ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ង សាំងកុមារ សុំចូលបក្សកាន់អំណាច ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម
27, Nov 2022 , 3:20 pm        
រូបភាព
លោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ ស្ថិតក្នុងចម្ការមួយនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់លោក)។
លោកបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ ស្ថិតក្នុងចម្ការមួយនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់លោក)។
ដោយ៖ ឡាយ សុភាវតី និង ទេពញាណ 

លោក សុខ ឥសាន បញ្ជាក់ថា លោក យ៉ង សាំងកុមារ សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដូចសារព័ត៌មានផ្សាយពិតមែន។

  
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលរៀនចប់ថ្នាក់បណ្ឌិតផ្នែកកសិកម្ម បានសរសេរលិខិត២ជូនសម្តេច ហ៊ុន សែន ដោយលិខិត១ លោក សរសេរជូនសម្តេច ក្នុងនាមសម្តេចជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយលិខិត១ទៀត លោក សរសេរជូនសម្តេច ក្នុងនាមសម្តេចជាប្រមុខរដ្ឋាភិបាលកម្ពុជា។ លិខិតទាំង២នេះ ចុះកាលបរិច្ឆេទនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ដូចគ្នា។ 
 
តាមរយៈលិខិត ដែលសរសេរជូនសម្តេច ហ៊ុន សែន ក្នុងឋានៈសម្តេចជាប្រមុខគណបក្សប្រជាជនកម្ពុជា លោក យ៉ង សាំងកុមារ ស្នើសុំសម្តេចចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចមួយនេះ។ តាមរយៈលិខិត១នេះ លោក សរសើរពីគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។  
 
បណ្ឌិតកសិកម្មរូបនេះ អះអាងថា គោលនយោបាយកសិកម្មទាំងនេះ គឺដូចគ្នាទៅនឹងចំណេះជំនាញ ឆន្ទៈ និងបទពិសោធការងាររបស់លោកលើវិស័យកសិកម្ម។ លោក ជម្រាបសម្តេច ហ៊ុន សែន ដូច្នេះថា៖«ក្នុងន័យនេះ ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយទាំងនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ»។ 
 
ចំពោះលិខិតដែលសរសេរជូនសម្តេច ហ៊ុន សែន ក្នុងឋានៈសម្តេចជាប្រមុខរដ្ឋាភិបាល លោក យ៉ង សាំងកុមារ ស្នើសុំចូលបម្រើការងារជាមួយរដ្ឋាភិបាលក្នុងវិស័យកសិកម្ម។ តាមរយៈលិខិត១នេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ លើកឡើងពីគុណសម្បត្តិរបស់សម្តេច ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ហើយទទួលបានសន្តិភាពពេញលេញ។ 
 
«ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិទៅមុខទៀន ខ្ញុំបាទ សូមអនុញ្ញាតពីសម្តេចនាយករដ្ឋមន្រ្តី ដើម្បីទទួលបានឱកាសចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម […]»។ នេះជាការស្នើសុំរបស់លោក យ៉ង សាំងកុមារ ទៅកាន់សម្តេច ហ៊ុន សែន។ 
 
មិនមែនមានតែលោក យ៉ង សាំងកុមារ ម្នាក់ទេ លោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកកសិកម្មដែរនោះ ក៏បានសរសេរលិខិត២ ជូនទៅសម្តេច ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងដើម្បីសុំចូលបម្រើការងារជាមួយរដ្ឋាភិបាលក្នុងវិស័យកសិកម្មដែរ។ ទាំងកាលបរិច្ឆេទ ទាំងខ្លឹមសារក្នុងលិខិតទាំង២របស់លោក ឡឹក សុធារ គឺដូចគ្នាទាំងស្រុងនឹងលិខិតរបស់លោក យ៉ង សាំងកុមារ។ 
 
សារព័ត៌មានថ្មីៗ (Thmeythmey) ហៅទូរស័ព្ទជាច្រើនដងទៅសុំការបំភ្លឺផ្ទាល់ពីលោក យ៉ង សាំងកុមារ តែលោក មិនលើកទទួលការហៅចូល។ ឯលោក ឡឹក សុធារ សុំមិនឆ្លើយតបអ្វីទាំងអស់។ ថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដូចជា លោក យ៉េង វីរៈ ជាប្រធាន និងលោក សាម អ៊ីន ជាអគ្គលេខាធិការ ជាដើម ក៏មិនលើកទទួលការហៅចូលដែរ។

លិខិតរបស់លោក យ៉ង សាំងកុមារ និងលិខិតរបស់លោក ឡឹក សុធារ ត្រូវបានផ្សាយដោយសារព័ត៌មានហ្វ្រេសញូ (Fresh News) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ហ្វ្រេសញូ អះអាងថា ស្ថាប័នខ្លួន បានទទួលលិខិតរបស់លោក យ៉ង សាំងកុមារ និងលិខិតរបស់លោក ឡឹក សុធារ ពីខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 
 
តើឯកឧត្តម មានទទួលបានព័ត៌មានផ្លូវការអំពីលិខិតរបស់លោក យ៉ង សាំងកុមារ និងលិខិតរបស់លោក ឡឹក សុធារ ដែលសរសេរជូនសម្តេច ហ៊ុន សែន ដើម្បីសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែរឬទេ? លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបនឹងសារព័ត៌មានថ្មីៗយ៉ាងខ្លីថា៖«មែនហើយ អ៊ីចឹងមែនហើយ»។ តើសម្តេច នឹងសម្រេចយ៉ាងណាចំពោះការស្នើសុំរបស់អ្នកទាំង២? អ្នកនាំពាក្យគណបក្សកាន់អំណាច ឆ្លើយបន្តទៀតថា៖«អត់មានបញ្ហាអីទេ យើង ស្វាគមន៍ទាំងអស់ […]»។
 
លោក យ៉ង សាំងកុមារ ជាស្ថាបនិកម្នាក់ក្នុងការចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីឆ្នាំ២០១៥។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ តែពុំទទួលបានអាសនៈក្នុងរដ្ឋសភាឡើយ ហើយក៏បានចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះដែរ ដោយទទួលបាន៦អាសនៈ។ គណបក្សនេះ ត្រូវបានគេចាត់ទុកថា ជាគណបក្សដែលប្រមូលផ្តុំដោយក្រុមបញ្ញវន្ត៕ 
 
 

Tag:
 ព័ត៌មានជាតិ៖ នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com