ជាតិ
សម្ដេច ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ ពិភាក្សាលើបញ្ហាកសិកម្ម
28, Nov 2022 , 1:08 pm        
រូបភាព
ដូចការគ្រោងទុក សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាជាមួយលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជាអតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរសៀលថ្ងៃទី២៨ វិច្ឆិកានេះ។


ក្នុងសម្លៀកបំពាក់បែបសាមញ្ញ ដោយមានបង់ក នឹងក្រមា លោក យ៉ង សាំងកុមារ អមជាមួយមន្ត្រីជិតស្និទ១រូបទៀត គឺលោក ឡឹក ទិត្យសុធារ ដែលជាអតីតមន្ត្រីជាន់ខ្ពស់បក្ស GDP ដែរនោះ បានជួបពិភាក្សាជាមួយសម្ដេច ។ តាមរយៈរូបភាព៦សន្លឹក ក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន មិនបានបញ្ជាក់ឱ្យច្បាស់ពីរបៀបវារៈអ្វីឡើយ។

ប៉ុន្តែមុនជំនួបនេះ លោក យ៉ង សាំងកុមារ បានសរសេរលើហ្វេសប៊ុកផ្លូវការថា លោកនឹងលើកយកសំណើ១២ចំណុច ទៅពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ដើម្បីរកដំណោះស្រាយលើបញ្ហាស្រូវ អង្ករ របស់ប្រជាកសិករ ដែលកំពុងជួបប្រទះបញ្ហាធ្លាក់ថ្លៃ។

ក្រៅពីវត្តមានអតីតមន្ត្រីជាន់ខ្ពស់បក្សGDPទាំងពីររូបនេះ គេក៏ឃើញមានលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅក្នុងជំនួបនេះដែរ។

Tag:
 ហ៊ុន សែន
  កសិកម្ម
  នយោបាយ
  យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com