ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ មេឃុំអណ្ដូងទឹក អះអាងថាការផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រ ធ្វើឡើងយ៉ាងយុត្តិធម៌
28, Nov 2022 , 8:30 am        
រូបភាព
​ដោយ៖ ឈិន យួន(យុវជនឃុំអណ្ដូងទឹក)

ស្រុកបទុមសាគរ, កោះកុង៖ អាជ្ញាធរឃុំអណ្ដូងទឹក ចុះសិក្សា និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋាដែលត្រូវទទួលបានបណ្ណក្រីក្រ។ ការផ្ដល់បណ្ណក្រីក្រប្រកបដោយយុត្តិធម៌ មិនមានភាពលម្អៀង ឬឱ្យតាមការស្នើសុំរបស់ពលរដ្ឋនោះទេ។ នេះបើតាមលោក ឃៀង យិង មេឃុំអណ្ដូងទឹក។


លោក ឃៀង យិង បានរៀបរាប់ថា ក្នុងឃុំអណ្ដូងទឹក មានប្រជាពលរដ្ឋសរុប ១ ៥១៣គ្រួសារ ស្មើនឹង ៦ ៧២១នាក់ ក្នុងនោះគ្រួសារក្រកម្រិត១ មានចំនួន ១៧០គ្រួសារ និង ក្រកម្រិត២ មានចំនួន ៣២៥គ្រួសារ។ អាជ្ញាធរឃុំ នៅតែបន្តសិក្សាស្វែងរក ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងក្រីក្របន្តបន្ទាប់ទៀត។
 
សម្រាប់ប្រជាពលរដ្ឋដែលអាចទទួលបានបណ្ណក្រីក្រ គឺក្រុមការងារឃុំ បានចុះទៅដល់ផ្ទះគោលដៅនីមួយៗ ដើម្បីសិក្សា និងសម្ភាសពួកគេជាក់ស្ដែក ពីជីវភាពរស់នៅរបស់ពួកគេប្រចាំថ្ងៃ។ លោក ឃៀង យិង លើកឡើងបែបនេះ  ហើយបញ្ជាក់ថា៖ «យើងពិនិត្យមើលតាមស្ថានភាពគ្រួសារ មិនមែនចេះតែតាមសំណើផ្ទាល់មាត់ទេ។ មុននឹងឱ្យពួកគាត់ (អាជ្ញាធរ) ត្រូវពិនិត្យផ្ទះសម្បែង សម្ភារប្រើប្រាស់ពិតជាអត់មែនឬទេ? ហើយស្របតាមលក្ខខណ្ឌ  រដ្ឋាភិបាលឱ្យ ឬក៏អត់?»។
 
មេឃុំអណ្ដូងទឹករូបនេះ បន្ថែមថា បណ្ណក្រីក្រមាន ២ប្រភេទគឺ កម្រិតក្រ១ ជាអ្នកដែលជីវភាពគ្រួសារអត់មានអ្វីហូប រកព្រឹកខ្វះល្ងាច ជីវភាពគ្រួសារទីទ័ល។ កម្រិតក្រ២ អ្នកមានជីវភាពគ្រាន់បើជាងក្រ១ បន្តិច។ ចំពោះបណ្ណក្រីក្រនេះ មានអត្ថប្រយោជន៍ច្រើន ដល់ប្រជាពរដ្ឋដែលមានជីវភាពលំបាក គឺអាចជួយសម្រាលបន្ទុកឱ្យពួកគេបានខ្លះ បើទោះបីមិនបានទាំងស្រុកក៏ដោយ។ ម្យ៉ាងទៀត អាចជួយពួកគេទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយឥគិតថ្លៃ ដូច្នេះកាត់បន្ថយការចំណាយពួកគេបានច្រើន។ លោក ឃៀង យិង បញ្ជាក់ថា៖«ពួកគាត់ ទៅព្យបាលនៅពេទ្យ ទៅទទួលសេវានៅឃុំ និងប៉ុស្ដិ៍រដ្ឋបាល គេអត់យកលុយពីគាត់ទេ។ ​​​​​​​​​​​​​​​​ មានតែគេឱ្យលុយពួកគាត់ធ្វើដំណើរមកវិញ។ អ្នកបានបណ្ណនេះ អត់កំណត់អាយុទេ បើសម្ភាសគាត់ជាប់ គឺគាត់អាចទទួលបានបណ្ណហើយ»។ 
 


