុងការបន្តក្តីសង្ឃឹមទៅកាន់វគ្គបន្ទាប់ក៏ដូចជាការប្រកួតស្វែងរកឱកាសដណ្តើមកៅអីវគ្គបន្ទាប់របស់ម៉ិកស៊ិកដូចគ្នា វគ្គទីមួយដ៏តានតឹងអាហ្សង់ទីនព្យាយាមស្វែករកឱកាសខ្លួនក្នុងការទម្លុះរនាំងដ៏រឹងមាំរបស់ម៉ិកស៊ិកតែគ្មានឱកាសល្អកើតឡើងឡើយសំដៅសំណាញ់ទី។ ម៉ិកស៊ិកក៏ត្រូវការពិន្ទុបានព្យាយាមវាយសម្រុកដូចគ្នាទៅលើអាហ្សង់ទីន តែឱកាសគ្រាប់បាល់ក៏ហាក់បីដូចមិនអាចគម្រាមលើអាហ្សង់ទីនដូចគ្នាដែរ។ 
 
ការប្រកួតនៅវគ្គទីមួយមានភាពតានតឹងខ្លាំង ខណៈក្រុមទាំងសងខាងមានការប្រុងប្រយ័ត្ន រួមជាមួយការសម្រុកគ្នាខ្លាំង ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការពាំនាំជ័យជម្នះឱ្យក្រុមរៀងៗខ្លួនពីសំណាក់កីឡាករលើទីលាន។ យ៉ាងណាមិញបញ្ចប់វគ្គទីមួយក្រុមទាំងពីរបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០។
 
ការប្រកួតពោរពេញដោយក្តីសង្ឃឹងទាំងអាហ្សង់ទីននិងម៉ិកស៊ិកឈានចូលដល់វគ្គទីពីរ អាហ្សង់ទីនហាក់ប្តូរយុទ្ធសាស្ត្រខ្លួន ដោយការដាក់គំនាបខ្លាំងលើម៉ិកស៊ិក ដើម្បីការស្វែងរកគ្រាប់បាល់ រហូតដល់នាទី៦៤ គ្រាប់បាល់ដែលជាក្តីសង្ឃឹមសម្រាប់អាហ្សង់ទីនដើម្បីបន្តដំណើរប្រជែង World Cup ទៅវគ្គបន្ទាប់ក៏បានកើតឡើងដោយការស៊ុតបាល់ពីចម្ងាយយ៉ាងល្អពី Lionel Messi បើកការនាំមុខឱ្យអាហ្សង់ទីនមុន។ 
 
មិនបណ្តែតបណ្តោយឱ្យម៉ិកស៊ិកមានឱកាសវាយបកបានឡើយ អាហ្សង់ទីនបន្តវាយសម្រុកខ្លាំងឡើងបន្ថែមទៀតរហូតដល់នាទី ៨៧ចុងម៉ោងទៅហើយកីឡាករ Enzo Fernandez ដែលប្តូរចូលនៅវគ្គទីពីរបានស៊ុតគ្រាប់បាល់ ១ក្រាប់បន្ថែមឱ្យអាហ្សង់ទីននាំមុខ ២-០ លើម៉ិកស៊ិក។
 
បញ្ចប់ការប្រកួតអាហ្សង់ទីនមានសង្ឃឹមប្រជែងដណ្តើមកៅអីទៅវគ្គបន្ទាប់ឡើងវិញក្រោយយកឈ្នះលើម៉ិកស៊ិក ២-០។ Messi ស៊ុត១គ្រាប់បង្កើតក្តីសង្ឃឹម និងកម្លាំងចិត្តដល់អាហ្សង់ទីន នឹងជាគ្រាប់បាល់ទី៨ របស់គេនៅព្រឹត្តិការណ៍ World Cup ក្នុងការបង្ហាញខ្លួន ៥លើកចាប់តាំងពីឆ្នាំ ២០០៦មក។ 
 
អាហ្សង់ទីនយកបាន ៣ពិន្ទុឡើងឈរលេខ២ បណ្តោះអាសន្នក្រោមប៉ូឡូញដែលមាន ៤ពិន្ទុស្ថិតនៅកំពូលតារាង អារ៉ាប៊ីសាអូឌីតលេខ៣ មាន ៣ពិន្ទុនិងម៉ិកស៊ិកបាតតារាង ១ពិន្ទុ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com