ជាតិ
លោក យ៉ង សាំងកុមារ លើកសំណើ១២ចំណុច ទៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាស្រូវអង្ករ
28, Nov 2022 , 11:00 am        
រូបភាព
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងដាក់សំណើ១២ចំណុច ទៅកាន់រដ្ឋាភិបាល ដើម្បីពិភាក្សាដោះស្រាយបញ្ហាស្រូវអង្ករកម្ពុជា។ ការដាក់សំណើនេះ ធ្វើឡើងក្រោយពេល លោក ស្នើសុំចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសស្រូវអង្ករ កាលពីថ្ងៃទី២៣ វិច្ឆិកា។


លោក យ៉ង សាំងកុមារ ចង់ឃើញកសិករមានសមត្ថភាពផលិតស្រូវ ដែលមានគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ជាមួយថ្លៃដើមទាប និងទទួលបានតម្លៃសមរម្យ។ ជាពិសេសរោងម៉ាស៊ីនកិនស្រូវ ទទួលបានស្រូវល្អក្នុងតម្លៃសមរម្យ សម្រាប់កែច្នៃលក់មកកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
  

លោក យ៉ង សាំង កុមារ បានច្រូតស្រូវដោយផ្ទាល់ជាមួយកសិករ។ រូបពី ហ្វេសបុករបស់លោក 
 
អ្នកជំនាញកសិកម្មរូបនេះ បានសររសេរលើហ្វេសប៊ុកផ្លូវការខ្លួន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាថា បច្ចុប្បន្ន កសិករដាំស្រូវ កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ទើបលោកចង់សហការជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនកសិករ តាមរយៈសំណើរសំខាន់ៗចំនួន១២ចំណុច។ 
 
ចំពោះ សំណើរទី១ លោក ចង់ឱ្យរដ្ឋាភិបាល ពង្រឹង និងពង្រីកការស្រាវជ្រាវផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវសុទ្ធល្អ ដល់កសិករ ជាពិសេស ពូជដែលមានតម្រូវការខ្ពស់លើទីផ្សារ។ ទី២ បណ្ដុះបណ្ដាល និងផ្ដល់យោបល់ដល់កសិករ ជុំវិញការប្រើប្រាស់ពូជ ធាតុចូល និងការគ្រប់គ្រង ក្រោយពេលប្រមូលផល និងទី៣ រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិករអ្នកផលិតស្រូវ ដោយធ្វើបច្ចុប្បន្នភាពរៀងរាល់រដូវ។ 
 
ទី៤ ពង្រឹងសហគមន៍កសិករអ្នកផលិតនៅតាមភូមិ ឃុំ ដោយមានកន្លែងប្រមូលផ្ដុំ កន្លែងសម្ងួត និងឃ្លាំងស្តុកស្រូវ។ ទី៥ រៀបចំឲ្យមានប្រព័ន្ធទិន្នន័យរោងម៉ាស៊ីនស្រូវ ដោយសហការណ៍ជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ទី៦ សម្របសម្រួលឲ្យមានការសហការណ៍ និងកិច្ចសន្យារវាងសហគមន៍កសិករនិងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនជំនួញស្រូវអង្ករ។ 
 
ទី៧ កំណត់ស្តង់ដារ យន្តការត្រួតពិនិត្យ ការបញ្ជាក់គុណភាពស្រូវ និងការកំណត់តម្លៃអប្បបរមាស្រូវតាមប្រភេទពូជ ដូចជា ពូជក្រអូបប្រណីត, ក្រអូបធម្មតា និងពូជស្រូវប្រាំងធម្មតា។ ទី៨ ធ្វើការជាមួយធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីបង្កើនទុនដល់រោងម៉ាស៊ីន ក្រុមហ៊ុនជំនួញស្រូវអង្ករ និងសហគមន៍កសិករ។ 
 
ទី៩ រៀបចំឲ្យមានគណៈកម្មាធិការដឹកនាំគម្រោង (Project Steering Committee) នៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ។ ទី១០ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ទទួលខុសត្រូវលើការអនុវត្តគម្រោង ដោយមានមន្រ្តីកសិកម្ម ធ្វើការផ្ទាល់ជាមួយកសិករ និងអាជ្ញាធរមូលដ្ឋាន។ 
 
ទី១១ រៀបចំឲ្យមានប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃគម្រោងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងទី១២ ប្រើប្រាស់ថវិកាជាតិ និងថវិកាមកពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអនុវត្តគម្រោង។ ក្រៅពីនេះ លោក យ៉ង សាំងកុមារ ក៏បានលើកយកបញ្ហាអាទិភាព ២ចំណុចទៀតផងដែរ ដូចជា ការធ្វើប្រព័ន្ធធារាសាស្រ្ត និងគ្រឿងយន្តកសិកម្ម ជាដើម។ 
 
បើតាម អ្នកជំនាញកសិកម្មរូបនេះ សំណើទាំង១២ខាងលើ នឹងត្រូវលើកយកទៅពិភាក្សា ដើម្បីសុំការឯកភាពជាផ្លូវការពីរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាស្រូវអង្ករ។«គ្រួសារកសិករខ្មែរដែលភាគច្រេីនបំផុតជាកសិករអ្នកធ្វេីស្រែ កំពុងជួបការលំបាកជាច្រេីនដែលបញ្ហានេះ នាំមកនូវផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិយេីងទាំងមូល។ យេីងត្រូវការសហការគ្នាដេីម្បីចូលរួមដោះស្រាយបញ្ហាកសិករតាមគោលការណ៍ទុក្ខវេទនារបស់កសិករជាទុក្ខវេទនារបស់ជាតិទាំងមូល»។ នេះបើតាមលោក កុមារ ដែលបានប៉ានប្រមាណថា សំណើទាំង១២នេះ នឹងអាចជួយកសិករខ្មែរជាង  ១ លានគ្រួសារឱ្យបានល្អប្រសេីរ ។ សំណើទាំងនេះត្រូវបានប្រើពេលយ៉ាងតិច៥ឆ្នាំ ដើម្បីអនុវត្តន៍ផែនការបានទូទាំងប្រទេស។
សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក យ៉ង សាំងកុមារ ជុំវិញសំណើនេះឡើយ៕
    
 

Tag:
 កសិកម្ម
  លោក យ៉ង សាំកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com