 
ការផ្ដល់បណ្ណក្រីក្រនៅក្នុងឃុំអណ្ដូងទឹក មានភាពយុត្តិធម៌ មិនលម្អៀង ឬឱ្យតាមខ្សែរយៈនោះទេ គឺអាជ្ញាធរឃុំតែងតែចុះទៅសិក្សា ពិនិត្យមើលផ្ទះរបស់ប្រជាពលរដ្ឋផ្ទាល់ ថាតើពលរដ្ឋជាបុគ្គល ឬគ្រួសារនោះ ពិតជាក្រមែនដែរឬទេ? ត្រង់ចំណុចនេះ មិនមែនឃុំចុះមើលតែមួយដងហើយចប់នោះទេ គឺមានជាច្រើនដំណាក់កាល មុនចេញបណ្ណក្រីក្រឱ្យពួកគេ។ នេះជាការបញ្ជាក់បន្ថែម របស់លោកមេឃុំ។
 
បើតាមលោក យិង អ្នកមានជីវភាពក្រីក្រ ឆ្នាំ២០២២ បើធៀបឆ្នាំ២០២១ មានការកើនឡើង។ បច្ចុប្បន្នឃុំ កំពុងសិក្សាលើអ្នកមានជីវភាពក្រីក្របន្ថែម ដូច្នេះអាចនឹងមានជាបន្តបន្ទាប់ទៀត​។ កន្លងមកអ្នកក្រខ្លះអាចទៅធ្វើការសំណង់ និងការងារផ្សេងៗទៀត នៅក្នុងមូលដ្ឋាន ប៉ុន្តែដោយសារវិបត្តកូវីដ-១៩ វិស័យសំណង់នេះ មានការថយចុះ ធ្វើឱ្យអ្នកខ្វះខាតច្រើននៅក្នុងឃុំ។
 
អ្នកស្រី សោម ហៀង ពលរដ្ឋរស់នៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង មានសមាជិកគ្រួសារ ៤នាក់ ក្នុងនោះមានកូនក្នុងបន្ទុកម្នាក់ និង ២នាក់ទៀតបានទៅការរោងចក្រ និងស៊ីឈួលដឹកអីវ៉ាន់។ អ្នកស្រីជាពលរដ្ឋក្រីក្រកម្រិត ២ ដោយទទួលបានថវិកាជាង ១៣ម៉ឺនរៀល។
 


 
បណ្ណក្រីក្រនេះ លោកមេឃុំ បានចុះពិនិត្យមើលផ្ទះបុគ្គលដែលមានជីភាពខ្វះខាត ដោយផ្ទាល់ បើបុគ្គលនោះរស់នៅលំបាក និងមានការខ្វះខាតពិតមែន ឃុំផ្ដល់បណ្ណក្រីក្រឱ្យពួកគេ។ នេះបើតាមអ្នកស្រី ហៀង រួចបញ្ជាក់ថា៖ «ខាងឃុំ គាត់ចុះមកស្រង់ឈ្មោះ និងសម្ភាសខ្ញុំខ្លួនឯង មិនមែនខ្ញុំទៅសុំគាត់ផង។ ឃុំគាត់ឃើញផ្ទះខ្ញុំខ្វះខាត ទើបគាត់ធ្វើបណ្ណហ្នឹងឱ្យខ្ញុំ»។ 
 
ពលរដ្ឋឃុំជីមាលរូបនេះ បានរៀបរាប់ថា បណ្ណក្រីក្រ បានជួយសម្រាលបន្ទុកច្រើន សម្រាប់ចាយវាយប្រចាំខែ ដូចជាទិញ អង្ករ អំបិល ប៊ីចេង ម្រេច ខ្ទឹមជាដើម។ បន្ថែមពីនេះ នៅពេលអ្នកស្រីទៅពេទ្យ ទៅទទួលសេវានៅសាលាឃុំ និងប៉ុស្ដិ៍នគរបាលរដ្ឋឃុំ មិនត្រូវបានបង់ប្រាក់នោះទេ។
 
បើតាមការសង្កេតរបស់អ្នកស្រី មេឃុំបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ មិនថាអ្នកមាន អ្នកក្រនោះទេ ពួកគាត់ស្វាគមន៍ និងរួសរាយរាក់ទាក់។ ទន្ទឹមនឹងនេះ អ្នកស្រីបានស្នើឱ្យអាជ្ញាធរប្រកាន់ភ្ជាប់នូវសីលធម៌ និងសុជីវធម៌ល្អ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងឃុំគោរពស្រឡាញ់កាន់តែច្រើន៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ផ្ដល់បណ្ណក្រីក្រ
  បូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com