ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ង សាំងកុមារ បញ្ជាក់ថា ពិតជាមានចេតនាចូលក្នុងរដ្ឋាភិបាល តែមិនទាន់សម្រេចចិត្តផ្លូវការ
27, Nov 2022 , 7:05 pm        
រូបភាព
លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (លើកដៃ) និងលោក យ៉េង វីរៈ ជាប្រធានគណបក្ស (រូបពីទំព័រហ្វេសប៊ុករបស់លោក យ៉ង សាំងកុមារ)
លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (លើកដៃ) និងលោក យ៉េង វីរៈ ជាប្រធានគណបក្ស (រូបពីទំព័រហ្វេសប៊ុករបស់លោក យ៉ង សាំងកុមារ)
បណ្ឌិតកសិកម្ម លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានបំភ្លឺជុំវិញការផ្ទុះព័ត៌មានអំពីលិខិតរបស់លោក ដែលសរសេរទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសុំចូលបម្រើការងារក្នុងជួររដ្ឋាភិបាលលើវិស័យកសិកម្ម។


មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖«តាមពិតខ្ញុំ ពិតជាមានចេតនាចូលរួមជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាកសិកម្ម បញ្ហាស្រូវអង្ករហ្នឹង»។

លោក បន្តថា លោក ក៏បានត្រៀមសំបុត្រ (លិខិត) រួចហើយដែរ។ សំបុត្រនេះ ទំនងជាលោក ចង់សំដៅលើលិខិត ដែលលោកត្រៀមសម្រាប់ជូនទៅសម្តេច ហ៊ុន សែន ដើម្បីសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងជាមួយរដ្ឋាភិបាល។

យ៉ាងណា លោក អះអាងថា សំបុត្រនោះ មិនទាន់ជាផ្លូវការនៅឡើយទេ ព្រោះលោក ត្រូវការជួបជាមួយសម្តេច ហ៊ុន សែន ដើម្បីជជែកពីចេតនា និងផែនការរបស់លោកឲ្យច្បាស់លាស់ជាមុនសិន មុនលោក សម្រេចចិត្តចូលរួមជាមួយគណបក្សកាន់អំណាច និងរដ្ឋាភិបាល។ លោក សង្កត់ធ្ងន់ត្រង់កន្លែងនេះថា៖«បើខ្ញុំសម្រេចចិត្ត វានឹង [ក្លាយ] ទៅជាផ្លូវការ នៅថ្ងៃទី២ធ្នូ តែមកដល់ពេលនេះ ខ្ញុំទាន់បានជួបសម្តេចទេ»។

ក្នុងលិខិត ដែលផ្ញើជូនសម្តេច ហ៊ុន សែន ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានហ្វេ្រសញូ ក្នុងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក យ៉ង សាំងកុមារ ជម្រាបសម្តេចថា លោក នឹងចាប់ផ្តើមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២តទៅ។ គេ មិនទាន់បានឃើញសេចក្តីសម្រេចពីសម្តេច ហ៊ុន សែន លើសំណើសុំចូលរួមរបស់លោក យ៉ង សាំងកុមារ នោះទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗយ៉ាងខ្លីថា គណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍គ្រប់អ្នកដែលចង់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឲ្យតែអ្នកនោះ អនុវត្តតាមគោលនយោបាយរបស់គណបក្ស។

មិនមែនមានតែលោក យ៉ង សាំងកុមារ ម្នាក់ទេ គេ ក៏ឃើញមានលិខិតរបស់លោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែរ ដែលផ្ញើជូនសម្តេច ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងដើម្បីចូលបម្រើការងារជាមួយរដ្ឋាភិបាលលើវិស័យកសិកម្ម។ លោក ក៏ជាអ្នកជំនាញផ្នែកកសិកម្មដែរ ដោយបានរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកកសិកម្ម។

ពាក់ព័ន្ធនឹងព័ត៌មាន ដែលលោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ សុំចូលទៅក្នុងរដ្ឋាភិបាលនេះ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចេញមកអំពាវនាវដល់សមាជិក-សមាជិកាគណបក្ស និងអ្នកគាំទ្រ ឲ្យរក្សាភាពស្ងៀមស្ងាត់សិន។ ការអំពាវនាវរបស់ ធ្វើឡើងតាមរយៈវីដេអូឃ្លីបខ្លីមួយ។ 

លោក យ៉ង សាំងកុមារ ជាស្ថាមនិកម្នាក់ ក្នុងចំណោមស្ថាបនិកផ្សេងទៀត ជាក្រុមបញ្ញវន្ត ដែលបានរួមគ្នាបង្កើតគណបក្សប្រជាធិបតេយ្យប្រជាធិបតេយ្យមូលដ្ឋានឡើង នៅឆ្នាំ២០១៥៕

អត្ថបទទាក់ទង

Tag:
 យ៉ង់ សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com